COVID-19
អន្តរជាតិ
កូរ៉េខាងជើង ប្រកាសអាសន្នខ្ពស់បំផុត ក្រោយមានករណីសង្ស័យ COVID-19 ចូលពីកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ ក្រោយការមានករណីសង្ស័យជំងឺ COVID-19 ។ រូបភាព KCNA
× កូរ៉េខាងជើង បានដាក់ចេញកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត និងអនុវត្តប្រព័ន្ធភាពអាសន្នអតិបរមា ក្រោយមានករណីសង្ស័យជំងឺ COVID-19 លើជនជាតិកូរ៉េខាងជើងម្នាក់ដែលត្រឡប់ពីកូរ៉េខាងត្បូងវិញ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ថា ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយ។ ទីក្រុង Kaesong ទីដែលរកឃើញករណីសង្ស័យ ត្រូវបានបិទ ហើយអ្នកពាក់ព័ន្ធទាំងអស់ ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់សមាជិកការិយាល័យនយោបាយបក្សពលករកូរ៉េ។ ទីភ្នាក់ងារព័ត៌មាននេះ មិនបានបញ្ជាក់កាលបរិច្ឆេទប្រជុំឡើយ តែជាធម្មតា សកម្មភាពរបស់មេដឹកនាំកំពូលកូរ៉េខាងជើង តែងត្រូវបានផ្សព្វផ្សាយនៅថ្ងៃបន្ទាប់។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោយការសេចក្ដីរាយការណ៍ករណីសង្ស័យជំងឺ COVID-19 លើជនជាតិកូរ៉េខាងជើងដែលរត់ចូលពីកូរ៉េខាងត្បូង។ បើតាម KCNA បុរសកូរ៉េខាងជើង បានឆ្លងព្រំដែនអន្តរកូរ៉េដ៏គ្រោះថ្នាក់នៅថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីរត់ភៀសខ្លួនអស់បីឆ្នាំ។ ប៉ុន្តែនៅកូរ៉េខាងត្បូងវិញ គេមិនឃើញការរាយការណ៍ពីករណីឆ្លងដែននេះឡើយ។ រូបគេមានអាការសង្ស័យ ក្រោយការត្រួតពិនិត្យប្រព័ន្ធដង្ហើម និងឈាមបង្ហាញពីលទ្ធផលមិនច្បាស់ ដែលអាចចាត់ទុកជាករណីសង្ស័យ COVID-19។
KCNA ផ្សាយថា កិច្ចប្រជុំការិយាល័យនយោបាយ បានអនុម័តការប្រកាសអាសន្នខ្ពស់បំផុត។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅករណីនេះ ជាស្ថានការណ៍ដ៏សំខាន់ បើទោះជាកូរ៉េខាងជើងបានអនុវត្តវិធានការដ៏ខ្លាំងក្លាអស់រយៈពេល៦ខែទៅហើយក្ដី។ លោក គីម ក៏បានបញ្ជាឲ្យមន្ត្រីចាត់វិធានការបន្ថែមទៀតនៅទីក្រុង Kaesong ឲ្យបានរហ័ស សំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្លូវដង្ហើមមួយនេះ។
«ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន លោក គីម បានប្រកាសភាពអាសន្ននៅតំបន់ពាក់ព័ន្ធ និងបញ្ជាក់ពីជំហររបស់គណៈមជ្ឈិមបក្សក្នុងការដំឡើងកម្រិតអាសន្នប្រឆាំងជំងឺឆ្លងទៅជាប្រព័ន្ធភាពអាសន្នអតិបរមា និងដាក់ចេញប្រព័ន្ធប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត។» នេះបើតាមការផ្សាយរបស់ KCNA ដែលបន្ថែមថា Kaesong ត្រូវបានបិទ ហើយអ្នកដែលមានទំនាក់ទំនងជាមួយករណីសង្ស័យ ត្រូវស្ថិតក្រោមការស៊ើបអង្កេត ដាក់នៅដោយឡែក និងស្ថិតក្រោមការតាមដានសុខាភិបាល។
បើតាមត្រូវបានបញ្ជាក់មែននោះ នេះជាករណីឆ្លងទីមួយនៅកូរ៉េខាងជើង។ ក្រោយការផ្ទុះករណីឆ្លងនៅចិន កូរ៉េខាងជើងបានបិទព្រំដែន និងការធ្វើដំណើរស្ទើរទាំងស្រុង និងអនុវត្តវិធានចត្តាឡីស័កដ៏តឹងតែងបំផុតផងដែរ។ លោក គីម ហាក់ខកចិត្ត ដោយនិយាយថា រឿងបែបនេះបែរជាអាចកើតឡើង បើទោះជាប្រទេសលោកចាត់វិធានការដាច់ណាត់ក្ដី។
ខណៈកូរ៉េខាងជើង អះអាងថា ខ្លួនមិនមានករណីឆ្លងសូម្បីតែមួយ នៅពេលដែលកូរ៉េខាងត្បូង ចិន និងរុស្ស៊ី មានការឆ្លងរាប់ម៉ឺននោះ ការសង្ស័យនៅតែមានថា COVID-19 បានឆ្លងនៅរដ្ឋកុម្មុយនីស្តមួយនេះហើយ៕
Tag:
កូរ៉េខាងជើង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com