កីឡាជាតិ
ជាតិ
លោក ណាត ប៊ុន​រឿន ឲ្យ​ពិចារណា​ដាក់​ការចូលនិវត្តន៍​របស់​កីឡាករ ក្នុង​ពង្រាងច្បាប់​ថ្មី​របស់​ក្រសួង​អប់រំ
25, Jul 2020 , 9:29 am        
រូបភាព
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា
ដោយ:
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ណាត ប៊ុន​រឿន ជំរុញ​ឲ្យ​ពិចារណា​ដាក់​ការកំណត់​អាយុ​កីឡាករ​ចូលនិវត្តន៍​ក្នុង​មាត្រា ឬ​ជំពូក​ណាមួយ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រប់​វិស័យ​អប់រំ​កាយ​និង​កីឡា​។ លោក​សង្កត់ធ្ងន់ថា ក្រសួង​អប់រំ​ត្រូវ​ផ្តល់​ការងារ ឬ​តួនាទី​ណាមួយ​ដល់​ពួកគេ​ក្រោយ​ដាក់​ឲ្យ​ចូលនិវត្តន៍​។ លោក ស សុខា វាយតម្លៃថា សេចក្តីព្រាងច្បាប់​នេះ​សម្រេចបាន​ប្រមាណ​៦០​ភាគរយ​។   

 
​នា​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​ពីរ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា​កាលពី​ថ្ងៃទី​២៣ កក្កដា លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានបង្ហាញ​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការតាក់តែង​ច្បាប់​ថ្មី​មួយ​នេះ​។ ក្នុងឱកាស​នោះ លោក បាន​ចូលរួម​មតិយោបល់​កែប្រែ និង​ផ្តល់​គំនិតល្អៗ​ចំនួន​៤​ចំណុច ដើម្បី​ជា​ធាតុ​ចូលក្នុង​ការតាក់តែង​ច្បាប់​នេះ​។ 
 
​ត្រង់ចំណុច​មួយ​ក្នុងចំណោម​គំនិត​យោបល់​ទាំងនោះ លោក ណាត ប៊ុន​រឿន ប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ផង​នោះ ជំរុញ​ឲ្យ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ការតាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡា ពិនិត្យ​លទ្ធភាព​ក្នុងការ​កំណត់​អាយុ​កីឡាករ​អាជីព​ចូលនិវត្តន៍​។ លើសពីនេះ លោក​បានស្នើ​ឲ្យ​ពិចារណា​ដាក់​បញ្ហា​នេះ​ក្នុង​ប្រការ ឬ​ជំពូក​ណាមួយ​នៃ​សេចក្តីព្រាងច្បាប់​ខាងលើ​។​


 
​លោក​លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា យើង​គួរ​មានការ​កំណត់​អាយុ​សម្រាប់​កីឡាករ​អាជីព តើ​ការដាក់​ឲ្យ​ចូលនិវត្តន៍​យ៉ាងម៉េច​? គួរ​មានចែង​ក្នុង​ប្រការ ឬ​ជំពូក​ណាមួយ​នៅក្នុង​ច្បាប់​យើង​ដែរ​ទេ​? ព្រោះ​កីឡាករ​អាជីព គេ​មិន​ឲ្យ​លេង​រហូតដល់​អាយុ​៦០​ឆ្នាំ​ដូច​មន្ត្រីរាជការ​ធម្មតា​នោះទេ​។ មន្ត្រីរាជការ​យើង​ដាក់​ឲ្យ​ចូលនិវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ តែ​កីឡាករ​អាជីព​គេ​មិនដែល​ឲ្យ​លេង​ដល់​អាយុ​៦០​ឆ្នាំ​ទេ​»​។​
 
​លោក​សង្កត់ធ្ងន់ថា ក្រសួង​មិនត្រូវ​ទុក​ឲ្យ​កីឡាករ​ដែល​ចូលនិវត្តន៍​ចោល​ឡើយ ពោលគឺ​ច្បាប់​ខាងលើ​ត្រូវ​តាក់តែង​ត្រង់ចំណុច​ណាមួយ​ពី​ការទទួលបាន​ការងារ ឬ​តួនាទី​ក្នុង​សហព័ន្ធ​របស់​ពួកគេ ឬ​ក្នុង​ក្របខណ្ឌ​អប់រំ​កាយ​និង​កីឡា​។ លោក​យល់ថា ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត​កីឡាករ​នោះទេ តែ​វា​បង្ហាញ​ពី​ទំនួល​ខុសត្រូវ និង​ការយកចិត្ត​ទុក​របស់​ក្រសួង​អប់រំ​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​អនុ​ប្រធាគ​ណៈ​កម្ម​ការសិក្សា​ស្រាវជ្រាវ និង​រៀបចំ​ការតាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​បាន​អះអាងថា លោក​បាន​សិក្សា​យ៉ាងច្រើន​ចំពោះ​បញ្ហា​នេះ តែ​ពុំទាន់​រកឃើញ​មាន​ប្រទេស​ណាមួយ​កំណត់​អាយុ​កីឡាករ​ឲ្យ​ចូលនិវត្តន៍​នោះទេ​។ ហើយ​លោក​សង្កេតឃើញថា កីឡាករ​ភាគច្រើន​បានកំណត់​អាយុ​ចូលនិវត្តន៍​ដោយ​ខ្លួនឯង ក្រោម​ហេតុផល​ផ្សេងៗ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក បានបញ្ជាក់​ដូច្នេះ​ថា​៖«​រឿងនេះ​ខ្ញុំ​តាមដាន​នៅក្នុង​អន្តរជាតិ​មិនទាន់​មានកំណត់​ទេ ប៉ុន្តែ​ជាគោលការណ៍​លក្ខណៈ​នៃ​វិទ្យាសាស្ត្រ កីឡាករ​មិនអាច​នៅ​លេង​ដល់​អាយុ​ចូលនិវត្តន៍​នោះទេ​។ ជាក់ស្តែង​លោកស្រី កែ ឡេង ដែលជា​វីរ​កីឡាការិនី​ឆ្នើម ហើយ​មកទល់ពេលនេះ​ពុំទាន់​មាន​អ្នកណា ដែល​អាច​លេង​ឈ្នះ​គាត់​បាន​៤​សម័យកាល​ក្នុងការ​ប្រកួត​ពិភពលោក គាត់​ស្ម័គ្រចិត្ត​ចូលនិវត្តន៍​ខ្លួនឯង​»​។​
 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​គណៈកម្មការ​តាក់តែង​ច្បាប់​ខាងលើ​បាន​អះអាងថា ក្រោយ​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ជិត​១​ឆ្នាំ និង​រៀបចំ​សិក្ខាសាលា​ប្រមូល​ធាតុ​ចូល​ចំនួន​ពីរលើក​រួចមក ដំណើរការ​នៃ​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​សម្រេចបាន​ប្រមាណ​៦០​ភាគរយ​ហើយ​។ លោក​នឹង​យក​សេចក្តីព្រាងច្បាប់​នេះ ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ពិសេស​ក្រសួងយុត្តិធម៌ មុន​ឈានដល់​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា និង​ឡាយព្រះហស្ថលេខា​ពី​ព្រះមហាក្សត្រ​។​

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីហ្វេសប៊ុក
 
​រដ្ឋលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា ការតាក់តែង​ច្បាប់​នេះ​ឡើង​មិនមែន​ដើម្បី​ដាក់​សម្ពាធ​លើ​ស្ថាប័ន​ណាមួយ ឬ​ក្រសួង​ចង់​ក្តោប​ក្តាប់​ការងារ​ម្នាក់ឯង​នោះទេ​។ ផ្ទុយទៅវិញ វា​ជា​យន្តការ​មួយ​ក្នុងការ​កំណែទម្រង់​វិស័យ​អប់រំ​កាយ​និង​កីឡា​ឲ្យ​កាន់​តែមាន​ត្រឹមត្រូវ និង​ងាយស្រួល​គ្រប់គ្រង​ជាង​មុន​។ 
 
​ក្រោយ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ លោក ជឿជាក់ថា រចនាសម្ព័ន្ធ​ចាត់តាំង​មួយចំនួន​នឹងត្រូវ​បាន​បង្កើតឡើង និង​រចនាសម្ព័ន្ធ​មួយចំនួន​ត្រូវបាន​កែលម្អរ​។ លើសពីនេះ វា​នឹង​ក្លាយជា​ប្រទីប​បំភ្លឺ​ផ្លូវ​ក្នុងការ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។  
 
«​វា​ជា​យន្តការ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រុមការងារ​គ្រប់​វិស័យ​អប់រំ​កាយ​និង​កីឡា ក្រោយ​ច្បាប់​នេះ​ត្រូវបាន​អនុ​ម័​យ​ដាក់​ឲ្យ​ប្រើប្រាស់ នោះ​រចនាសម្ព័ន្ធ​ចាត់តាំង​មួយចំនួន​ត្រូវបាន​បង្កើត ហើយ​រចនាសម្ព័ន្ធ​មួយចំនួនទៀត​ត្រូវបាន​កែលម្អ ធ្វើ​ឲ្យ​ការគ្រប់គ្រង​វិស័យ​កីឡា​កាន់​តែមាន​ភាពត្រឹមត្រូវ និង​ខិត​ទៅ​កាន់តែ​ជិត​នៃ​និយមនៃ​ស្តង់ដា​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​។ 
 
​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​មានជំនឿថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​២០២៣​។ 
 
​លោក​លើកឡើងថា​៖«​ខ្ញុំ​យល់ថា ការរៀបចំ​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ​(​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​)​ឲ្យ​ទទួលបាន​ជោគជ័យ​នា​ឆ្នាំ​២០២៣​ខាងមុខ​ជាក់​ជាមិនខាន ហើយក៏​ជាការ​ពង្រឹង​នូវ​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ​និង​កីឡា​របស់​យើង​ឲ្យ​កាន់​តែមាន​លក្ខណៈ​នីតិរដ្ឋ​»​។ 
 
​ទន្ទឹមនឹងនេះ លោក ផ្តល់​ជា​មតិយោបល់​ថា ការតាក់តែង​ច្បាប់​ខាងលើ ត្រូវ​ផ្សារភ្ជាប់​ជាមួយ​រដ្ឋធម្មនុញ្ញ​, គោលនយោបាយ​ជាតិ​ស្តីពី​ការអនុវត្ត​ភាសា​អប់រំ​កាយ​និង​កីឡា​, ច្បាប់​ស្តីពី​ការអប់រំ​, យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​លើកឡើងថា យុវជន​ម្នា​ក់មាន​ជំនាញ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត និង​សេចក្តីណែនាំ ឬ​សេចក្តីសម្រេច​របស់​សន្និសីទ​អន្តរជាតិ​ផ្សេងៗ ដែល​ប្រមូល​ចងក្រង​ដោយ​អង្គការ​យូណេស្កូ​៕

Tag:
 ​ក្រសួង​អប់រំ យុវជន និង​កីឡា​
  ណាត ប៊ុន​រឿន
© រក្សាសិទ្ធិដោយ thmeythmey.com