«​សម្រស់​ធម្មជាតិ បរិស្ថាន និង​ជំនឿ​» ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ទៅលេង​ភ្នំ​ត្បែង​
ជាតិ
«​សម្រស់​ធម្មជាតិ បរិស្ថាន និង​ជំនឿ​» ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ទៅលេង​ភ្នំ​ត្បែង​
26, Jul 2020 , 7:59 pm        
រូបភាព
​ព្រះវិហារ​៖ គ្របដណ្ដប់​លើ​ផ្ទៃដី​ជាង​២​ម៉ឺន​៥​ពាន់​ហិកតា «​ភ្នំ​ត្បែង​» សម្បូរ​ដោយ​ដើមឈើ​ធំៗ ព្រៃព្រឹក្សា​ខៀវស្រងាត់ មាន​អាកាសធាតុ​ល្អ ពិសេស​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​មាន​ជំនឿ​។ តាមរយៈ​ទេសភាព​ដ៏​ស្រស់ត្រកាល និង​ជំនឿ​ដ៏​ស័ក្ដិ​សិទ្ធ បាន​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​មួយ​នេះ​។


 
​មាន​ចម្ងាយ​ផ្លូវ ៣៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តព្រះវិហារ «​ភ្នំ​ត្បែង​» ស្ថិតនៅក្នុង​ទឹកដី​នៃ​ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ នៃ​ខេត្តព្រះវិហារ​។ ដើម្បី​ឡើងដល់​កំពូលភ្នំ​ត្បែង​នាវ​ត្ត​ដំបូក​ខ្មៅ ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​ថ្មើរជើង​តាម​កាំជណ្ដើរ​ចំនួន ១៣៤៥​កាំ​។ 
 
​ជា​ភ្ញៀវទេសចរ​ម្នាក់​ក្នុងចំណោម​ភ្ញៀវទេសចរ​ជិត ៦០​នាក់ ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​ត្បែង​កាលពី​ថ្ងៃទី ១០-១២ កក្កដា កញ្ញា រតនា បាន​លើកឡើងថា​៖ «​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​មកលេង​ភ្នំ​ត្បែង ព្រោះ​ខ្ញុំ​ចង់​ស្គា​ល់ពី​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង និង​ចង់ដឹង​ពី​ប្រវត្តិ​លោកតា​សួង​នៅលើ​ភ្នំ​ត្បែង​»​។ តាមរយៈ​ដំណើរ​កម្សាន្ត​នេះ កញ្ញា រតនា រំពឹងថា នឹង​ដឹង​ពី​ប្រវត្តិ​នៅ​តំបន់ភ្នំ​ត្បែង និង​អាច​បង្ហាញ​ទៅ​ពិភពលោក​ថា​ស្រុក​ខ្មែរ មាន​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​។ កត្តា​ដែល​ជំរុញ​ឲ្យ​កញ្ញា រតនា មកលេង​ភ្នំ​ត្បែង ដោយសារ​ស្រឡាញ់​ធម្មជាតិ និង​ចង់​ការពារ​ព្រៃឈើ​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​ភ្ញៀវទេសចរ​មកលេង​ភ្នំ​ត្បែង​ដូចតទៅ​៖ 

 
​មិន​ខុសពី​កញ្ញា រតនា នោះទេ លោក លីន ភី​រ៉ាត់ បាន​បញ្ជាក់ថា ការ​មក​កម្សាន្ត​នៅ​ភ្នំ​ត្បែង​នេះ ជា​ចំណង​ចំណូល​ដើរលេង​របស់លោក ពិសេស​លោក ភី​រ៉ាត់ យល់ថា​ភ្នំ​ត្បែង ជាស​ក្ការបូជា និង​មាន​ទេសភាព​ស្រស់ស្អាត​សម្រាប់​មក​កម្សាន្ត​។ លោក លីន ភី​រ៉ាត់ អំពាវនាវ​ដល់​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​តំបន់ភ្នំ​ត្បែង​ឲ្យ​ច្រើន ដើម្បី​ជួយ​ប្រជាជន​ឲ្យ​មាន​ចំណូល តាមរយៈ​ការ​មក​កម្សាន្ត​របស់​ភ្ញៀវទេសចរ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​។​
 
​ចំណែក កញ្ញា ណែម វួ​ច​លីន បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​មកលេង​ភ្នំ​ត្បែង ដោយសារ​ភ្នំ​នេះ នៅមាន​ព្រៃឈើ​ច្រើន​។ ក្រៅពី​ទេសភាព​ព្រៃឈើ​ទាក់ទាញ កញ្ញា វួ​ច​លីន ក៏​ចង់ឃើញ​សម្រស់​ថ្ម​ហួត និង​ចង់ដឹង​ពី​ប្រវត្តិ​ភ្នំ​ត្បែង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០-១២ កក្កដា​កន្លងទៅ ក្រុម​ដំណើរ​កម្សាន្ត Cambodia Amazing Trip Planner បានរៀបចំ​ជំរំ «​ភ្នំ​ត្បែងមានជ័យ ដែនដី​ពិសិដ្ឋ​លើក​ទី​៤» ដែលមាន​អ្នកចូលរួម​ជិត ៦០​នាក់​។  បើតាម​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ដំណើរ​កម្សាន្ត​រៀបចំ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុងស្រុក ជាពិសេស​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​៕ 





















Tag:
 ទេសចរណ៍​
  ភ្នំ​ត្បែង​
© រក្សាសិទ្ធិដោយ thmeythmey.com