ជាតិ
សហគមន៍ព្រៃឈើរលួសធំ សក្តានុពលទេសចរណ៍ផ្សងព្រេងថ្មីនៅតំបន់ជួរភ្នំដងរែក
× ភ្នំពេញ៖ ទេសចរណ៍បែបផ្សងព្រេងជាប្រភេទទេសចរណ៍មួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពេលថ្មីៗនេះ។ សហគមន៍ព្រៃឈើរលួសធំ ជាតំបន់ទេសចរណ៍ផ្សងព្រេងថ្មីមួយ ដែលភ្ញៀវទេសចរភាគតិចណាស់បានទៅដល់។ តំបន់ទេសចរណ៍ផ្សងព្រេងមួយនេះ មានសក្តានុពលទេសចរណ៍ជាច្រើន ដូចជា ដីរលុះ ព្រៃឫស្សីជ្រុម ទឹកធ្លាក់ និងវាលស្មៅខៀវស្រងាត់ជាដើម។
សហគមន៍ព្រៃឈើរលួសធំ ដែលមានទំហំរហូតដល់ជាង២ពាន់ហិកតា ស្ថិតនៅតំបន់ជួរភ្នំដងរែកជាតំបន់ទេសចរណ៍ផ្សងព្រេងថ្មីមួយ មានទេសភាពទាក់ទាញពីធម្មជាតិ មានវាលច្រមុះភ្នំ និងវាលស្មៅខៀវស្រងាត់ធំល្វឹងល្វើយ នៅតំបន់ជួភ្នំដងរែក។ លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមរយៈទូរសព្ទថា៖ «តំបន់ផ្សងព្រេងថ្មីមួយនេះ មិនត្រឹមតែមានវាលស្មៅដ៏ទាក់ទាញមួយនេះ ថែមទាំងមានសក្តានុពលទេសចរណ៍ជាច្រើនទៀតដូចជា ដីរលុះជាប្រភេទដីដុះកម្រ ទីតាំងថ្មបេះដូងសក្កិសិទ្ធ ព្រៃឫស្សីជ្រុម ទឹកធ្លាក់ ល្អាងពស់ តំបន់ទឹកជប់ ពយថ្មដែលអាចមើលឃើញទេសភាពខាងក្រោមភ្នំ»។
លោកស្រី ធិននី មុន្នីរស្មី បន្តថា មន្ទីរទេសចរខេត្ត ក៏ដូចជាប្រជាពលរដ្ឋស្ថិតក្នុងសហគមន៍ព្រៃឈើររលួសធំកំពុងត្រៀមខ្លួនក្នុងការទទួលទេសចរមកកាន់តំបន់ទេសចរបែបផ្សងព្រេងថ្មីមួយនេះ។ «បច្ចុប្បន្ននេះយើងបានត្រៀមកំណត់គោលដៅឲ្យជាក់លាក់ ហើយយើងកំពុងសម្រួលផ្លូវធ្វើដំណើរដល់ទេសចរសម្រាប់ចំណុចដែលលំបាកខ្លះ យើងមានក្រុមប្រជាការពារសម្រាប់ការពារដើម្បីឲ្យទេសចរជឿជាក់ថាមានសុវត្ថិភាព សម្រាប់ម្ហូបអាហារវិញ គឺយើងមានអារហារក្នុងសហគមន៍សម្រាប់បម្រើដល់ភ្ញៀវទេសចរ»។ នេះជាការលើកឡើងរបស់លោកស្រីប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។
សម្រាប់ភ្ញៀវទេសចរចូលចិត្តដំណើរផ្សងព្រេង មិនគួររំលងតំបន់ទេសចរណ៍ថ្មីមួយនេះទេ គួរតែទៅកម្សាន្តផ្តិតយករូបភាពធម្មជាតិស្រស់ត្រកាលនៃតំបន់ភ្នំដងរែកដោយចំណាយត្រឹមរយៈពេលមួយថ្ងៃក៏គ្រប់គ្រាន់ ។ សហគមន៍ព្រៃឈើររលួសធំ មានទីតាំងស្ថិតនៅ ភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងខាងជើងឈៀងខាងលិច នៃភូមិក្បាលចាស់ចម្ងាយប្រហែល ៦គីឡូម៉ែត្រ៕
រូបភាពពីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ៖
Tag:
សហគមន៍ព្រៃឈើរលួសធំ
ផ្សងព្រេង
ភ្នំដងរែក
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com