ជាតិ
ក្រុមហ៊ុននៅកម្ពុជាចំនួន១៥ ដែលអាចនាំចេញចេកអំបូងទៅប្រទេសចិន
× ក្រុមហ៊ុននៅកម្ពុជា ចំនួន១៥ហើយ ដែលទទួលបានការអនុញ្ញាតនាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា។ តាមស្ថានទូតចិន ក្រុមហ៊ុនទាំង១៥ មានផ្ទៃដីដាំដុះចេកជាង ៨ពាន់ហិកតា និងរោងចក្រវេចខ្ចប់សរុប ២១កន្លែង។
ភាគីចិនបានយល់ព្រមឲ្យកម្ពុជា នាំចេញផ្លែចេកទៅទីផ្សាររបស់ខ្លួនដោយផ្ទាល់ នៅខែសីហាឆ្នាំ២០១៨។ ដ្បិតកិច្ចព្រមព្រៀងនោះ មិនបានកំណត់ចេកប្រភេទណានោះតែមន្ត្រីកសិកម្មកម្ពុជា អះអាងថា មានតែចេកអំបូងលឿងនោះទេ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការនាំចេញនេះ។ កម្ពុជា បានចាប់ផ្តើមនាំចេញចេកអំបូងលឿងលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។ មុនកិច្ចព្រមព្រៀងនេះ កម្ពុជានាំចេញចេកអំបូងលឿងរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ ទៅក្រៅប្រទេស ពិសេសប្រទេសវៀតណាម។
កន្លងមកក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០ កម្ពុជាបាននាំចេញចេកអំបូងលឿង ជាង១៤ម៉ឺនតោន គិតជាប្រាក់ គឺចំនួន ៦៨,៥៦២,៧៩៣ដុល្លារ ទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន។ ដោយឡែក ក្នុងឆ្នាំ២០១៩ កម្ពុជាក៏បាននាំចេញចេកជាង១៥ម៉ឺនតោន គិតជាទឹកប្រាក់មានជិត ៦០លានដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានីផងដែរ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com