អន្តរជាតិ
លោកស្រី យី​ង​ឡាក់ ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​ពុករលួយ​ថៃ​ផ្តោត​ការងារ​រដ្ឋាភិបាល​បច្ចុប្បន្ន ជាង​សើរើ​សំណុំរឿង​លោកស្រី​
26, Jul 2020 , 1:59 pm        
រូបភាព
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថៃ​ផ្តោត​ការយកចិត្តទុកដាក់ និង​តាមដាន​ការបំពេញ​មុខងារ និង​ភារកិច្ច​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រមុខ ជាជាង​សើរើ​សំណុំរឿង​របស់​រដ្ឋាភិបាល​លោកស្រី​។ លោកស្រី មិន​ចង់ឃើញ​អង្គភាព​មួយ​នេះ ដាក់​មុខសញ្ញា​តែ​លើ​អ្នកប្រឆាំង​រដ្ឋាភិបាល​នោះទេ​។​

 
​ទំនងជា​ទ្រាំលែងបាន​នឹង​ទង្វើ​ដដែលៗ​របស់​រដ្ឋាភិបាល​ថៃ ដែល​ពីមុន​ជា​រដ្ឋាភិបាលយោធា​នោះ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅ បានចេញ​ប្រតិកម្ម​មួយ​តប​ទៅនឹង​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចោទប្រកាន់​លោកស្រី និង​មន្ត្រីក្រោមឱវាទ​របស់លោក​ស្រី​ពីបទ​រំលោភ​អំណាច​មុខងារសាធារណៈ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង និង​តែមួយ​របស់​ថៃ​រូបនេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី បាន​ចោទ​ជា​សំណួរ​ថា​តើ​ហេតុអ្វី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយ អនុវត្ត​នីតិវិធី​យ៉ាង​ឆាប់រហ័ស​ក្នុង​បទចោទប្រកាន់​លោកស្រី​ដល់​ពីរ​សំ​ណុរ​រឿង ទាំង​ចំពោះមុខ​គណៈកម្មាធិការ​នេះ មានរឿង​ច្រើន​លើ​សកម្មភាព​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​។​
 
​លោកស្រី យី​ង​ឡាក់ ដែល​បច្ចុប្បន្ន​ហ៊ុមព័ទ្ធ​ទៅដោយ​ការចោទប្រកាន់​ពី​តុលាការ​ថៃ​ច្រើន​ស្រាប់​ហើយ​នោះ បាន​កត់សម្គាល់ថា អ្នកនយោបាយ ឬ​អតីត​អ្នកនយោបាយ ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល តែង​ត្រូវបាន​ស្ថិតក្នុង​ការចោទប្រកាន់ ឬ​ការសង្ស័យ​ប្រព្រឹត្ត​បទល្មើសៗ ខណៈដែល​ក្រុម​អ្នក​ដែល​នៅ​កាន់អំណាច តែងតែ​ត្រូវ​ជានិច្ច​។ 
 
​សូម​ជម្រាប​បន្តិច​ថា នៅ​ថ្ងៃ​២២ កក្កដា​កន្លងទៅ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​ថៃ បាន​អះអាងថា បាន​រកឃើញ​ភស្តុតាង​មួយចំនួន​ដែល​បង្ហាញថា លោកស្រី យី​ង​ឡាក់ និង​អគ្គលេខាធិការ​របស់លោក​ស្រី រួមទាំង​ឧបនាយករដ្ឋមន្ត្រី​មួយរូប បាន​រំលោភច្បាប់​ក្នុង​ការដាក់​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ជាតិ ដែលមាន​ទំហំ​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​
 
​គិត​ចាប់ពី​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​ទម្លាក់​ចេញពី​មុខតំណែង​តាមរយៈ​រដ្ឋប្រហារ​យោធា​មក លោកស្រី ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពីបទ​ល្មើស​ជា​បន្តបន្ទាប់ ហើយ​លោកស្រី ក៏ត្រូវ​បាន​តុលា​ការហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ទៀតផង​៕ 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com