ជាតិ
ខេត្តកណ្ដាល ដាក់​ដំណើរការ​ផ្សារ​ចុង​សប្ដាហ៍ ដើម្បី​លើកកម្ពស់​ផល​កសិកម្ម​សុវត្ថិភាព​
26, Jul 2020 , 3:22 pm        
រូបភាព
ផ្សារចុងសប្ដាហ៍ខេត្តកណ្ដាល
ផ្សារចុងសប្ដាហ៍ខេត្តកណ្ដាល
ដោយ:
​ផ្សារ​ចុង​សប្ដាហ៍​ខេត្តកណ្ដាល ត្រូវ​បានដាក់​ដំណើរការ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​។ ផ្សារ​នេះ មាន​ទីតាំងនៅ​ជុំវិញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្ដាល និង​បើក​លក់​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។ រដ្ឋបាល​ខេត្តកណ្ដាល បាន​ស្រង់​សម្តី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្ដាល លោក អោម ប៊ុនធឿន ដែល​ថ្លែង​ក្នុង​ពិធី​នេះ​ថា ផ្សារ​ចុង​សប្ដាហ៍ មាន​លក់​កសិផល​កសិក​ម្ម របស់​កសិករ​ជាច្រើន​មុខ ដូចជា​បន្លែ​សរីរាង្គ បន្លែ​សុវត្ថិភាព សាច់មាន់​ស្រែ ពងមាន់ ត្រី សាច់ និង​អង្ករ​ប្រណិត ដែល​សុទ្ធតែ​បាន​ឆ្លងកាត់​មន្ទីរ​ពិសោធ​របស់​មន្ទីរ​កសិក​ម្ម និង​ធានាបាន​នូវ​ម​សុវត្ថិភាព និង​គុណភាព​។ 

 
​លោកស្រី ហ៊ុន កុស​នី​អភិបាលរង​ខេត្តកណ្ដាល មានប្រសាសន៍​ក្នុង​ពិធី​ដាក់​ដំណើរការ​ផ្សា​រថា ការចូលរួម​គាំទ្រ និង​ទិញ​ផលិតផល​ពី​ផ្សារ​ចុង​សប្ដាហ៍ គឺជា​ការរួមចំណែក​លើ​ក​កម្ពស់​ជីវភាព​ប្រជាកសិករ​ក្នុងស្រុក និង​ជំរុញ​ការវិនិយោគ​លើ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​ផង​។ មិនតែប៉ុណ្ណោះ​អតិថិជន ក៏​នឹង​ទទួលបាន​សុខភាព​ល្អ តាម​ការបរិភោគ​បន្លែ ត្រី សាច់​ដេ​ល​មាន​គុណភាព និង​សុវត្ថិភាព ដែល​ដាក់លក់​ក្នុងតម្លៃ​សមរម្យ​នៅ​ផ្សារ​ចុង​សប្តាហ៍​នេះ​។​
 
​សម្រាប់​លោក ចាន់ សុខ​ទី អគ្គនាយក​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ជា​ប្រធាន​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច (AIMS) ផ្សារ​ចុង​សប្តាហ៍ មិន​ត្រឹម​ជា​ឱកាស​ដល់​អតិថិជន បានទទួល​ផលិតផល​បន្លែ សាច់​ដែលមាន​គុណភាព​ខ្ពស់ និង​សុវត្ថិ​នោះទេ វា​បាន​បង្កើត​ជំនឿ​ចិត្ត​រវាង​អ្នកលក់ និង​ទិញ​ផងដែរ​៕


លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលក្នុងពិធីសម្ពោធផ្សារចុងសប្ដាហ៍ខេត្តកណ្ដាលនៅថ្ងៃទី ២៥ កក្កដា ២០២០


Tag:
 ​ផ្សារ​ចុង​សប្ដាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com