COVID-19
ជាតិ
សុខភាព
វិធី​៦​យ៉ាង​ដើម្បី​បញ្ចៀស​ជំងឺ​បាក់​ទឹកចិត្ត ភ័យខ្លាច​/​ថប់​បារម្ភ ក្នុងស្ថានភាព​កូ​វីដ​-១៩
25, Jul 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ក្នុង​ពិភពលោក បានផ្តល់​ផល​អវិជ្ជមាន​ជាខ្លាំង​លើ​សុខភាព​ផ្លូវចិត្ត ពិសេស​បង្ក​ជា​ជំងឺ​បាក់​ទឹកចិត្ត (Depression) ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ (Anxiety Disorders) លើ​មនុស្ស​គ្រប់​វ័យ​។ នេះ​បើ​យោងតាម របាយការណ៍​ស​ង្ខ​បរ​បស់​អង្គការ​សហ​ប្រជាជន​ស្តីពី​«​គោលនយោបាយ​សង្ខេប កូ​វីដ​-១៩​និង​តម្រូវ​ការធ្វើសកម្មភាព​សម្រាប់​សុខភាព​ផ្លូវចិត្ត​»​។

 
​របាយការណ៍​ដែល​ស្រង់​ដោយ​ក្រសួងសុខាភិបាល​ចុះផ្សាយ​នៅ​ថ្ងៃទី​២១​កក្កដា ឆ្នាំ​២០២០ បាន​បង្ហាញថា​ពលរដ្ឋ​ដែល​ជំងឺ​បាក់​ទឹកចិត្ត និង​ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ ដោយសារតែ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នោះ មាន​កើន​ឡើងដល់​៣​ដង ដែលមាន​អត្រា​ប្រេ​វ៉ាឡង់​កើន​ពី​៣៥​ទៅ​៦០​ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ​។​
 
​ដើម្បី​បង្ការ​ខ្លួន​កុំឱ្យ​កើត​ជំងឺ​ទាំងនេះ ដោយ​តែ​ឥទ្ធិពល​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​-១៩​នោះ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវអនុវត្ត​សកម្មភាព​ភាព​ប្រចាំថ្ងៃ​៦​ចំណុច តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចខាងក្រោម​៖
 
​ចំណុច​ទី​១៖ ប្រជាពលរដ្ឋ​ត្រូវ​ពិចារណា​ក្នុងការ​ទទួលយក​ព័ត៌មាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ពិសេស​នៅលើ​ហ្វេ​ស​ហ៊ុ​ក​(Facebook)​។​
 
​ចំណុច​ទី​២៖ ពលរដ្ឋ​ត្រូវ​កាត់បន្ថយ​ការតាមដាន​ឬ​ប្រមាញ់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ (​ការមើល ការអាន ការ​ស្តាប់​) ដែល​អាចធ្វើ​ឱ្យមាន​អារម្មណ៍​ភ័យខ្លាច តក់ស្លុត​។ ជាការ​ល្អ​បំផុត លោក​-​អ្នក ត្រូវ​កំណត់​ពេលវេលា​មើល អាន និង​ស្តាប់ ព័ត៌មាន​ដែល​និយាយ​អំពី​កូ​វីដ​-១៩​នោះ ត្រឹម​មួយ​ទៅ​ពីរដង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​គិត​ឱ្យបាន​ល្អិតល្អន់​ពី​ប្រភពព័ត៌មាន​ទាំងនោះ​ដោយ​ប្រាកដថា អ្នកនឹង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ពិតប្រាកដ និង​ច្បាស់លាស់​។ ដូចជា​៖ លោក​-​អ្នក អាច​ទូរ​សព្ទ​ទៅ​លេខ​១១៥ របស់​ក្រសួងសុខាភិបាល​, តាមដាន​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឬ​គេហទំព័រ របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​។​
 
​ចំណុច​ទី​៣៖ ពលរដ្ឋ​ត្រូវអនុវត្ត​វិធី​ប្រុងប្រយ័ត្ន​យ៉ាង​ស្ងៀមស្ងាត់ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​គិតគូរ​ឱ្យបាន​ដិតដល់​។ ពិសេស​គឺ​មិនត្រូវ​ចូលរួម​ការផ្សព្វផ្សាយ​ភាព​ស្លន់ស្លោ ឬ​ចូលរួម​បញ្ជូន​ព័ត៌មាន​ដែល​មិន​ពិត ប្រឌិត ក្លែងបន្លំ​។ ពិសេស​ធ្វើឱ្យ​ប្រាកដថា លោក​-​អ្នកនឹង​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ដំបូន្មាន​របស់​ក្រសួងសុខាភិបាល និង​រក្សាបាន​នូវ​ទម្លាប់​អនាម័យ​ល្អៗ​។ 
 
​ចំណុច​ទី​៤៖ លោក​-​អ្នក ត្រូវ​បង្ហាញ​ក្តីមេត្តា និង​ចិត្ត​ទូលាយ​ចំពោះ​អ្នកដទៃ ព្រោះ​ទង្វើ​បែ​បម​នេះ​គឺមាន​សារៈសំខាន់​ណាស់ ដែល​គ្រប់គ្នា​ត្រូវ​ពង្រឹងស្មារតី​ជួយ​គ្នា ដោយ​ចូលរួម​និង​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ពេលវេលា​ភ័យខ្លាច​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​។​

​ចំណុច​ទី​៥៖ លោក​-​អ្នក​គឺ​ត្រូវ​សកម្ម​តាមដាន និង​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​។ ត្រូវ​រក្សា​ទំនាក់​ទំនងជា​គ្រួសារ មិត្តភក្តិ (​ទោះបី​មិនបាន​ជួប​ផ្ទាល់​ក៏ដោយ​) ត្រូវធ្វើ​សកម្មភាព​ជាប្រចាំ​ដូចជា ធ្វើ​លំ​ហាត់ប្រាណ​ជាដើម​។ ពិសេស​ត្រូវ​បរិភោគ​ចំណីអាហារ​ណា​ដែលមាន​ជីវជាតិ និង​ត្រូវ​រក​ការគាំទ្រ​ពី​អ្នកផ្តល់​ប្រឹក្សា ឬ​មន្ត្រី​សុខាភិបាល​ថែមទៀត បើសិនជា​ចាំបាច់​។​
 
​ចំណុច​ទី​៦៖  លោក​-​អ្នក ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺផ្លូវចិត្ត ឬ​អ្នកជំនាញ​ផ្លូវចិត្ត បើសិន​ជាមាន​អារម្មណ៍​អស់សង្ឃឹម ឬ​ភ័យ​/​ថប់​អារម្មណ៍​កាន់តែខ្លាំង ក្នុង​រយៈពេល​លើសពី ២​សប្តាហ៍​៕ 

Tag:
 ជំងឺ​បាក់​ទឹកចិត្ត​
  ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com