ជាតិ
សិល្បះ
​កូន​ខ្មែរ​ត្រូវ​ស្គាល់​មរតក​រស់​នៃ​កម្ពុជា​ទាំង​១៧​រូប ដែល​បច្ចុប្បន្ន​នៅមាន​ជន្មាយុ​៩​រូប​!
27, Jul 2020 , 2:22 pm        
រូបភាព
ទាំង​នេះ​គឺ​ជា​រូប​ថត​មរតកមនុស្ស​រស់​ ទាំង​នៅ​មាន​ជន្មាយុ និង​បាន​ទទួល​មរណភាព
ទាំង​នេះ​គឺ​ជា​រូប​ថត​មរតកមនុស្ស​រស់​ ទាំង​នៅ​មាន​ជន្មាយុ និង​បាន​ទទួល​មរណភាព
​ភ្នំពេញ​៖ មរតក​មនុស្ស​រស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​១៧​អង្គ​/​នាក់ ដែល​ទទួល​បានការ​ប្រោស​ព្រះរាជទាន​គោរមងារ​ពីព្រះ​ករុណា ព្រះមហាក្សត្រ កាលពី​ឆ្នាំ​២០១២ ពេលនេះ​នៅមាន​ជន្មាយុ​តែ​៩​រូប​ប៉ុណ្ណោះ ដោយ​៨​អង្គ​/​រូប​បានទទួល​មរណភាព​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន មរតក​មនុ​ស្សរស់​ដែល​នៅមាន​អាយុ សុទ្ធសឹង​តែមាន​វ័យ​កាន់តែ​ចាស់ជរា រួមទាំង​មាន​ជំងឺ​ប្រចាំកាយ​ខ្លះ​ផងដែរ​។​

 
​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​របស់​មរតក​មនុស្ស​រស់ ដែល​នៅមាន​ជន្មាយុ​៖
 
១- ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារ​ជា​វឌ្ឍកី​ទេពនិម្មិត 
 
​លោក​គឺជា​សាស្ត្រាចារ្យ​ក្បាច់ និង​ចម្លាក់​ដ៏​ចំណាន តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម បច្ចុប្បន្ន​មាន​ជន្មាយុ​៨២​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​ជា​សាស្ត្រាចារ្យ​សិល្បៈ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ រហូតដល់​ចូលនិវត្តន៍​។ មរតក​មនុស្សរ​ស់រូប​នេះ អាច​រក្សាបាន​នូវ​ក្បួនខ្នាត​ចម្លាក់​ពុម្ព ឈើ ស៊ីម៉ង់ និង​គំនូរ​បុរាណ​។​
 
​ព្រឹទ្ធាចារ្យ​បាន​បង្រៀន​សិស្ស​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប​-​ស្ថាបត្យកម្ម​-​ន័​រ​តុ​ន និង​នៅផ្ទះ តាំងពី​ឆ្នាំ ១៩៥៩​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ចងក្រង​សៀវភៅ​ខ្នាត​ក្បាច់​សម្រាប់​ជំនាញ ចម្លាក់​ស្មិត សិល្បៈ​សូន​រូប ភាគ​ទី​១​និង​ភាគ​ទី​២​ផងដែរ​។ 

ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត រូប​ផ្ដល់​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ
 
​វឌ្ឍកី​ទេពនិម្មិត ចាន់ ស៊ីម បានធ្វើ​រូបសំណាក​ផ្សេងៗ​សរុប​ជិត​២០០​រូប​។ លោក​បាន​បណ្ដុះបណ្ដាល​សិស្ស​បរទេស​លាវ​ជាង​១០​នាក់​។ ព្រឹទ្ធាចារ្យ​សិល្បៈ​រូបនេះ បានទទួល​គ្រឿង​ឥស្សរិយយស ការងារ​ប្រាក់ សម័យ​សង្គមរាស្ត្រនិយម​។ លោក​បាន​ក្លាយជា​វីរៈ​សិល្បករ​នៅ​ឆ្នាំ​២០០០ និង​បានទទួល​ជា​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ ពី​រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ឆ្នាំ​២០០៤​។ 
 
២-​ព្រឹទ្ធាចារ្យ ជេ​ត ច​ន គោរមងារ​ជា​ទេពនិម្មិត​វិចិត្រ​
 
​លោក​មាន​ទេពកោសល្យ​ខ្ពស់​លើ​ស្នាដៃ​គំនូរ​បុរាណ​។ មាន​ជន្មាយុ​៧៤​ឆ្នាំ ព្រឹទ្ធាចារ្យ ជេ​ត ច​ន មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ព្រឹទ្ធាចារ្យ​បង្រៀន​នៅ​សាលា​មធ្យម និង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ តាំងពី​ឆ្នាំ​១៩៦៦ រហូតដល់​ចូលនិវត្តន៍​។ 
 
​មរតក​មនុ​ស្សរស់ ជេ​ត ច​ន បង្រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប (​ផ្នែក​គំនូរ​បុរាណ​) និង​បង្រៀន​ក្បាច់​ខ្មែរ​នៅ​សមាគម មិត្ត​វិចិត្រករ​ខ្មែរ​។ ព្រឹទ្ធាចារ្យ បាន​សិក្សា​ស្រាវជ្រាវ​រឿង​រាមកេរ្ដិ៍ លើ​ថែវ​ព្រះ​កែវ​មរកត រួមទាំង​ការងារ​ជួសជុល​គំនូរ​ជាមួយ​អ្នកបច្ចេកទេស​ប៉ូឡូញ​ផងដែរ​។  មរតក​មនុស្សរ​ស់រូប​នេះ ទទួលបាន លិខិត និង​ប័ណ្ណសរសើរ​មួយចំនួន ព្រមទាំង​សញ្ញាប័ត្រ​កិត្តិយស ជា​វីរ​សិល្បករ​ពី​ឆ្នាំ​២០០៤-២០០៥​។ 

ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជាទេពនិម្មិតវិចិត្រ រូប​ផ្ដល់​ឱ្យ​ពី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
 
៣-​ព្រឹទ្ធាចារ្យ ឯម ធា​យ គោរមងារ​ជា​ទេព​វនាដ​និម្មិត 
 
​ព្រឹទ្ធាចារ្យ​ជា​នាដកា​របាំ​ព្រះរាជ​ទ្រព្យ​ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ​។ មរតក​មនុស្សរ​ស់រូប​នេះ បាន​ខិតខំ​ប្រឹងប្រែង​ចែករំលែក​ចំណេះដឹង ក៏ដូចជា​ខំ​បង្រៀន​របាំ​បុរាណ​ទៅដល់​ក្មេងជំនាន់ក្រោយ​។ ព្រឹទ្ធាចារ្យ អាច​រាំ​របាំ​តួ​នាង តួ​នាយ​រោង  ក្បាច់​ប្លែង តួ​ស្វា តួ​យក្ខ ច្រៀង និង​ដឹកនាំ​បង្ហាត់​ក្នុង​រឿង​។ 
 
​ទេព​វនាដ​និម្មិត ឯម ធា​យ បាន​បង្រៀន​សិស្ស​របាំ​បុរាណ​ក្នុង​ព្រះបរមរាជវាំង តាំងពី​អាយុ​១៩​ឆ្នាំ និង​បង្ហាត់​ក្នុង​នាយកដ្ឋាន​សិល្បៈ រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។ ព្រឹទ្ធាចារ្យ​ធ្លាប់​ចូលរួម​សម្ដែង​របាំ​ក្បាច់បុរាណ​ខ្មែរ ក្នុង​រាជ​ព្រះករុណា​ព្រះបាទ​សម្ដេច នរោត្តម សុរាម្រិត​។ បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ ឯម ធា​យ មាន​ជន្មាយុ​៨៥​ឆ្នាំ ហើយ​សុខភាព​កាន់តែ​ចុះខ្សោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជាទេពវនាដនិម្មិត  រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
៤ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារ​ជា​កោសល្យ​វោហារ 
 
​ព្រឹទ្ធាចារ្យ​គឺជា​សិល្បករ​ចាប៉ីដងវែង មកពី​ខេត្តកំពត ហើយ​បច្ចុប្បន្ន​លោក​មាន​ជន្មាយុ​៧៦​ឆ្នាំ​។ មរតក​មនុស្សរ​ស់រូប​នេះ គឺជា​បុគ្គល​ទី​៣​របស់​កម្ពុជា ដែល​ទទួលបាន​ពាន​ហ្វ៊ុ​កុ​អូ​កា​លើក​ទី​២៨ ពី​ប្រទេស​ជប៉ុន​។ ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​ចាប៉ីដងវែង ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​អង់គ្លេស បារាំង អាមេរិក ថៃ ឡាវ ជប៉ុន និង​វៀតណាម​.......​។

ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ (រូប​ពី​ហ្វេសប៊ុកសម្ដេច ហ៊ុន សែន)
 
​កោសល្យ​វោហារ គង់ ណៃ បាន​បង្រៀន​ច្រៀង​ចាប៉ី​ដល់​សិស្ស​ចំនួន​១២​រូប ក្នុងនោះ​មាន​ជនបរទេស​៣​រូប ហើយ​សិស្ស​ទាំងនោះ​មួយចំនួនធំ​អាច​ចេញ​សម្ដែង​បាន​។ ព្រឹទ្ធាចារ្យ​បាន​ប្រឡង​ជាប់​ចម្រៀង​ចាប៉ី​ថ្នាក់​លេខ​១ នៅ​ឆ្នាំ​១៩៩១​។ និង​ទទួលបាន​គ្រឿង​ឥស្សរិយយស​ធំៗ​មួយចំនួន​ដូចជា គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ សញ្ញាប័ត្រ​កិត្តិយស សញ្ញាប័ត្រ​ព្រឹទ្ធាចារ្យ វប្បធម៌​-​សិល្បៈ​ខ្មែរ និង​មេដាយមាស​។ សព្វថ្ងៃ​លោក​ព្រឹទ្ធាចារ្យ​កំពុង​ចុះខ្សោយ​សុខភាព​ដោយ​រោគាពាធ​។ 
 
៥-​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច គោរមងារ​ជា​វោហា​កោសល្យ​វ​ដ្ដី​
 
​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្តស្វាយរៀង មរតក​មនុស្សរ​ស់រូប​នេះ មាន​ជំនាញ​ចេះ​ចាំ​ស្ទាត់​ជាងគេ​គឺ និទានរឿង​បែប​ល្ខោនបាសាក់​ទោល​។ លោក​ព្រឹទ្ធាចារ្យ គឺជា​គ្រូបង្ហាត់​សិល្បៈ​ល្ខោន​ទោល​(​ល្ខោនបាសាក់​)​។ 
 
​វោហា​កោសល្យ​វ​ដ្ដី ពៀក ចា​ប៉ិច ជា​សិល្បករ​និទានរឿង​ប្រើ​វោហា​សាស្ត្រ ជា​ទេពកោសល្យ​សម្ដែង ដោយ​សម្ដែង​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​ក្នុងភូមិ ស្រុក ខេត្ត ក្រុង និង​រាជធានី​។ ព្រឹទ្ធាចារ្យ​មាន​ស្នាដៃ​ច្នៃប្រឌិត ឧបករណ៍​សម្រាប់​បណ្ដុះ​បណ្ដាល និង​សម្ដែង ដូចជា កា​មែ​ល គម្រប​ដែកកេះ និង​កំណាត់ឈើ​តូច​ជា​អន្លូងស្គរ​។


ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជាវោហាកោសល្យវដ្ដី ក្នុង​កម្ម​វិធីតាំង​ពិព័រណ៌រូប​ថត​អគារ​បេតិកភណ្ឌ កាល​ពី​អំឡុង​ឆ្នាំ​២០១៩
 
​មរតក​មនុ​ស្សរស់ ពៀក ចា​ប៉ិច បាន​បង្ហាត់​សិស្ស​ចំនួន​០៧​រូប នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្តព្រៃវែង​។ ស្នាដៃ​ដែល​ព្រឹទ្ធាចារ្យ​ផលិត​ថ្មី​មានរឿង “​សុ​បិ​ន្ត​កុមារ​” រឿង​”​ខ្យង​សម្បុ​ណ៌​បី​” និង​រឿង​”​ម​គ្គុ​លី​ផល​”​។ ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច ដែល​បច្ចុប្បន្ន​មាន​ជន្មាយុ​៦៧​ឆ្នាំ មាន​សមត្ថភាព​ប្រើ​សំឡេង​មនុស្ស​បាន​ប្រមាណ​ជិត​១០​សំឡេង និង​អាចធ្វើ​សំឡេង​ឧបករណ៍​ភ្លេង​ទ្រ​បាន​យ៉ាង​ល្អ​ថែម​ទៀតផង​។ 
 
៦-​ព្រឹទ្ធាចារ្យ​បណ្ឌិត ជិត ជន គោរមងារ​ជា​គរុ​ពហុស្សូត​
​ជា​សាស្ត្រាចារ្យ​ភាសាបាលី សំស្ក្រឹត និង​ទស្សនៈវិជ្ជា នៅ​សកល​វិទ្យាល័យ ព្រះសីហនុ​រាជ ព្រឹទ្ធាចារ្យ​មាន​ជន្មាយុ​៨៦​ឆ្នាំ​។ មាន​ស្រុកកំណើត​នៅ​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ មរតក​មនុ​ស្សរស់ ជិត ជន ចេះ​ចាំ​ស្ទាត់​ភាសាបាលី និង​សំស្ក្រឹត​។ ព្រឹទ្ធាចារ្យ ចាំ​ស្ទាត់​ខាង​បង្រៀន​ភាសាបាលី សំស្ក្រឹត និង​សម្ដែងធម៌​។ 
 
​គរុ​ពហុស្សូត ជិត ជន មាន​សមត្ថភាព​និពន្ធ​កំណាព្យ​ជា​ភាសាបាលី និង​សំស្ក្រឹត និង​បកប្រែ​កំណាព្យ​ពី​ភាសាបាលី​-​សំស្ក្រឹត មកជា​ភាសា​ខ្មែរ​វិញ​។ ព្រឹទ្ធាចារ្យ​ជា​គ្រូឧទ្ទេស​គរុកោសល្យ ដែលមាន​សញ្ញាបត្រ បណ្ឌិត​កិត្តិយស​ភាសាបាលី នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១១ និង​គ្រឿង​ឥស្សរិយយស ផ្នែក​អប់រំ ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​។ បង្រៀន​សិស្ស​តាំងពី​ជាង​៤០​ឆ្នាំមុន ទាំង​ព្រះសង្ឃ និង​គ្រហស្ថ លោក​ព្រឹទ្ធាចារ្យ ជិត ជន នៅតែ​បន្ត​បង្រៀន​សិស្ស​រហូតដល់​សព្វថ្ងៃនេះ​។

ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន គោរមងារជាគរុពហុស្សូត (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
៧-​ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារ​ជា​កោសល្យ​វិជ្ជាគរុ​
​មាន​ស្រុកកំណើត​ក្នុងភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ មរតក​មនុ​ស្សរស់ ម៉ែន ប្រាង្គ សព្វថ្ងៃ​មាន​ជន្មាយុ​៧៥​ឆ្នាំ​។ កោសល្យ​វិជ្ជាគរុ ម៉ែន ប្រាង្គ ជា​សមាជិក​គណៈកម្មកា​រ​ចងក្រង​កម្មវិធីសិក្សា​សម្រាប់​ពុទ្ធិកបឋមសិក្សា ពុទ្ធិក​មធ្យមសិក្សា និង​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​។ ជា​សមាជិក​គណៈកម្មកា​រ ទស្សនាវដ្ដី​ពុទ្ធិកសិក្សា ទស្សនាវដ្ដី​កម្ពុជសុរិយា​។ ជា​សមាជិក​គណៈកម្មកា​រ​និពន្ធ​សៀវភៅ​សិក្សា ពុទ្ធ​វិន័យ​។ ជា​សមាជិក​គណៈកម្មកា​រ​ត្រួតពិនិត្យ​សៀវភៅ បែប​រៀន​ភាសាបាលី​។

ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
​ព្រឹទ្ធាចារ្យ ជា​សមាជិក​គណៈកម្មកា​រ រៀបរៀង​សៀវភៅ​អប់រំ​សិក្សា​ភាសាបាលី នៅ​ថ្នាក់​ពុទ្ធិកបឋមសិក្សា​។ ជា​សមាជិក​គណៈកម្មកា​រ​រៀបរៀង សៀវភៅ​អប់រំ​សីលធម៌​ពុទ្ធសាសនា​។ ជា​សមាជិក​គណៈកម្មកា​រ ត្រួតពិនិត្យ​ពាក្យ​បច្ចេកទេស ក្នុង​សៀវភៅ​សិក្សា ចំណេះ​ទូទៅ ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ ជា​សមាជិក​គណៈកម្មកា​រ ប្រមូល​ចងក្រង​ពាក្យថ្មី ដាក់បញ្ចូល​បន្ថែម ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ ព្រឹទ្ធាចារ្យ បានទទួល​មេដាយមាស នៅ​ក្រសួង​ធម្មការ និង​សាសនា ក្នុង​ឆ្នាំ​២០០០​។​
 
៨-​ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារ​ជា​បញ្ញា​កោសល្យ​វិជ្ជា 
​លោក​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ និង​ជា​គ្រូបង្រៀន​ភាសាសំស្ក្រឹត​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ ព្រឹទ្ធាចារ្យ​ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​លេខ​៣ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល​រូបនេះ បច្ចុប្បន្ន​មាន​ជន្មាយុ​៨២​ឆ្នាំ​។ 
 
​មរតក​មនុស្សរ​ស់រូប​នេះ បាន​ខិតខំ​បង្ហាត់បង្រៀន​សិស្ស​ឱ្យមាន​សមត្ថភាព ពុទ្ធិ ចំណេះដឹង សមជា​ទំពាំង​ស្នង​ឫស្សី ដោយ​ក្រោយមក សិស្ស​ទាំងអស់​នោះបាន​ចូល​បម្រើ​ការងារ ប្រទេសជាតិ និង​សា​នា​។ បញ្ញា​កោសល្យ​វិជ្ជា ទា វ៉ាន បានទទួល​លិខិត​សរសើរ ប័​ណ្ឌ​សរសើរ ចេញ​ដោយ​ថ្នាក់​សាលា ថ្នាក់​មន្ទីរ ថ្នាក់​ក្រសួង មួយចំនួន​។

 ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
៩-​ព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារ​ជានា​ដ​កោសល្យ​វិជ្ជា 
 
​មរតក​មនុ​ស្សរស់ ជា ហ៊ា បច្ចុប្បន្ន​មាន​ជន្មាយុ​៩១​ឆ្នាំ​។ ព្រឹទ្ធាចារ្យ មាន​ឯកទេស​ខាង​ធ្វើ​ខ្មុក​ល្ខោនខោល បង្រៀន​សម្ដែង និង​បង្រៀន​ធ្វើ​មុខ​ខ្មុក​។  មាន​ស្រុកកំណើត​នៅ ភូមិ​ក្ដុល ឃុំ​ក្ដុល ស្រុក​ក្ដុល​ដូនទាវ ខេត្តបាត់ដំបង ព្រឹទ្ធាចារ្យ​ទទួលបាន​ប័ណ្ណសរសើរ​ឆ្នាំ ១៩៩០  និង​សញ្ញាប័ត្រ​កិត្តិយស​ជា​វីរៈ​សិល្បករ​-​ការិនី ឆ្នាំ​២០០០-២០០១ ព្រមទាំង​ប័ណ្ណ​ជ័យលាភី​ពានប្រាក់​សម្ដេច ហ៊ុន សែន និង​សម្តេច ប៊ុនរ៉ានី ហ៊ុន សែន ឆ្នាំ​២០០១​។ 
 
ខាងក្រោម​នេះ​គឺជា​ព្រះនាម​និង​ឈ្មោះ​មរតក​មនុ​សុ្ស​រស់ ដែល​បាន​សុគត​និង​ទទួលមរណភាព​៖ 

១០-​ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ​ជា​វិជ្ជា​ធម្ម​គរុ 
 
​ព្រឹទ្ធាចារ្យ​ជា​គ្រូបង្រៀន​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។ មាន​ស្រុកកំណើត​នៅ ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជា​ធម្ម​គរុ បានទទួល​មរណភាព កាលពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ៣:២០​នារី ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​ជរាពាធ​។
 
​ព្រឹទ្ធាចារ្យ​មានចំណេះដឹង​ចេះ​ចាំ​ស្ទាត់ ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅ​។ ជាពិសេស​ឯកទេស​ជំនាញ​ខាង​ការបង្រៀន​មាន​បទពិសោធ​ច្រើន ព្រមទាំង​មាន​ជំនាញ​ប្រៀបធៀប​(​ទស្សនវិជ្ជា និង​ពុទ្ធសាសនា​)​។ លោក​ព្រឹទ្ធាចារ្យ​ក៏មាន​ជំនាញ​ស្ទាត់​ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ មាន​ពុទ្ធ​វិន័យ ពុទ្ធសាសនា  និង​សាសនា​ប្រៀបធៀប ។​ល​។

ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
​ការផ្ទេរ​ចំណេះដឹង​ខាង​ទ្រឹស្ដី លើ​មុខវិជ្ជា​ខាង​ព្រះពុទ្ធសាសនា មាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ពុទ្ធឱវាទ ដល់​សប្បុរសជន​ទូទៅ ជាពិសេស​ចំពោះ​សមណ​សិស្ស​ដែល​រៀនសូត្រ​ក្នុង​ថ្នាក់ ព្រះ​ត្រៃបិដក​ទាំង​៣ ដែលជា​ប្រភព​នៃ​ទ្រឹស្ដី ក្នុង​ព្រះពុទ្ធសាសនា​។ 
 
​ព្រឹទ្ធាចារ្យ​បាន​រៀបរៀង​ផ្ទាល់ដៃ​នូវ​សៀវភៅ ព្រះពុទ្ធ​ឱវាទ​សង្ខេប​៣​យ៉ាង សៀវភៅ​ប្រវត្តិ​ពុទ្ធសាសនា​សង្ខេប សៀវភៅ​ឯកសារ​ពុទ្ធសាសនា​សង្ខេប និង​សៀវភៅ​ពុទ្ធប្បវត្តិ​សង្ខេប (​សម្រាប់​គរុកោសល្យ​) ព្រមទាំង​មាន​សៀវភៅ​ជាច្រើន​ទៀត​។​

 
១១-​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន គោរមងារ​ជានា​ដ​កោសល្យ​វ​ដ្ដី​
 
​ព្រឹទ្ធាចារ្យ​បានទទួល​មរណភាព នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ ២០២០ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៧៥​ឆ្នាំ​។ បើតាម​ឯកសារ​ក្នុង​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​~​នារី មរតក​មនុ​ស្សរស់ លោក​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន កើត​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៥​។ តែបើ​តាម​ភរិយា​របស់​ព្រឹទ្ធាចារ្យ គឺ​អ្នកស្រី អ៊ឹម សុវណ្ណ ព្រឹទ្ធាចារ្យ​ចែក​ឋាន​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​។​
 
​នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន ចេះ​ចាំ​ស្ទាត់​លើ​ជំនាញ​ល្ខោន​នាដកម្ម ដោយ​លោក​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។ ព្រឹទ្ធាចារ្យ បាន​សម្ដែង​ជា​តួ តា​ជូជក ក្នុង​រឿង ព្រះ​វេស្សន្តរជាតក និង​ដើរតួ​ត្លុក​ក្នុង​រឿង​ទុំ​ទាវ ក្នុង​ទម្រង់​សិល្បៈ​ល្ខោន​យីកេរ​។ ក្រៅពីនោះ​លោក​ព្រឹទ្ធាចារ្យ ក៏មាន​ទេពកោសល្យ​លើ​ទម្រង់​របាំ ភាពយន្ត និង​ទម្រង់​ល្ខោន​នានា​ជាច្រើន​ទៀត​ដែរ​។

ព្រឹទ្ធាចារ្យ ព្រីង សាឃន គោរមងារជានាដកោសល្យវដ្ដី (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
​មរតក​មនុស្សរ​ស់រូប​នេះ បាន​ផ្ទេរ​ចំណេះ​ខាង​ទ្រឹស្ដី ខាង​ផលិត និង​សម្ដែង ផ្នែក​នាដ​សាស្ត្រ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៨០​។ មរតក​មនុ​ស្សរស់ ព្រីង សាឃ​ន បានទទួល​គ្រឿង​ឥស្សរិយយស​ធំៗ​ចំនួន​៣ និង​ក្លាយជា​វីរៈ​សិល្បករ​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០០០​។ 
 
​នៅក្នុង​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​-​នារី មរតក​មនុ​ស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ចង់​ចូល​ជា​ប្រព័ន្ធ​មរតក​មនុ​ស្សរស់ ក៏​ដើម្បី​រួមចំណែក​ថែរក្សា​កេរ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​រួមចំណែក​ប​ង្រៀ​ន​ដល់​អ្នកជំនាន់ក្រោយ​។​
 
១២-​ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ វិសេស​នាដកា​វិជ្ជា​
 
​ព្រឹទ្ធាចារ្យ​មរតក​មនុស្សរ​ស់រូប​នេះ ទទួលមរណភាព​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​ជា​នាដកា​របាំ ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ តួ​នាយ​រោង​។ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល ព្រឹទ្ធាចារ្យ បាន​បង្ហាត់​សិល្បៈ​រហូតដល់​ថ្ងៃ​ចូលនិវត្តន៍​។

ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ វិសេសនាដកាវិជ្ជា (រូប​ពី Chhourn Outdom)
 
​វិសេស​នាដកា​វិជ្ជា រស់ គង់ បាន​សម្ដែង​របាំ​បុរាណ និង​បង្រៀន​សិស្ស​តាំងពី​អាយុ​១៨​ឆ្នាំ​។ ព្រឹទ្ធាចារ្យ​បានទទួល​ប័ណ្ណសរសើរ​នៅ​ឆ្នាំ​១៩៧៩​។ មរតក​មនុស្សរ​ស់រូប​នេះ បានក្លាយ​ជា​វីរ​សិល្បការិនី តាំងពី​ឆ្នាំ​១៩៩៥ ផ្ដល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្លាយជា​ព្រឹទ្ធាចារ្យ​វប្បធម៌​និង​សិល្បៈ តាំងពី​ឆ្នាំ​២០០១ ផ្ដល់​ដោយ​រាជបណ្ឌិតសភា​។​
 
១៣-​ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត គោរមងារ នាដ​ភក្ដី​និម្មិត 
 
​ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៧៦​ឆ្នាំ​។ មរតក​មនុស្សរ​ស់រូប​នេះ ជា​ព្រឹទ្ធាចារ្យ​ល្ខោនបាសាក់​ដ៏​ឆ្នើម​។ នាដ​ភក្ដី​និម្មិត អ៊ុំ សា​មិត្ត ជា​គ្រូ​បង្ហាត់បង្រៀន​សិល្បៈ​ល្ខោនបាសាក់ និង​និពន្ធ​រឿង​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​។ មរតក​មនុស្សរ​ស់រូប​នេះ ទទួលបាន​សញ្ញាប័ត្រ​កិត្តិយស​ជា​វីរ​សិល្បករ ឯកទេស​ល្ខោនបាសាក់ ឆ្នាំ​១៩៩៩-២០០០ និង​គ្រឿង​ឥស្សរិយយស សិល្បករ​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ ថ្នាក់​មេដាយមាស​។

ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារ នាដភក្ដីនិម្មិត (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
១៤-សម្ដេចព្រះ​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី គោរមងារ ទេព​នាដ​វ​ដ្ដី​ឯក 
 
​សម្ដេច​រាជបុត្រី បាន​យាង​សោយ​ព្រះ​ពិរាល័យ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា ដោយ​ជរាពាធ​។ សម្ដេច​រាជបុត្រី បុប្ផា​ទេវី ជា​ព្រះរាជ​បុត្រី នៃ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ព្រះ​នាង​ជា​នាដកា​ឯកនៃ​ប្រទេស​កម្ពុជា ដែល​ទ្រង់​សព្វព្រះទ័យ​ក្រសាល​របាំ​បុរាណ​តាំងពី​ព្រះជន្ម ៥​ព្រះវស្សា​។


 សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារ ទេពនាដវដ្ដីឯក
 
​ព្រះអង្គ​មាន​ស្នា​ព្រះហស្ត​ធំៗ​ដូចជា ទ្រង់​បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ក្រោយ​សម័យ​សង្គ្រាម​ខ្មែរក្រហម​។ ព្រះអង្គ​តែង​បាន​ដឹកនាំ​ក្រុម​របាំ​បុរាណ ដង្ហែ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ទៅ​សម្ដែង​ជូន​ថ្នាក់ដឹកនាំ​ប្រទេស​នានា ទាំង​ក្នុងប្រទេស​និង​នៅលើ​ឆាក​អន្តរជាតិ​។​
 
​ទេព​នាដ​វ​ដ្ដី​ឯក នរោត្តម បុប្ផា​ទេវី មាន​ព្រះ​ទេពកោសល្យ​ខ្ពស់​ក្នុងការ ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និង​ច្នៃ​បង្កើត​ថ្មី​នូវ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​។ ស្នា​ព្រះហស្ត​ច្នៃ​បង្កើត​ថ្មី​របស់​ព្រះអង្គ​រួមមាន រឿង “​នាង​វ​ឌ្ឍ​នា​ទេវី​” រឿង “​ព្រះ​សុធន នាង​កែវ​មនោ​រា​” ជាដើម​។ 
 
១៥-​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារ ភិរម្យ​វោហារ 
 
​មរតក​មនុ​ស្សរស់ ដ៏​មាន​ទេពកោសល្យ​រូបនេះ ទទួលមរណភាព​ដោយ​រោគាពាធ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ ភិរម្យ​វោហារ ប្រាជ្ញ ឈួន មាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​លើកដាក់​សំឡេង​ច្រៀង​ចាប៉ី​បាន​យ៉ាង​ពីរោះ​។ 
 
​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ព្រឹទ្ធាចារ្យ មាន​ជំនាញ​ចេះ​ចាំ​ស្ទាត់​ជាងគេ គឺ​ចម្រៀង​ចាប៉ីដងវែង​។ ចាប់ពី​ឆ្នាំ​១៩៦១ ព្រឹទ្ធាចារ្យ​បាន​ចូល​បម្រើ​ការងារ​ក្នុង​វិទ្យុជាតិ ជា​អ្នក​ច្រៀង​ចម្រៀង​ចាប៉ីដងវែង​។ ព្រឹទ្ធាចារ្យ​ក៏​ជា​អ្នកចម្រៀង​ចាប៉ីដងវែង នៅតាម​ពិធី​ផ្សេងៗ​ផងដែរ​។ លោក​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០០​។

ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារ ភិរម្យវោហារ (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
 
​មរតក​មនុ​ស្សរស់ ប្រាជ្ញ ឈួន ជា​អ្នក​មានសំនៀង​វោហា​ខាង​ចម្រៀង​ចាប៉ីដងវែង តាំងពី​ឆ្នាំ​១៩៦២​។ លោក​បាន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រឡង​ចម្រៀង​ចាប៉ីដងវែង នា​សមាជជាតិ​លើក​ទី​១១ ឆ្នាំ​១៩៦២​។ លោក​បាន​ទៅ​ច្រៀង​ចាប៉ីដងវែង នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩៥ ទៅ​សហរដ្ឋអាមេរិក ឆ្នាំ​១៩៩៧  និង​ទៅ​សិង្ហបូរី ឆ្នាំ​១៩៩៨​។ ព្រឹទ្ធាចារ្យ បាន​បង្ហាត់​សិស្ស​ជា​បុគ្គល​ចំនួន​០៩​រូប ក្នុងនោះ​មាន​ស្រី​១​រូប និង​បាន​បង្ហាត់​ចាប៉ីដងវែង​នៅ​មណ្ឌល​ជនពិការ​អង្គការ​គ្រួសារ​ថ្មី គៀន​ឃ្លាំង​។ 
 
​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​រូបនេះ ទទួលបាន​សញ្ញាប័ត្រ​កិត្តិយស តែងតាំង​ជា​វីរ​សិល្បករ ផ្នែក​ឯកទេស​ច្រៀង​ចាប៉ីដងវែង ឆ្នាំ​១៩៩៣ វិ​ញ្ញាប​ន​ប័ត្រ ព្រឹទ្ធាចារ្យ វប្បធម៌ និង​សិល្បៈ​ខ្មែរ​ឆ្នាំ​២០០១  និង​ប្រកាស​នី​យ​ប័ត្រ គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​អស្ស​ឬ​ទ្ធិ ឆ្នាំ​២០០១​។​
 
​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានបញ្ជាក់​នៅក្នុង​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​~​នារី  មរតក​មនុ​ស្សរស់ ថា​មូល​ហេតុដែល​លោក​ចង់​ចូល​ជា​ប្រព័ន្ធ​មរតក​មនុ​ស្សរស់ ក៏​ព្រោះតែ​ចង់ឱ្យ​រដ្ឋ​ជួយ​រក​មធ្យោបាយ ដើម្បី​ផ្ទេរ​ចំណេះ​ជំនាញ​ចាប៉ីដងវែង ឱ្យបាន​ទូលំទូលាយ ដល់​មនុស្ស​ជំនាន់​ក្រោយ​។​
 
១៦-​ព្រឹទ្ធាចារ្យ សុខ ឌុ​ច គោរមងារ កោសល្យ​តន្ត្រី​វិជ្ជាធរ​
 
​ព្រឹទ្ធាចារ្យ សុខ ឌុ​ច ជា​វីរៈ​សិល្បករ​ខ្មែរ ផ្នែក​ភ្លេង​ការ​និង​ភ្លេងអារក្ស ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ កោសល្យ​តន្ត្រី​វិជ្ជាធរ សុខ ឌុ​ច ទទួលមរណភាព​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ​៩២​ឆ្នាំ​។ ព្រឹទ្ធាចារ្យ បាន​បង្ហាត់​ជំនាញ​ភ្លេងបុរាណ​ដល់​សិស្ស​៣​ក្រុម សរុប​៣៦​រូប ព្រមទាំង​បាន​បណ្ដុះបណ្ដាល​សិស្ស​ជាតិ និង​អន្តរជាតិ ជាច្រើនរូប​ទៀត​។

ព្រឹទ្ធាចារ្យ សុខ ឌុត គោរមងារ កោសល្យតន្ត្រីវិជ្ជាធរ (រូប​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ)
 
​មរតក​មនុស្សរ​ស់រូប​នេះ បាន​ផលិត​ឧបករណ៍​ភ្លេងបុរាណ​សម្រាប់​លក់​ក្នុងស្រុក និង​ក្រៅប្រទេស​ផងដែរ​។ ព្រឹទ្ធាចារ្យ​បានទទួល​ប័ណ្ណសរសើរ​នៅ​ឆ្នាំ​១៩៧៩ បានទទួល​សញ្ញាប័ត្រ​កិត្តិយស វីរ​សិល្បករ តាំងពី​ឆ្នាំ​១៩៩៦ ផ្ដល់​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ លោក​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ ព្រឹទ្ធាចារ្យ​វប្បធម៌ និង​សិល្បៈ​ខ្មែរ​នៅ​ឆ្នាំ​២០០១ ព្រមទាំង​ប្រកាស​នី​យ​ប័ត្រ គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ នៅ​ឆ្នាំ​២០០៩​។​
 
១៧-​ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារ ទេព​បញ្ញា​កោសល្យ​វិជ្ជា​
​ព្រឹទ្ធាចារ្យ​ទទួលអនិច្ចកម្ម នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ ៨៦​ឆ្នាំ ដោយ​ជរាពាធ​។ មរតក​មនុ​ស្សរស់ ឆេង ផុន ជា​អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​កាន់តំណែង​ជិត​មួយ​ទសវត្សរ៍​។ លោក​ក៏​ជា​អតីត​ប្រធាន គ​.​ជ​.​ប ដំបូង​គេ​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ ១៩៩៧-២០០៣​។ ទេព​បញ្ញា​កោសល្យ​វិជ្ជា គឺជា​អ្នកស្រាវជ្រាវ​សិល្បៈ វប្បធម៌ និង​អរិយធម៌​ខ្មែរ​។  លោក​ក៏​ជាប់​ឈ្មោះថា​ជា​អ្នក​ធ្វើឱ្យ​សិល្បៈ​វប្បធម៌​ជាតិរស់​ឡើងវិញ ក្រោយ​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍ដែរ​។

ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារ ទេពបញ្ញាកោសល្យវិជ្ជា (រូប​ពី​លោក ធៀង វណ្ណដារ៉ុង
 
​ជំនាញ​ដែល​ព្រឹទ្ធាចារ្យ​ចេះ​ចាំ​ស្ទាត់ គឺ សម្ដែង និពន្ធ និង​ដឹកនាំ​រឿងល្ខោន​លើ​ឆាក  ពិសេស​ស្នាដៃ​ដឹកនាំ​រឿង​ចុងក្រោយ​ដូចជា “​ដំណើរ​ជាតិ​កម្ពុជា​” ពៀរ​រំងាប់​ដោយ​ការមិន​ចងពៀរ​” ឆ្មាំ​បាយ័ន​” “​ព្រះ​អសោក​” “​ព្រះអង្គ​ជ័យ​” និង “​នាយ​ហ្មដំរី​”​។​
 
​លោក​ព្រឹទ្ធាចារ្យ ធ្វើជា​គ្រូ​សាលា​គរុកោសល្យ នៅ​ឆ្នាំ​១៩៥៥​។ លោក​ជា​ស្ថាបនិក​ក្រុម​របាំ​ប្រជាប្រិយ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឆ្នាំ​១៩៦៤​។ ជា​សាស្ត្រាចារ្យ​សិល្បៈ និង​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ល្បីឈ្មោះ​នៅ​កម្ពុជា នៅ​ឆ្នាំ​១៩៦៨​។ ជា​នាយក​អភិរក្ស​ដ្ឋា​ន​ជាតិ​សិល្បៈ​ទស្សនីយភាព ឆ្នាំ​១៩៧៣​។ ជា​សកលវិទ្យា​ធិ​ការ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឆ្នាំ​១៩៨០​។ ជា​រដ្ឋមន្ត្រីក្រសួង​ឃោសនាការ និង​ព័ត៌មាន ឆ្នាំ ១៩៨២-១៩៩១​។ ជា​នាយក​វិទ្យាស្ថាន​ខ្មែរ​វប្បធម៌ និង​វិបស្សនា ឆ្នាំ​១៩៩៣-១៩៩៥​។ ជា​នាយក​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា​ឆ្នាំ ១៩៩៥​។ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឆ្នាំ ១៩៩៨-២០០៣​។​
 
​ទេព​បញ្ញា​កោសល្យ​វិជ្ជា ធ្លាប់បាន​ដឹកនាំ និង​បង្រៀន​សិស្សសាលា​ល្ខោន ចាប់ពី​ឆ្នាំ​១៩៨០ រហូតមកដល់​ឆ្នាំ​២០០៣ ជាពិសេស​លើ​ទ្រឹស្ដី​សិល្បៈ​ការនិពន្ធ និង​ដឹកនាំ​រឿង​។ លោក​ជា​អ្នក​រិះគន់​សិល្បៈ​ដ៏​ល្បីល្បាញ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ លោក​ធ្លាប់​ចូលរួម​ការបណ្ដុះបណ្ដាល ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ លើ​វិស័យ​សិល្បៈ​នៅ​អាមេរិក ស្វី​ស ម៉ាឡេស៊ី និង​ឡាវ​......​។ 
 
​មរតក​មនុស្សរ​ស់រូប​នេះ ទទួលបាន​គ្រឿង​ឥស្សរិយយស ‘Commandeur de I’Ordre Royal du Cambodge’ ចុះ​នៅ​ខែកញ្ញា ឆ្នាំ​១៩៩៩​។ និង​ទទួល​គ្រឿង​ឥស្សរិយយស ផ្ដល់​ដោយ  The Fukuoka Asian Culture Prize រង្វាន់​ធំ ‘Grand Prize ឆ្នាំ​១៩៩៧៕

Tag:
 មរតក​មនុ​ស្សរស់​
  វប្បធម៌​
  សិល្បៈ​
  គំនូរ​
  អក្សរសាស្ត្រ​
  ល្ខោន​
  របាំ
© រក្សាសិទ្ធិដោយ thmeythmey.com