ជាតិ
សង្គមជាតិ
សិស្សសាលា​ឯកជន​៖ ឌី​ប្លូ​ម នៅតែ​ប្រឡង​នៅ​ថ្ងៃ​៣-៤​សីហា ឯ​បាក់​ឌុប ត្រូវ​លើក​ទៅ​ប្រឡង​នៅ​ថ្ងៃ​២៧-២៨​សីហា​វិញ
24, Jul 2020 , 5:59 pm        
រូបភាព
សិស្សានុសិស្សា​កំពុង​អង្គុយត្រៀម​ប្រឡង​បាក់ឌុបនៅ​ក្នុង​បន្ទប់រំ​ប្រឡងកាលពី​សម័យ​ប្រលង​បាក់ឌុប​ឆ្នាំ២០១៩-២០២០ (រូបភាព៖ ញឹក ស្រីល័ក្ខ)
សិស្សានុសិស្សា​កំពុង​អង្គុយត្រៀម​ប្រឡង​បាក់ឌុបនៅ​ក្នុង​បន្ទប់រំ​ប្រឡងកាលពី​សម័យ​ប្រលង​បាក់ឌុប​ឆ្នាំ២០១៩-២០២០ (រូបភាព៖ ញឹក ស្រីល័ក្ខ)
ដោយ:
​ភ្នំពេញ​៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​សេចក្តីណែនាំ​ថ្មី នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ដោយ​កែសម្រួល​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)  សម្រាប់​សិស្សសាលា​ឯកជន នៅ​ថ្ងៃទី​១៧-១៨ ខែសីហា ឆ្នាំ​២០២០ ត្រូវ​លើក​ទៅ​ថ្ងៃទី​២៧-២៨ ខែសីហា ឆ្នាំ​២០២០​វិញ​។

 
​លោក​រដ្ឋមន្ត្រី បញ្ជាក់​ហេតុផល​ថា ដោយសារតែ ១៧-១៨ សីហា ចំ​ថ្ងៃ​ឈប់សម្រាក ទើបបានជា​រដ្ឋមន្ត្រី​អប់រំ ប្រកាស​ប្តូរ​ថ្ងៃ​ប្រឡង​បាក់​ឌុប សម្រាប់​សិស្សសាលា​ឯកជន​។ 
 
​កាលពី​ចូលឆ្នាំ​ខ្មែរ រដ្ឋាភិបាល មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក់​នោះទេ ដូច្នេះ រដ្ឋាភិបាល បានសម្រេច​សង​វិញ ដោយ​ឲ្យ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។ 
 
​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) សម្រាប់​សិស្សសាលា​ឯកជន ដែល​ក្រសួង កំណត់​យក​នៅ​ថ្ងៃទី​៣-៤ ខែសីហា ឆ្នាំ​២០២០ គឺ​នៅតែ​រក្សា​ដដែល ដោយ​មិន​ផ្តាស់​ប្តូរ​ឡើយ​។  
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​ថា លោក​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​សាលា​ឯកជន ដែល​បាន​ចុះឈ្មោះ​រៀបចំ​ដំណើរការ​ប្រឡង​បាក់​ឌុប និង​ឌី​ប្លូ​ម​នោះទេ​។ ក្រសួង តម្រូវ​ឲ្យ​សាលា​ឯកជន បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង មុននឹង​រៀបចំ​ការប្រឡង​។ 
 
​រីឯ ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប សម្រាប់​សិស្សសាលា​រដ្ឋ​វិញ ក្រសួង​អប់រំ បាន​ពន្យារពេល ដោយ​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ថា នឹងត្រូវ​ប្រឡង​នៅពេលណា​ឡើយ​។ អ្នកនាំពាក្យ​ខាងលើ លើកឡើងថា ក្រសួង​អប់រំ នឹង​ជូនដំណឹង​នៅពេល​ក្រោយ អំពី​ការប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​របស់​សិស្សសាលា​រដ្ឋ​។​
 
​ក្រសួង​អប់រំ ស្នើ​ឲ្យ​សិស្សានុសិស្ស បន្ត​ការសិក្សា​តាម​អន​ឡាញ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​៕ 
 

Tag:
 ប្រឡង​
 ​ឌី​ប្លូ​ម​
 ​បាក់​ឌុប​
 ​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com