ជាតិ
កន្លះ​ឆ្នាំ សមត្ថកិច្ច ចាប់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១​ម៉ឺន​នាក់
25, Jul 2020 , 2:19 pm        
រូបភាព
គ្រឿងញៀនដែលសមត្ថកិច្ចប្រមូលបាននិងរៀបចំដុតបំផ្លាញ។ (រូបពី អ៊ូ សុខមាន)
គ្រឿងញៀនដែលសមត្ថកិច្ចប្រមូលបាននិងរៀបចំដុតបំផ្លាញ។ (រូបពី អ៊ូ សុខមាន)
​ភ្នំពេញ​៖ ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​៥,៤​ពាន់​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន​ជាង​១​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ ដែល​ចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងមហាផ្ទៃ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​


 
​បើតាម​របាយការណ៍​ដ​ដែល អ្នកពាក់ព័ន្ធ​គ្រឿងញៀន​ជាង​១​ម៉ឺន​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន មាន​ជនបរទេស​១៧៧​នាក់ (១៥​ជនជាតិ​)​។ 
 
​បទល្មើស​គ្រឿងញៀន​ជាង​៥,៤​ពាន់​ករណីនេះ បើ​ធៀប​នឹង​ឆមាស​ទី​១ កាលពី​ឆ្នាំ​២០១៩ គឺ​កើនឡើង​ជាង​៣០​ភាគរយ ដែលមាន​ជាង​៤,១​ពាន់​ករណី​។ រីឯ អ្នកពាក់ព័ន្ធ​គ្រឿងញៀន ជាង​១​ម៉ឺន​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ គឺ​កើនឡើង​ជាង​២២​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១ កាល​ឆ្នាំ​២០១៩ ដែលមាន​ជាង​៨,៩​ពាន់​នាក់​។ 
 
​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី​២៤ ខែកក្កដា​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​លោក កែ គឹម យ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​តំណាង​ក្រសួង រួមទាំង​តំណាង​ស្ថាន​ប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
 
​ជាមួយគ្នានេះ សមត្ថកិច្ច រឹបអូស​បាន​យក​គ្រឿងញៀន​២៦១​គីឡូក្រាម ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ ហើយ​កាលពី​ឆមាស​ទី​១ ឆ្នាំ​២០១៩ សមត្ថកិច្ច រឹបអូស​គ្រឿងញៀន​បាន​៣៤១​គីឡូក្រាម ដោយ​ថយចុះ​៨០​គីឡូក្រាម ស្មើនឹង​២៣​ភាគរយ​។ 
 
​ចំណែក សម្ភារ មធ្យោបាយ និង ឧបករណ៍​ផលិត​កែច្នៃ​គ្រឿងញៀន ដែល​សមត្ថកិច្ច​ដកហូត​បាន​ពេល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ត្រូវ​សមត្ថ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​-​ខេត្ត​៕ 
 

Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com