អន្តរជាតិ
ដូច​អាមេរិក​ដែរ អូស្ត្រាលី​ចាត់ទុក​ការទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាការ​ខុសច្បាប់
25, Jul 2020 , 9:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន ។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន ។ រូបភាព AFP
​អូស្ត្រាលី បាន​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ចាត់ទុកជា​រឿង​ខុសច្បាប់​។ ក្នុង​លិខិត​ផ្ញើ​ទៅកាន់​អង្គការសហប្រជាជាតិ អូស្ត្រាលី​អះអាងថា ចិន​គ្មាន​មូលដ្ឋាន​អ្វី​ដើម្បី​គាំទ្រ​ការទាមទារ​របស់ខ្លួន​ឡើយ​។ ជាមួយ​ការបដិសេធ​នេះ អូស្ត្រាលី ឈរ​ខាង​អាមេរិក​ក្នុងការ​ជំទាស់​សកម្មភាព​របស់​ចិន​នៅ​តំបន់​សមុទ្រ​ដ៏​មមាញឹក​មួយ​នេះ​។​

 
​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៣ ខែកក្កដា អូស្ត្រាលី​និយាយថា មិនទាន់​មូលដ្ឋាន​ច្បាប់​ទាល់តែសោះ​ក្នុងការ​ទាមទារ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​អំណះអំណាង​ដែល​ប្រើ​ដើម្បី​ការពារ​ការសាងសង់​កោះ​សិប្បនិម្មិត​នៅលើ​កោះ​តូចៗ​នៃ​សមុទ្រ​នេះ​។ លើសពីនោះ អូស្ត្រាលី ថែមទាំង​អះអាងថា ចិន​ក៏​មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​អ្វី​ក្នុង​ការគូសវាស​ខ្សែ​ភ្ជាប់​ពី​ប្រជុំ​កោះ​មួយ​ទៅមួយ​ទៀត​ដែរ​។​
 
«​អូស្ត្រាលី​បដិសេធ​ការអះអាង​របស់​ចិន​ដែល​លើកឡើង​ពី​សិទ្ធិ​ប្រវត្តិសាស្ត្រ​, សិទ្ធិ​ផ្ទៃសមុទ្រ ឬ​ផលប្រយោជន៍​ដូចដែល​ធ្លាប់មាន​ក្នុងការ​អនុវត្ត​កន្លងមក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​» នេះ​ជា​អត្ថន័យ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អូស្ត្រាលី​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ជំហរ​របស់​អូស្ត្រាលី គឺ​ដូចគ្នា​នឹង​ជំហរ​របស់​អាមេរិក​ដែល​ប្រកាស​កន្លងទៅ​។ អាមេរិក​បានប្រកាស​ជា​សាធារណៈ​ទាត់ចោល​ការទាមទារ​រ​បស់​ចិន ហើយ​គាំទ្រ​ភាគី​ជម្លោះ​ឯទៀត​ដោយ​ចំហ​តែម្ដង​។ វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី ជា​ភាគី​ជម្លោះ ប៉ុន្តែ​មិនសូវ​ហ៊ាន​តតាំង​ដោយផ្ទាល់​នឹង​ចិន​ដែលជា​មហាអំណាច​ឡើយ​។ ជាការ​កត់សម្គាល់ ហ្វីលីពីន និង​វៀតណាម ហាក់​ចេញមុខ​តវ៉ា​សកម្មភាព​ចិន​ជាងគេ​។​
 
​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​អូស្ត្រាលី នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​នៅពេល​ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីក្រសួង​ទាំងពីរ​។ សន្តិសុខ​តំបន់ ក៏​ទំនងជា​របៀបវារៈ​សំខាន់​មួយ​ដែរ​។  ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ថ្ងៃទី​២៥ ខែកក្កដា រដ្ឋមន្ត្រីការបរទេស ម៉ា​រី​ស ផេ​ន និង​រដ្ឋមន្ត្រី​ការពារជាតិ លីន​ដា រ៉េ​ណុល បញ្ជាក់ថា ជំនួប​នេះ ធ្វើឡើង​ចំពេល​សំខាន់​។​
 
​ទំនាក់ទំនង​អូស្ត្រាលី និង​ចិន​មិនសូវ​ល្អ​នៅពេល​បច្ចុប្បន្ននេះ​។ ចិន​ខឹងសម្បារ​ខ្លាំង​ពេលដែល​អូស្ត្រាលី​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ប្រភព​ជំងឺ COVID-19 ដែល​កំពុង​អុកឡុក​ពិភពលោក​។ ចិន​បាន​ឆ្លើយតប​វិញ​ជាមួយ​ការ​រឹតបន្តឹង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ លើសពីនោះ អូស្ត្រាលី ក៏​មិន​ពេញចិត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង ដែល​ការណ៍​រឹតតែ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្តនឹង​អូស្ត្រាលី​កាន់តែខ្លាំង​៕

Tag:
 អូស្ត្រាលី​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com