COVID-19
អន្តរជាតិ
អាមេរិក ហាម​និស្សិត​បរទេស​ចូល​ទឹកដី​ខ្លួន បើ​ពួកគេ​ត្រូវ​រៀន​អន​ឡាញ​
25, Jul 2020 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​អាមេរិក នៅ​ថ្ងៃទី​២៤ ខែកក្កដា បានចេញ​បម្រាម​ថ្មី​មួយទៀត​ទាក់ទង​និស្សិត​បរទេស​។ ក្នុង​សេចក្ដីណែនាំ​ថ្មី និស្សិត​បរទេស​ដែល​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាកលវិទ្យាល័យ​អាមេរិក នឹង​មិនអាច​ជាន់ទឹក​ដី​អាមេរិក​បានឡើយ បើ​សាលារៀន​របស់​ពួកគេ ផ្ដល់​ការបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងស្រុង​នោះ​។​

 
​ក្នុង​សេចក្ដីប្រកាស​របស់​អង្គភាព​អន្តោប្រវេសន៍ និង​គយ (ICE) និស្សិត​បរទេស​ដែល​ត្រូវ​បន្ត​ការសិក្សា​នៅ​អាមេរិក​នៅ​ឆមាស​ខាងមុខ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទឹកដី​អាមេរិក ក្នុងករណី​សាលារៀន​ដែល​ពួកគេ​បាន​ចុះឈ្មោះ សម្រេច​បង្រៀន​តាម​អន​ឡាញ​ពេញលេញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការ​រាតត្បាត​ជំងឺ COVID-19 បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រព័ន្ធ​អន្តរជាតិ ហើយ​អាមេរិក​ដែលជា​ទិសដៅ​របស់​និស្សិត​បរទេស​រាប់សិប​ម៉ឺន​នាក់ ក៏​មិន​ខុសគ្នា​ដែរ​។ មិនទាន់មាន​ការសម្រេច​ចិត្ត​ណាមួយ​ពាក់ព័ន្ធ​ការបង្រៀន​អន​ឡាញ ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចង់​ឲ្យ​សាលារៀន​ទាំងអស់​បើកទ្វារ​ទទួល​សិស្ស​ឡើងវិញ​។ បំណង​នេះ រង​ការរិះគន់​ខ្លាំង​ព្រោះ​អាច​ប៉ះពាល់​សុខភាព​សិស្ស​តាមរយៈ​ការឆ្លង ឬ​ចម្លងជំងឺ​ផ្លូវដង្ហើម​នេះ​។​
 
​នេះ​ជាការ​ផ្លាស់ប្ដូរ​គោលនយោបាយ​លើក​ទី​បី​របស់​រដ្ឋបាល​លោក ត្រាំ ទាក់ទង​និស្សិត​បរទេស​ដែលជា​ប្រភព​ចំណូល​សំខាន់​មួយ​របស់​សាកលវិទ្យាល័យ​អាមេរិក​។ ពីដំបូង រដ្ឋបាល​របស់លោក រង​ប្រតិកម្ម​យ៉ាងខ្លាំង​ក្រោយ​ចេញ​ការណែនាំ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​និស្សិត​បរទេស​ដែល​កំពុង​រៀន​នៅ​អាមេរិក បើ​ពួកគេ​ត្រូវ​រៀន​តាម​អន​ឡាញ​។ ស្ថាប័ន​អប់រំ​អាមេរិក ក៏​ប្ដឹងទៅ​តុលាការ​ឲ្យ​រក​ខុសត្រូវ​។ នៅ​ថ្ងៃទី​១៤ ខែកក្កដា រដ្ឋាភិបាល​អាមេរិក ក៏​លុបចោល​ការណែនាំ​នេះ​វិញ​។​
 
​វិធានការ​ខាងលើនេះ ត្រូវគេ​មើលឃើញថា ជាការ​ដាក់​សម្ពាធ​រប​ស់លោក ត្រាំ សាលារៀន​អាមេរិក​ដើម្បី​ឲ្យ​ពួកគេ​បើកទ្វារ​ឡើងវិញ ខណៈ​សាលារៀន​ភាគច្រើន ហាក់​ប្រយ័ត្នប្រយែង​ក្នុងការ​ធ្វើ​បែប​នវ នៅពេលដែល​ជំងឺ COVID-19 មិនទាន់​ធូរស្រាល​ផង​នោះ​។ សម្រាប់​លោក ត្រាំ វត្តមាន​សិស្ស​ក្នុង​ថ្នាក់រៀន ជា​សញ្ញា​នៃ​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ ទោះជា​ស្ថានការណ៍​ជាក់ស្ដែង​ខុសពី​ការចង់បាន​របស់លោក​ក្ដី​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា អាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង​៤​លាន​២​សែន​នាក់ និង​ស្លាប់​ជិត​១៥​ម៉ឺន​នាក់​៕

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com