COVID-19
អន្តរជាតិ
លោក លី សៀន​ឡុង បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ឯ​មន្ត្រី​ជំនា​ន់ទី​បួន​ដឹកនាំ​ក្រសួង​សំខាន់ៗ​
25, Jul 2020 , 3:40 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង (កណ្ដាល) ថ្លែងក្នុងពិធីប្រកាសសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនៅថ្ងៃទី២៥ ខែកក្កដា។ រូបភាព Screenshot ពីវេបសាយទូរទស្សន៍​ Channel NewsAsia
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង (កណ្ដាល) ថ្លែងក្នុងពិធីប្រកាសសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនៅថ្ងៃទី២៥ ខែកក្កដា។ រូបភាព Screenshot ពីវេបសាយទូរទស្សន៍​ Channel NewsAsia
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​២៥ ខែកក្កដា បានប្រកាស​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ១៥​ថ្ងៃក្រោយ​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​។ មន្ត្រី​ជំនា​ន់ទី​បួន (4G) បន្ត​ដឹកនាំ​ក្រសួង​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ ដោយមាន​ជំនួយ​ពី​មន្ត្រី​ដែល​ទើប​ដំឡើង​តួនាទី​ថ្មី ដែល​ធ្វើ​ឲ្យ​ក្រសួង​ខ្លះ​មាន​រដ្ឋមន្ត្រី​ពីរ​។ យ៉ាងណាមិញ លោក លី មិនទាន់​បង្ហាញ​ពេលវេលា​ដែល​លោក​ផ្ទេរតំណែង​នៅឡើយ​ទេ​។

 
​ពីរ​សប្ដាហ៍​ក្រោយ​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​សភា លោក លី សៀន​ឡុង បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​សមាជិក​រដ្ឋាភិបាល​ថ្មី ដោយ​ទុក​រដ្ឋមន្ត្រី​វ័យក្មេង​ក្ដាប់​តំណែង​ក្រសួង​សំខាន់ៗ និង​បន្ថែម​ឈាម​ថ្មី​ផងដែរ​។ លោក លី ដែល​កាន់តំណែង​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​២០០៤ បន្ត​ធ្វើជា​ប្រមុខ​រដ្ឋាភិបាល​ដដែល​។ 
 
​លោក ហេង ស្វី​គៀត ដែលជា​អ្នក​ស្នង​តំណែង​ពី​លោក លី ក៏​បន្ត​កាន់តំណែង​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ តែមាន​តំណែង​ថ្មី​មួយទៀត​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​គោលនយោបាយ​សេដ្ឋកិច្ច​។ លោក ហេង ធ្វើ​មិនសូវ​បានល្អ​ឡើយ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១០ ខែកក្កដា ដ្បិត​លោក​អាច​យកឈ្នះ​បេក្ខជន​បក្សប្រឆាំង​យ៉ាង​ប្រផុតប្រផើយ​បំផុត​។ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទិ​២៥ ខែកក្កដា លោក លី មិនបាន​លើកឡើង​ពី​កាលបរិច្ឆេទ​ដែល​លោក​ផ្ទេរតំណែង​ឲ្យ​លោក ហេង ឡើយ​។​
 
​រដ្ឋមន្ត្រី​វ័យក្មេង​ដែល​ត្រូវបាន​ហៅថា មេដឹកនាំ​ជំនា​ន់ទី​បួន នៅតែមាន​តួនាទី​សំខាន់​ក្នុង​រដ្ឋាភិបាល​ថ្មី​។ តួយ៉ាង លោក ចាន់ ឈុន​ស៊ី​ង បន្ត​កាន់តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដដែល​។ លោក លី ក៏​រក្សាទុក​រដ្ឋមន្ត្រី​ដែល​ធ្វើការ​លើ​ការងារ​ប្រយុទ្ធ​ជំងឺ COVID-19 រួមមាន​រដ្ឋមន្ត្រី​សុខាភិបាល និង​ការងារ​ជាដើម​។ រដ្ឋការ​បរទេស ការពារជាតិ មហាផ្ទៃ និង​ច្បាប់ ក៏​មិន​ត្រូវបាន​ផ្លាស់ប្ដូរ​។ 
 
​ដោយសារ​មានការ​តែងតាំង​មន្ត្រី​វ័យក្មេង​បន្ថែម គេ​សង្កេតឃើញ​ក្រសួង​ខ្លះ​មាន​រដ្ឋមន្ត្រី​ពីរ​ដូចជា​ក្រសួងការបរទេស​, ហិរញ្ញវត្ថុ​, ច្បាប់​, អភិវឌ្ឍ​ជាតិ​, ចីរភាព និង​បរិស្ថាន និង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជាដើម​។ សម្រាប់​សិង្ហ​បុរី នេះ​មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល​ក្រសួង​មួយ​មាន​រដ្ឋមន្ត្រី​ពីរ ដែល​វា​អាស្រ័យ​លើ​ទំហំ​ការងារ​ក្នុង​ក្រសួង​នីមួយៗ​។​
 
​ជារួម សមាសភាព​រដ្ឋាភិបាល​ថ្មី​មាន​ចំនួន​៣៧​នាក់​។ គណៈរដ្ឋមន្ត្រី​ថ្មី​នឹង​ចូលកាន់​តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​២៧ ខែកក្កដា​៕

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com