សត្វ​កម្រ រុក្ខជាតិ និង​ដើមឈើ​ធំៗ​...​នៅ​«​អូរ​កា​សៀ​ប​» រង់ចាំ​ទទួល​ទេសចរ​ទៅ​ទស្សនា​
ជាតិ
សត្វ​កម្រ រុក្ខជាតិ និង​ដើមឈើ​ធំៗ​...​នៅ​«​អូរ​កា​សៀ​ប​» រង់ចាំ​ទទួល​ទេសចរ​ទៅ​ទស្សនា​
26, Jul 2020 , 2:39 pm        
រូបភាព
​ភ្នំពេញ​៖​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​កា​សៀ​ប នៃ​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដ៏​ត្រកាល​មួយ ដែល​សម្បូរ​ទៅដោយ​រុក្ខជាតិ និង​ដើមឈើ​ធំៗ​ចម្រុះ​, ទឹកជ្រោះ និង​អូរ​ធម្មជាតិ ជាពិសេស​សត្វ​តូច​ថ្ពាល់​លឿង ដែលជា​ប្រភេទ​សត្វ​កម្រ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងបរិស្ថាន​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។


 
​បើតាម​ក្រសួងបរិស្ថាន ក្រៅ​តែ​គយគន់​ទិដ្ឋភាព​ធម្មជាតិ​ហើយ​នោះ អ្នកទេសចរ​ក៏​អាច​លម្ហែ​ដោយ​ការ​ជិះ​កង់​កម្សាន្ត ហើយ​នៅពេល​យប់​ទេសចរ​អាច​បោះតង់​គេង អាំង​សាច់ និង​ភ្លក់​រសជាតិ​អាហារ​ប្រពៃណី របស់​សហគមន៍​នៅក្នុង​តំបន់​។ 
 
​សូមជម្រាបថា សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​កា​សៀ​ប នៃ​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង មាន​ផ្ទៃដី​១,៦៦៨​ហិកតា ស្ថិតនៅ​ក្នុងភូមិ​កង​ណ​ក ភូមិ​អ៊ី​ទូ​ប និង​ភូមិ​បាក់​កែ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ 
 
​ខេត្ត​ដែល​ស្ថិតនៅក្នុង​ភូមិភាគ​ឦសាន​មួយ​នេះ មាន​តំបន់​ទេសចរណ៍​សរុប​ចំនួន​១៤​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​វ​ប្ប​ធម៌​ធម្មជាតិ​មាន​២​កន្លែង និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មាន​១២​កន្លែង ដោយឡែក ៨​កន្លែង គ្រប់គ្រង​ដោយ​សហគមន៍​ជនជាតិដើម​ភាគតិច​។ កាលពី​ឆ្នាំ​កន្លងទៅ ខេត្តរតនគិរី ទទួលបាន​ភ្ញៀវទេសចរ​ជាង​២៣​ម៉ឺន​នាក់​៕











Tag:
 តំបន់ការពារធម្មជាតិ​អូរ​កា​សៀ​ប
© រក្សាសិទ្ធិដោយ thmeythmey.com