ជាតិ
ក្រៅពីសម្រស់ធម្មជាតិ និងជួរភ្នំដ៏ស្រស់ស្អាត ឧទ្យានជាតិវីរៈជ័យ មានសត្វព្រៃកម្រជាច្រើនប្រភេទ រូបភាពពីមន្ទីរបរិស្ថានខេត្តរតនគិរី
× រតនគិរី៖ ឧទ្យានជាតិវីរៈជ័យ ជាឧទ្យានជាតិមួយដែលសម្បូរទៅដោយធនជាតិធម្មជាតិ និងជីវចម្រុះ។ ក្រៅតែពីទេសភាពជួរភ្នំដ៏ស្រស់ត្រកាល ព្រៃឈើខៀវស្រងាត់ និងទឹកធ្លាក់ជាដើម ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់អភិរក្សមួយកន្លែង ដែលមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅដូចជា សត្វស្វាកន្ទុយស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្ទីង និងខ្លាឃ្មុំជាដើម។ នេះបើតាមក្រសួងបរិស្ថាន។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ថាគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរចំនួន១០៧នាក់ បានមកលេងកម្សាន្ត នៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរៈជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង។ ដោយឡែក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន៦៨នាក់ បានទៅកម្សាន្ត នៅតំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បញ្ជាក់ថា ទេសចរម្នាក់ អាចចំណាយអស់ជិត៦០ដុល្លារអាមេរិក នៅក្នុងការធ្វើដំណើរកម្សាន្ត ស្នាក់នៅ ហូបចុក និងសេវាកម្មផ្សេងៗ នៅក្នុងតំបន់ការពារធម្មជាតិ។
ឧទ្យានជាតិវីរៈជ័យ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ មានទំហំ ៣៣២ ៥០០ ហិកតា លាតសន្ធឹងលើផ្ទៃដីនៃខេត្តចំនួនពីរ គឺស្ទឹងត្រែង និងរតនគិរី។ ក្រៅពីឧទ្យានជាតិវីរៈជ័យ កម្ពុជាមានឧទ្យានជាតិដែលបង្កើតឡើងដោយព្រះរាជក្រឹត ចំនួន៦ទៀត ដូចជាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិមុនីវង្សបូកគោ ឧទ្យានជាតិកែប ឧទ្យានជាតិព្រះសីហនុរាម និងឧទ្យានជាតិភ្នំគូលែន។
គួរបញ្ជាក់ផងដែរថា កម្ពុជាមានតំបន់ការពារធម្មជាតិកំពុងអភិរក្សចំនួន៦៩កន្លែង មានផ្ទៃដីសរុបចំនួន៧,៣លានហិកតា ហើយបែងចែកជាតំបន់ឧទ្យានជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងជីរចម្រុះជាដើម៕
រូបភាពពីមន្ទីរបរិស្ថានខេត្តរតនគិរី
Tag:
ឧទ្យានជាតិវីរៈជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com