ជាតិ
សង្គមជាតិ
លោក ងួន ញ៉ិល ទទួលបានគោរមងារជា «កិត្តិនីតិកោសលបណ្ឌិត»
24, Jul 2020 , 11:48 pm        
រូបភាព
លោក ងួន ញ៉ិល ប្រធានទី១នៃរដ្ឋសភា (រូបពីក្រសួងព័ត៌មាន)
លោក ងួន ញ៉ិល ប្រធានទី១នៃរដ្ឋសភា (រូបពីក្រសួងព័ត៌មាន)
តាមការក្រាបបង្គំថ្វាយសូមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ប្រោសព្រះរាជទានគោរមងារជា កិត្តិនីតិកោសលបណ្ឌិត ដល់លោក ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា។ កិត្តិនីតិកោសលបណ្ឌិត ជាគោរមងារកិត្តិយសមួយ នៃរាជបណ្ឌិត្យសភាកម្ពុជា។



នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ដូចគ្នា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក ស៊ឹម កា អនុប្រធានទី១នៃព្រឹទ្ធសភា ក៏ទទួលបានគោរមងារជាកិត្តិនីតិកោសលបណ្ឌិត ពីព្រះមហាក្សត្រដែរ ខណៈលោក ទេព ងន អនុប្រធានទី២នៃព្រឹទ្ធសភា ទទួលបានគោរមងារជាកិត្តិសង្គហបណ្ឌិត។

បុគ្គល៤នាក់ទៀត ដែលទទួលបានគោរមងារជាកិត្តិនីតិកោសលបណ្ឌិតនាពេលកន្លងមក គឺ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និង លោក ប៉ែន បញ្ញា អ្នកតំណាងរាស្រ្ត។ 

កិត្តិនីតិកោសលបណ្ឌិត មកពីពាក្យថា កិត្តិ + នីតិ + កោសល + បណ្ឌិត។

កិត្តិ ប្រែថា សេចក្ដីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ ឬក៏អាចសំដៅលើកិត្តិយស។ នីតិ ប្រែថា ច្បាប់។ កោសល ឬកុសល ប្រែថា ល្អ, ប្រពៃ, បុណ្យ តែក្នុងទីនេះ អាចសំដៅថា ប៉ិនប្រសប់, ឈ្លាសវាងវៃ។

កិត្តិនីតិកោសលបណ្ឌិត មានន័យជារួមថា បណ្ឌិត ដែលមានភាពឈ្លាសវៃ ឬមានជំនាញខ្ពស់ផ្នែកច្បាប់ ហើយប្រកបទៅដោយកិត្តិយសថែមទៀត។

គេហទំព័ររបស់រាជបណ្ឌិត្យសភា សរសេរថា បុគ្គលដែលទទួលបានគោរមងារជាកិត្តិនីតិកោលសបណ្ឌិត គឺជាឥស្សជនខ្មែរ ដែលបានធ្វើការងារបម្រើជាតិ ចាប់ពី៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវស័យច្បាប់ យុត្តិធម៌ និង តុលាការ។ 

រីឯគោរមងារជាកិត្តិសង្គហបណ្ឌិត មានបុគ្គល៣នាក់ហើយ ដែលទទួលបាន។ បុគ្គល២នាក់ទៀត ដែលទទួលបានគោរមងារជាកិត្តិសង្គហបណ្ឌិតកន្លងមក គឺអ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា និង អ្នកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា។

កិត្តិសង្គហបណ្ឌិត មកពីពាក្យថា កិត្តិ + សង្គហ + បណ្ឌិត។

សង្គហ ប្រែថា ការសង្គ្រោះ។

កិត្តិសង្គហបណ្ឌិត មានន័យថា បណ្ឌិតប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ។ 

នៅមានគោរមងារកិត្តិយសផ្សេងទៀត រួមមាន កិត្តិព្រឹទ្ធបណ្ឌិត កិត្តិបរិរក្សបណ្ឌិត និង កិត្តិសង្គហបណ្ឌិត។ 

កិត្តិព្រឹទ្ធបណ្ឌិត ជាគោរមងារកិត្តិយសលំដាប់ទី១ កិត្តិបរិរក្សបណ្ឌិត ជាគោរមងារកិត្តិយសលំដាប់ទី២ ហើយ កិត្តិនីតិកោលសបណ្ឌិត កិត្តិសេដ្ឋាបណ្ឌិត និង កិត្តិសង្គហបណ្ឌិត សុទ្ធតែជាគោរមងារផ្នែកកិត្តិយសលំដាប់ទី៣។

សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត កាលពីឆ្នាំ២០១៣។

កិត្តិព្រឹទ្ធបណ្ឌិត មកពីពាក្យថា កិត្តិ + ព្រឹទ្ធ + បណ្ឌិត។

ព្រឹទ្ធ ប្រែថា អាយុច្រើន ឬសំដៅលើចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ ដែលមានគេគោរពច្រើន។

កិត្តិព្រឹទ្ធបណ្ឌិត មានន័យថា បណ្ឌិតដែលមានអាយុច្រើន ឬបណ្ឌិតជាចាស់ទុំ ហើយថែមទាំងប្រកបទៅដោយកិត្តិយស។  

លោក គាត ឈន់ ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលបានគោរមងារជា កិត្តិបរិរក្សបណ្ឌិត។

កិត្តិបរិរក្សបណ្ឌិត មកពីពាក្យថា កិត្តិ + បរិរក្ស + បណ្ឌិត។

បរិរក្ស ប្រែថា ការគ្រប់គ្រង, ការបីបាច់, ការថែទាំដោយប្រយ័ត្ន ឬសំដៅថា ជនណាមានបរិរក្ស ក្នុងខ្លួន ជននោះ រមែងបានសេចក្ដីចម្រើន។

កិត្តិបរិរក្សបណ្ឌិត មានន័យថា បណ្ឌិតដែលមានសេចក្តីចម្រើនដ៏រុងរឿង ឬបណ្ឌិតដែលមានកិត្តិយស ដោយសារតែមានបរិរក្ស គឺមានការគ្រប់គ្រងដោយប្រយ័ត្ន។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍  និង លោក ឆាយ ថន ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងផែនការ ទទួលបានគោរមងារជា កិតិ្តសេដ្ឋាបណ្ឌិត។

កិត្តិសេដ្ឋាបណ្ឌិត មកពីពាក្យថា កិត្តិ + សេដ្ឋា + បណ្ឌិត។

សេដ្ឋ ឬ សេដ្ឋា ប្រែថា ប្រសើរផុត, ប្រសើរលើសលុប, ឧដុង្គឧត្តម, ខ្ពង់ខ្ពស់។

កិត្តិសេដ្ឋាបណ្ឌិត មានន័យថា បណ្ឌិតដ៏ប្រសើរឬដ៏ឧដុង្គឧត្តម និងប្រកបដោយកិត្តិយស។

ក្រៅពីគោរមងារកិត្តិយស រាជបណ្ឌិត្យសភាកម្ពុជា ក៏មានគោរមងារផ្នែកវិទ្យាសាស្រ្តដែរ។ 

គោរមងារផ្នែកវិទ្យាសាស្រ្តមានតែ២ប៉ុណ្ណោះ គឺអគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ ជាគោរមងារផ្នែកវិទ្យាសាស្ត្រលំដាប់ផុតលេខឬលំដាប់ទី១ និងអគ្គបណ្ឌិតសភាចារ្យ គឺជាគោរមងារផ្នែកវិទ្យាស្ត្រលំដាប់ទី២។

គោរមងារជាអគ្គបណ្ឌិតសភាចារ្យ ត្រូវបានព្រះមហាក្សត្រ ប្រទានទៅឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីអំឡុងខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែ គោរមងារជា អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ នៅមិនទាន់បានទៅលើឥស្សរជនណាឡើយ។

អគ្គបណ្ឌិត​សភាចា​រ្យ មកពី​ពាក្យ អគ្គ + បណ្ឌិត + សភា + អាចារ្យ​។​ ​

អគ្គ ប្រែ​ថា កំពូល​, ខ្ពង់ខ្ពស់​បំផុត​, លើសលុប​, ប្រសើរ​បំផុត​, ផុត​ថ្នាក់​, ផុត​លេខ​។ បណ្ឌិត ប្រែ​ថា ជន​មាន​ប្រាជ្ញា និង​មានចំណេះដឹង​ជ្រៅជ្រះ​។ សភា ប្រែ​ថា ទីប្រជុំ​។ អាចារ្យ ប្រែ​ថា អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ ឬ​គ្រូបង្រៀន​, អ្នក​ប្រៀនប្រដៅ​, អ្នក​ហាត់​មារយាទ​អ្នកដទៃ​។

អគ្គបណ្ឌិត​សភាចា​រ្យ មានន័យថា អាចារ្យ​មួយរូប ដែល​ប្រសើរ​និង​ខ្ពង់​ខ្ពស់បំផុត ក្នុង​ទីប្រជុំ​នៃ​ពពួក​បណ្ឌិត​ទាំងពួង​៕


Tag:
 ងួន ញ៉ិល
  កិត្តិនីតិកោសលបណ្ឌិ
© រក្សាសិទ្ធិដោយ thmeythmey.com