ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព្រះសង្ឃ​រួមចំណែក​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​សំរាម​
25, Jul 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី វត្ត​អារាម​និង​ការគ្រប់គ្រង​សំរាម ដើម្បី​សោភ័ណភាព​ក្រុង​អង្គរ​។ សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុងន័យ​ភ្ជាប់​កិច្ចការ​ពុទ្ធសាសនា ជាមួយ​ការងារ​សង្គម និង​មាន​តំណាង​ព្រះសង្ឃ​ដែល​គ្រប់គ្រង​ការផ្សាយ​របស់​វិទ្យុ​សហគមន៍ ចូលរួម​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ដល់​ព្រះសង្ឃ ក៏ដូចជា​ដល់​ពុទ្ធបរិស័ទ​។ តើ​ព្រះសង្ឃ​រួមចំណែក​អ្វីខ្លះ ក្នុង​ការងារ​ផ្សព្វផ្សាយ​បញ្ហា​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​?


​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖

 
​សិក្ខាសាលា​បញ្ជ្រាប​ចំណេះដឹង ទាក់ទង​នឹង​បញ្ហា​សង្គម​ដល់​ព្រះសង្ឃ ត្រូវបាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប ដោយ​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ បាន​យក​ទីតាំង​សាលាឆាន់​វត្ត​រាជ​បូ​រណ៍​សម្រាប់​បណ្ដុះបណ្ដាល​សិក្ខាកាម រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ កក្កដា​។ សិក្ខាកាម​ភាគច្រើន ជា​ព្រះសង្ឃ មកពី​តាម​បណ្ដា​វត្ត​ក្នុងស្រុក​/​ក្រុង​ទាំង​១២ នៃ​ខេត្តសៀមរាប និង​តំណាង​ព្រះសង្ឃ​ដែល​គ្រប់គ្រង​ការផ្សាយ​របស់​វិទ្យុ ចំនួន​១០​កម្មវិធី សរុប​ចំនួន ៦០​អង្គ​/​នាក់​។​
 
​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​ធម្ម​បណ្ឌិត ហេង មណី​ចិន្ដា ឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ស្ថាប័ន​របស់លោក តែង​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដែលជា​កម្មវិធី​ពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​កិច្ចការ​សង្គម​។ សិក្ខាសាលា​នេះ បាន​និមន្ត​ព្រះសង្ឃ​ដែល​លោក​មាន​កម្មវិធី​វិទ្យុ​របស់ខ្លួន មក​ផ្តល់​ចំណេះដឹង​បន្ថែម ទាក់ទង​នឹង​ផ្នែក​វិទ្យុ​សហគមន៍ និង​ផ្តល់​ចំណេះដឹង​ខាង​សង្គម​ផង​។ ហើយ​ឆ្នាំនេះ សិក្ខាសាលា​ផ្តោតលើ​បញ្ហា​សំរាម​។​
 
​ធម្ម​បណ្ឌិត ហេង មណី​ចិន្ដា ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ឆ្នាំ​២០២០​យើង​ផ្តោតលើ​បញ្ហា​សំរាម នៅតាម​ខេត្ត​មួយចំនួន​ដូច​នៅ​បាត់ដំបង យើង​ផ្តោតលើ​អនាម័យ​តាម​ដងស្ទឹង​សង្កែ នៅ​ខេត្តសៀមរាប​យើង​ពង្រីក​វិសាលភាព​លើ​ពាក្យ​ថា ព្រះសង្ឃ​និង​ការគ្រប់គ្រង​សំរាម​ដើម្បី​សោភ័ណភាព​ក្រុង​អង្គរ​។ ក្រៅពីនេះ​យើង​គ្រោង​ធ្វើ​នៅ​ខេត្តកំពង់ធំ ដែល​យើង​មាន​ស្ទឹងសែន និង​នៅ​ខេត្តពោធិ៍សាត់ ដែល​យើង​មាន​ស្ទឹង​ពោធិ៍សាត់ បំណង​ដើម្បីឱ្យ​ព្រះសង្ឃ​យកចិត្តទុកដាក់ ឱ្យ​លោក​ជួយ​ផ្សព្វផ្សាយ​ព្រះធម៌​តាមរយៈ​ការ​ទេសនា​របស់លោក និង​តាមរយៈ​វិទ្យុ​ដែល​លោក​កាន់កាប់ ដើម្បីឱ្យ​ពុទ្ធបរិស័ទ​ជួយ​កាត់បន្ថយ​នៅក្នុង​ការបោះ​ចោល​សំរាម​ផ្ដេសផ្ដាស កាត់បន្ថយ​ការប្រើប្រាស់​ដប​ប្លា​ស្ទិ​ក ដើម្បី​បរិស្ថាន​ស្អាត​...»​។​


 
​ទាក់ទង​នឹង​ការចូលរួម​ក្នុង​កិច្ចការ​បរិស្ថាន​នេះដែរ កន្លងមក​ព្រះសង្ឃ​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សា​កិច្ចការ​វត្ត​អារាម​ក្នុង​ឧទ្យាន​អង្គរ ដែល​ហៅ​កាត់​ថា CoMAPA បាន​អប់រំ​ដល់​បណ្ដា​វត្ត​ជាង​៣០​ក្នុង​ឧទ្យាន​អង្គរ ឱ្យ​យល់​ពី​ការ​ទុកដាក់​សំរាម និង​ការដាំ​ដើមឈើ​ឡើងវិញ​ជាដើម​។ ធម្ម​បណ្ឌិត ហេង មណី​ចិន្ដា សង្កេតឃើញថា ក្រោយ​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​រួចមក វត្ត​អារាម​មួយចំនួន​បាន​ផ្លាស់ប្ដូរ​មុខមាត់ ដោយមាន​ការដាក់​ធុងសំរាម ការញែក​សំរាម ពិសេស​ការរៀបចំ​សួនច្បារ និង​ការដាំ​ដើមឈើ​ឡើងវិញ បង្កើន​សោភ័ណភាព​ក្នុង​វត្ត​អារាម​។​
 
​អគ្គនាយក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា លោក អៀង សុធា​រ៉ា ដែល​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​នៅពេលនោះ បាន​និយាយថា បញ្ហា​សំរាម​គឺជា​រឿង​ចាក់ស្រេះ​ក្នុងសង្គម​ខ្មែរ និង​ទាមទារ​ការអប់រំ​ដល់​ពលរដ្ឋ​ឱ្យបាន​ច្រើន​។ លោក​ពន្យល់ថា សំរាម​គ្មាន​វិញ្ញាណ​ឬ​មាន​ចលនា​បំលាស់​ទីនោះ​ទេ លើកលែងតែ​មនុស្ស​ជា​អ្នកគ្រប់គ្រង​វា​បាន​។ ការងារ​នេះ​គឺ​ទាមទារ​ការសហការ​និង​ការយល់ដឹង​ពី​ប្រជាពលរដ្ឋ​ជា​ចាំបាច់​។ លោក​លើកឡើងថា​៖« ឱ្យតែ​កន្លែង​ណា​មាន​សំរាម យើង​ខំ​តុបតែង​រៀបចំ​យ៉ាងណាក៏ដោយ គឺ​បាត់​សោភ័ណភាព​ហើយ ធ្វើ​ម៉េច​ក៏​មិន​ស្អាត​ដែរ​»​។​
 
​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​សំរាម និង​កែច្នៃ​រូបនេះ​ពន្យល់ថា សំរាម​ផ្តល់​ផលប៉ះពាល់​ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត​។ សំរាម​បង្កឱ្យមាន​ជំងឺ​ជាច្រើន​ដូចជា បញ្ហា​ផ្លូវដង្ហើម ពោះវៀន ជំងឺ​ធុញថប់ គេង​មិន​លក់​ជាដើម​។​ល​។​


 
​ជា​ម្ចាស់​អាជីវកម្ម​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​ដែរនោះ លោក អៀង សុធា​រ៉ា ផ្តល់យោបល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​នេះ​បាន គឺ​ត្រូវ​ផ្តើម​ពី​ការកាត់បន្ថយ​ជាមុន​។ លោក​ពន្យល់ថា​៖« អ្នក​ប្រើ​ចានស្រាក់ និង​ប្រអប់​ស្នោ បើ​យើង​ម្នាក់ៗ​រួបរួមគ្នា​ប្រើ​ភាគច្រើន​ចានស្រាក់ ប្រអប់​ស្នោ​ត្រូវ​ថយ​»​។​
 
​ទាក់ទង​នឹង​ការចូលរួម​របស់​ព្រះសង្ឃ លោក អៀង សុធា​រ៉ា មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​សំរាម​នេះ​កាន់​តែមាន​ប្រសិទ្ធភាព​។ លោក​បន្ថែមថា​៖« ព្រះសង្ឃ​មានឱកាស​ទេសនា​ច្រើន ទេស​តាម​ភូមិ តាម​ផ្ទះ ហើយ​ប្រជាជន​ស្ដាប់​ច្រើន គាត់​អាច​ចូលរួម រឿង​សំខាន់​គេ​រកឃើញ​ការគ្រប់គ្រង​សំរាម​គឺ​គេ​គ្រប់គ្រង​ពេល​បោះ​មុន មិនមែន​ពេល​ចោល​ទេ​»​។​
 
​លោក អៀង សុធា​រ៉ា យល់​ទៀតថា​៖« នៅ​សៀមរាប​មាន​វត្ត​ជាង​២០០​វត្ត ហើយ​លោក​ក៏​ទទួល​ចង្ហាន់​ពី​ពុទ្ធបរិស័ទ ពិសេស​រដូវ​ចូល​វស្សា មែនទែន​បើ​ធ្វើការ​ជាមួយ​អ្នកផ្សេង អាច​ត្រូវ​ចាយ​ថវិកា​ច្រើន តែ​ព្រះសង្ឃ​អាច​ទេស​ក្នុង​ពិធី​ច្រើន អាច​បញ្ជ្រាប​រឿង​សំរាម​ហើយ​ពលរដ្ឋ​ចូលចិត្ត​ស្ដាប់​ទៀត ចឹ​ង​ពេលនេះ​យើង​បង្រៀន​គាត់​សិន ទើប​លោក​មាន​ទុន​ដើម្បី​ទេស​ឱ្យ​ពុទ្ធបរិស័ទ​ស្ដាប់​»​។​
 
​តាម​របាយការណ៍​ពី​មន្ទីរ​បរិស្ថាន​ខេត្ត ជាប្រចាំ​ថ្ងៃ​ក្រុង​សៀមរាប​មាន​សំរាម​៣០០​តោន ចំណែក​សំរាម​ក្នុង​ស្ទឹង​សៀមរាប ជាប្រចាំ​ថ្ងៃ​ក្រុមហ៊ុន​ប្រមូលបាន​២​តោន​៕







Tag:
 សំរាម​
  ពុទ្ធសាសនា​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com