ជាតិ
រមណីយដ្ឋាន​ធម្មជាតិ «​រលុះ​ធំ​» នៅ​ឧ​ត្ត​រ​មានជ័យ មាន​ដី​ច្រោះ​ផុស​ជា​ជួរៗ​ដ៏​កម្រ​បំផុត​
25, Jul 2020 , 7:59 pm        
រូបភាព
ដោយ:
​រមណីយដ្ឋាន​រលុះ​ធំ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ រលុះ​ធំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទូង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខាងជើង​ឈៀង​ខាងលិច នៃ​ភូមិ​ក្បាល​ចាស់​ចម្ងាយ​ប្រហែល ៦​គីឡូម៉ែត្រ​។​

 
​ផ្ទាំង​ដី​ច្រោះ​ផុស​ត្រដែត​ឡើងជា​ជួរៗ នៅ​រមណីយដ្ឋាន​រលុះ​ធំ គឺជា​ទស្សនីយភាព​ដ៏​ប្លែក និង​កម្រ​មាននៅ​តំបន់​ទេសចរណ៍​នានា​នៅ​កម្ពុជា​។ ក្រៅពី​ដី​ច្រោះ​ធម្មជាតិ​ដ៏​ប្លែក​ភ្នែក​ហើយ ដី​ច្រោះ​ទាំងនេះ នឹង​បញ្ចេញ​ពណ៌​មាស នៅពេល​ពន្លឺព្រះអាទិត្យ​បញ្ចេញ​រស្មី ប៉ះចំ​ផ្ទាំង​ដី​ដែល​រឹង​ដូច​ថ្ម​ទាំងនោះ ហើយ​បង្កើន​សម្រស់ រលុះ​ធំ ឲ្យ​កាន់តែ​ទាក់ទាញ​អស្ចារ្យ​មួយកម្រិត​ទៀត​។ 
 
​លោកស្រី ធិ​ន នី​មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្លែងប្រាប់​សារព័ត៌មាន Thmeythmey25 ថា​រមណីយដ្ឋាន​រលុះ​ធំ មាន​ភ្ញៀវទេសចរ​កើនឡើង ចាប់តាំងពី​ឆ្នាំ​២០១៩ មក​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ទៅដល់ និង​មានការ​ផ្សព្វផ្សាយ ពី​រូបភាព​នៃ​សម្រស់​ដ៏​ទាក់ទាញ របស់​ដី​ច្រោះ​ទាំងនោះ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត និង​ភ្ញៀវទេសចរ​ដែល​ទៅលេង​នៅ​តំបន់​នោះ​។ 
 
​លោកស្រី នី​មុន្នី​រស្មី បន្ថែមថា​៖«​មន្ទីរ​ទេសចរណ៍​បាន​សិក្សា​ពី​តំបន់​នេះ តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ តែដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​ទៅដល់ ទើប​ទីនោះ​មិនទាន់​ល្បី​។ ក្រោយពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កៅស៊ូ​ទៅដល់ ធ្វើ​ឲ្យ​ដី​រលុះ​នោះ លេច​ត្រដែត​នៅ​នឹង​មាត់​ផ្លូវជាតិ ធ្វើ​ឲ្យ​ទេសចរ​ងាយស្រួល​ទៅដល់ ទើប​តំបន់​ដី​រលុះ​ធម្មជាតិ​មួយ​នេះ មាន​ភាពល្បីល្បាញ​»​។ 
 
​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ក្រៅពី​ទស្សនីយភាព​ដី​ច្រោះ​ពណ៌​មាស​ដ៏​កម្រ​ហើយ​នោះ ភ្ញៀវទេសចរ អាច​បោះតង់​សម្រាក គយគន់​ផ្កា​ព្រៃ​ច្រើន​ប្រភេទ​ដែល​ដាំ​ដោយ​សហគមន៍ អម​ជាមួយ​ព្រៃឈើ​នៅ​ជើងភ្នំ​ដងរែក​ផងដែរ​។ កាលពី​ឆ្នាំ​២០១៩ តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ជាង​១​ម៉ឺន​នាក់​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​។​
 
​សូមជម្រាបថា ក្រៅពី​រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏មាន​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយចំនួនទៀត​ដែរ ដូចជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សារមន្ទីរ​ផ្ទះ​តា​ម៉ុក និង ប្រាសាទ​តា​មាន់​-​តា​ក្របី ជាដើម​៕ 








Tag:
 ទេសចរណ៍​
  ដី​ច្រោះ
  ​ដី​រលុះ
  រលុះ​ធំ
© រក្សាសិទ្ធិដោយ thmeythmey.com