COVID-19
ជាតិ
ក្រសួងផែនការ រកឃើញ​ពលរដ្ឋ​ជាង​១៩​ម៉ឺន​នាក់​ទៀត ទើប​ធ្លាក់ខ្លួន​ក្រ ក្នុងអំឡុង​កូ​វីដ​-១៩
25, Jul 2020 , 10:55 am        
រូបភាព
ក្រុមការងាររបស់ក្រសួងសង្គមកិច្ចចុះសួរសុខទុក្ខពលរដ្ឋមានបណ្ណសមធម៌នៅមណ្ឌលគិរីកាលពីថ្ងៃទី២៤ មិថុនា ២០២០(រូបពីក្រសួងសង្គមកិច្ច)
ក្រុមការងាររបស់ក្រសួងសង្គមកិច្ចចុះសួរសុខទុក្ខពលរដ្ឋមានបណ្ណសមធម៌នៅមណ្ឌលគិរីកាលពីថ្ងៃទី២៤ មិថុនា ២០២០(រូបពីក្រសួងសង្គមកិច្ច)
​ភ្នំពេញ​៖ ក្នុង​ជុំ​ទី​២​នៃ​ការចុះ​ធ្វើ​បណ្ណ​សមធម៌​ជូន​ពលរដ្ឋ​ក្រីក្រ ក្រសួងផែនការ បាន​រកឃើញ​ពលរដ្ឋ​ក្រីក្រ​ជាង​១៩​ម៉ឺន​នាក់​បន្ថែ​មនាក់ទៀត​។ ពលរដ្ឋ​ជាង​១៩​ម៉ឺន​នាក់​នេះ ស្មើនឹង​៥​ម៉ឺន​គ្រួសារ ដែល​ភាគច្រើន ជា​អ្នក​ដែល​ទើបតែ​ធ្លាក់ខ្លួន​ក្រ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩ និង​ជា​អ្នក​ចំណាកស្រុក ទើបនឹង​មកពី​ក្រៅប្រទេស​។ នេះ​បើតាម​ការអះអាង​របស់​លោក ស្រី ដា អ្នកនាំពាក្យ​ក្រសួងផែនការ​។


 
​លោក ស្រី ដា បញ្ជាក់ថា ការចុះ​ធ្វើ​បណ្ណសម​ធម៌​ជុំ​ទី​១ មាន​ជាង​៥៦​ម៉ឺន​គ្រួសារ (​ជាង​២​លាន​៣​សែន​នាក់​) ដែល​ទទួលបាន​បណ្ណសម​ធម៌ ហើយ​អ្នកទទួលបាន​បណ្ណសម​ធម៌​ក្នុង​ជំ​ទី​២ បាន​កើនឡើង​ជាង​៥​ម៉ឺន​គ្រួសារ​ទៀត (​ជាង​១៩​ម៉ឺន​នាក់​)​។ 
 
​អ្នកនាំពាក្យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម​បែបនេះ​ថា​៖«​ពលរដ្ឋ​១៩​ម៉ឺន​នាក់ ដែល​រកឃើញថា​ក្រីក្រ [​ក្នុង​ជុំ​ទី​២​នេះ​] គឺ​ពួកគាត់ ទើបតែ​ធ្លាក់ខ្លួន​ក្រ និង​អ្នក​ទើប​វិលត្រឡប់​មកពី​ថៃ​និង​ក្រៅប្រទេស​វិញ​»​។ 
 
​រដ្ឋាភិបាល ប៉ាន់ប្រមាណ​ថា ក្នុង​១​ខែ អាច​ចំណាយ​ថវិកា​២៥​លាន​ដុល្លារ ក្នុងការ​ឧបត្ថម្ភ​ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ ក្នុង​ពិធី​ចុះ​សំណេះសំណាល​ជាមួយ​កសិករ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី​២១ ខែកក្កដា ថា រដ្ឋ នឹង​បន្ថែម​ថិ​វ​កា​៣​លាន​ដុល្លារ​ទៀត លើ​គម្រោង​ថវិកា​២៥​លាន​ដុល្លារ ដែល​ត្រូវ​ចំណាយ​ក្នុង​១​ខែ​។ ដូច្នេះ រដ្ឋ អាច​ចំណាយ​២៨​លាន​ដុល្លារ ក្នុង​១ សម្រាប់​ផ្តល់​ដល់​អ្នកក្រីក្រ​។ 
 
​ប្រមុខ​រដ្ឋាភិបាល ថ្លែង​ដូច្នេះ​ថា​៖«​បើ​កូ​វីដ មិនទាន់​ថមថយ​ទេ យើង នៅ​បន្ត​កម្មវិធី​ជំនួយ​សង្គម ប៉ុន្តែ​មិនមែន​បានសេចក្តីថា រដ្ឋ ចិញ្ចឹម​រហូត​ទេ ហើយ​នេះ​ក៏​មិនមែន​រដ្ឋ​ចិញ្ចឹម​ទាំងស្រុង​ដែរ គឺជា​ការ​ប៉ះប៉ូវ​»​។ 
 
​ពលរដ្ឋ​ក្រីក្រ ដែលមាន​បណ្ណសម​ធម៌ ត្រូវ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ឲ្យ​បាន​មុន​ថ្ងៃទី​២៤​។ បើ​ហួស​ពីថ្ងៃ​២៤ ពលរដ្ឋ​រូបនោះ នឹង​មិនអាច​បើកប្រាក់​ឧបត្ថម្ភ​បានឡើយ ដូច្នេះ ត្រូវ​បាត់ប្រាក់​ឧបត្ថម្ភ​អស់​១​ខែ​៕ 
 

Tag:
 ជនក្រីក្រ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com