COVID-19
ជាតិ
កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២៣នាក់ទៀត ក្នុងនោះខ្មែរ១៩នាក់ ឥណ្ឌូណេស៊ី៤នាក់
25, Jul 2020 , 12:58 pm        
រូបភាព
 ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃនេះ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៣នាក់បន្ថែមទៀត លើជនជាតិខ្មែរ ១៩នាក់ និងឥណ្ឌូណេស៊ី ចំនួន៤នាក់។ គិតទាំងករណីថ្មីនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២២៥នាក់ ក្នុងនោះ ១៤៣នាក់បានជាសះស្បើយ និង៨២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។



ក្នុងចំណោមជនជាតិខ្មែរ ដែល​វិជ្ជមាន រួមមាន៤នាក់ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ដល់កម្ពុជានៅថ្ងៃទី២៣កក្កដា។ អ្នកទាំងចំណែ៤ កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ចំណែកជនជាតិខ្មែរ១៥នាក់ទៀតដែលមានកូវីដ-១៩ គឺទទួលបានពីការធ្វើតេស្តលើកទី៣ លើអ្នកដំណើរដែល​មកពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប  កាលពីថ្ងៃទី១៩ ខែកក្កដា។ ​ទាំង១៥នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។  

តាមក្រសួងសុខាភិបាល ជនជាតិខ្មែរ១៩នាក់ ដែលមានលទ្ធផលតេសត្តវិជ្ជមាននេះ មាននៅរាជធានីភ្នំពេញ៦នាក់, ខេត្តតាកែវ​៤នាក់, ​នៅពោធិ៍សាត់១នាក់ , ​សៀមរាប២នាក់,​រតនគិរី១នាក់, កំពង់ចាម២នាក់ ,ត្បូងឃ្មុំ១នាក់, ព្រៃវែង១នាក់ និងក្រចេះ ១នាក់។ 

ចំណែកជនជាតិឥណ្ឌូណេស៊ីទាំង៤នាក់ ដែលមានវិជ្ជមាន គឺបានធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ហើយមកដល់កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា។ ពួកគេស្នាក់នៅបណ្តោះអាសន្ន នៅសណ្ខាគារមួយក្នុងខេត្តព្រះសីហនុ។ បច្ចុប្បន្ន អ្នកវិជ្ជមាន៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅនៅមណ្ឌលសុខភាពចាក់អង្រែក្រោម និង១នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ 

ក្រៅពីប្រកាសពីការរកឃើញករណីថ្មីនេះ ក្រសួងក៏បញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ បានជាសះស្បើយផងដែរ គឺបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ រស់នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន មានអ្នកជំងឺសរុប៨២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមមាន៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ៥៩នាក់នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ, ១៥នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និង២នាក់ទៀត សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៕






© រក្សាសិទ្ធិដោយ thmeythmey.com