COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អនុប្រធាន IOC៖ ជប៉ុន​ត្រូវ​គិតគូរ​អត្ត​ព​លិ​ក​ជាសំខាន់ នៅ​អូឡាំពិក​តូ​ក្យូ​ឆ្នាំ​២០២០
24, Jul 2020 , 10:59 pm        
រូបភាព
លោក John Coates អនុប្រធាន IOC
លោក John Coates អនុប្រធាន IOC
​លោក John Coates មន្ត្រីជាន់ខ្ពស់​អូឡាំពិក បានបញ្ជាក់​ជាថ្មី​ថា ទីក្រុង​តូ​ក្យូ​ត្រូវតែ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ដោយ​រលូន​នៅ​ឆ្នាំក្រោយ ដោយ​យកសុខ​ភាព និង​សុវត្ថិភាព​អត្ត​ព​លិ​ក​ជាធំ​ក្នុង​ផែនការ​អូឡាំពិក​។​


Coates គឺជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដែល​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ឆ្នាំ ២០២១ ដោយសារ​ជំងឺ​រាតត្បាត COVID-19​។​
 
​ជា​អនុប្រធាន IOC ផង បុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ បាន​សរសេរ​ទៅកាន់​កាសែត Daily Telegraph នៅ​ថ្ងៃទី​២៤ ខែកក្កដា​នេះ​ថា ដំណឹង​ល្អ​គឺ​កន្លែង​ប្រកួត​កីឡា​អូឡាំពិក​ទាំង​៤២​ទីតាំង បានរៀបចំ​ឡើងវិញ​ហើយ​។ ប៉ុន្តែ​យើង​ត្រូវតែ​កាត់បន្ថយ​ការចំណាយ​ពី​ផលប៉ះពាល់​នៃ​ការពន្យារពេល ក៏ដូចជា​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ព្រឹត្តិការណ៍​កីឡា​នេះ ដើម្បី​ធានាថា​ពួកគេ​អាច​រៀបចំ​ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​និរន្តរភាព​នៅក្នុង​បរិបទ​ថ្មី​នៃ COVID-19 នេះ​។​
 
​លោក Coates សង្កត់ធ្ងន់​ទៀតថា ការដាក់ចេញ​វិធានការ​ប្រឆាំង COVID-19 មិនមែនជា​រឿង​ងាយស្រួល​ទេ បើ​ទោះ​នៅសល់​ពេល​១​ឆ្នាំ​ទៀត ប៉ុន្តែ​លោក​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល​ពី​រដ្ឋាភិបាល​ជប៉ុន ក៏ដូចជា​អភិបាលក្រុង​តូ​ក្យូ និង​គណៈ​ក​ម្មា​ធិ​រៀបចំ​កម្មវិធី​កីឡា​នេះ​ក្នុងការ​សម្រេច​វា​ឲ្យ​បាន​ជោគជ័យ​។​
 
«IOC និង​ដៃគូ​ជប៉ុន​របស់​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ផ្តល់​ភាពប្រាកដប្រជា មិន​ត្រឹមតែ​ដំណើរការ​កីឡា​អូឡាំពិក​នៅ​ឆ្នាំក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អត្ត​ព​លិ​ក​នៅតែ​ជា​រឿង​ចម្បង និង​សំខាន់បំផុត​នៅក្នុង​ផែនការ​របស់​យើង​»​។ នេះ​ជាការ​បញ្ហា​ក់​បន្ថែម​របស់លោក Coates ដោយ​បង្ហាញ​ពី​ការគិតគូ​ដល់​សុខភាព និង​សុវត្ថិភាព​អត្ត​ព​លិ​ក​ដែល​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិ​ភ​លោក​មួយ​នេះ​។​
 
​ដោយសារតែ ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បាន​បង្ខំ​ឲ្យ​ជប៉ុន​ពន្យារពេល រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ រយៈពេល​មួយឆ្នាំ ពោលគឺ​ត្រូវ​ទៅធ្វើ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ វិញ​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​មាន​ក្រុមហ៊ុន​ឱសថ​ឯកជន​ចិន​មួយ​ឈ្មោះ Sinovac បាន​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 មួយ​ប្រភេទ ហើយ​បាន​ឈានដល់​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​៣ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នោះ បានធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹមថា​ព្រឹត្តិការណ៍​នេះ នឹង​ដំណើរការបាន​ដោយ​រលូន​។​
 
​រហូតមកទល់​ពេលនេះ ជប៉ុន​មាន​ករណី​ឆ្លង COVID-19 ចំនួន​ជាង ២៧០០០​ករណី ក្នុងនោះ​អ្នកស្លាប់​កើន​ជិត​១​ពាន់​នាក់ និង​សះស្បើយ​ជាង​២​ម៉ឺន​នាក់​៕

Tag:
 កីឡា​អូឡាំពិក​
  IOC
  John Coates
© រក្សាសិទ្ធិដោយ thmeythmey.com