អន្តរជាតិ
ចិន​តប​ទៅ​អង់គ្លេស​៖ ការប្រឈមមុខ​ចិន​-​ឥណ្ឌា មិនត្រូវ​ការអន្តរាគមន៍​ពី​ភាគី​ទី​បី​ឡើយ​
26, Jul 2020 , 8:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ចិន បាន​ប្រតិកម្ម​ទៅនឹង​រដ្ឋាភិបាល​អង់គ្លេស ដែល​បាន​យក​សកម្មភាព និង​ការអនុវត្ត​គោលនយោបាយ​របស់ខ្លួន​ធ្វើជា​ប្រធានបទ​សម្រាប់​ការវែកញែក​ផ្សេងៗ​។ រដ្ឋាភិបាល​ចិន មិនត្រូវ​ការអន្តរាគមន៍​ពី​ភាគី​ដទៃ​ឡើយ ដ្បិត​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្រង​ស្ថានការណ៍ ក៏ដូចជា​បញ្ហា​ដែល​បាន​កើតមាន​ពាក់ព័ន្ធ​នឹង​ខ្លួន​។

 
​តាមរយៈ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រចាំ​ឥណ្ឌា លោក Sun Weidong នៅ​ថ្ងៃទី​២៤ ខែកក្កដា រដ្ឋាភិបាល​ចិន បាន​រិះគន់​មន្ត្រីការទូត​ជាន់ខ្ពស់​អង់គ្លេស ដែល​បាន​ថ្លែងការណ៍​អំពី​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ការប្រឈមមុខគ្នា​រវាង​ចិន និង​ឥណ្ឌា​នៅតាម​បន្ទាត់​ព្រំដែន​។ សម្រាប់​រដ្ឋាភិបាល​ចិន បញ្ហា​ទាំងនេះ មិនមែនជា​រឿង​ដែល​ប្រទេស​ដទៃ​គួរ​លូកដៃ​ចូល​ឡើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Hindustan times ប្រតិកម្ម​របស់​មន្ត្រីការទូត​ជាន់ខ្ពស់​ចិន ដែល​បាន​ធ្វើឡើង​តាមរយៈ Tweeter បាន​កត់សម្គាល់ថា ការប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា គឺជា​រឿង​ទ្វេភាគី ហើយ ភាគី​ទាំងពីរ​មាន​ឆន្ទៈ និង​សមត្ថភាព ដើម្បី​គ្រប់គ្រង​លើ​ភាពចម្រូងចម្រាស​នេះ ដោយ​មិនចាំបាច់​មាន​ភាគី ទី​បី​ណាមួយ​មក​ចូលរួម​ឡើយ​។​
 
​លោក​អគ្គរដ្ឋទូត ក៏បាន​ពន្លេច​ករណី​ពីរ​ផ្សេងទៀត គឺ​បញ្ហា​នៅ​ហុងកុង និង​សមុទ្រ​ចិន​ខាងត្បូង​ដែល អង់គ្លេស ព្យាយាម​បង្ហាញ​គោលជំហរ​ដូចគ្នា​។ លោក​អគ្គរដ្ឋទូត បាន​លើកឡើងថា​បញ្ហា​ប្រឈម​ពិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​មកពី​អ្នកមាន​ឥទ្ធិពល​ក្រៅ​តំបន់​នោះទេ ដែល​ព្យាយាម​បំផ្លើស​បញ្ហា និង​គំរាមកំហែង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ រីឯ​បញ្ហា​ហុងកុង​វិញ លោក​សង្កត់ធ្ងន់ថា ចិន ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេស​លូកលាន់​ផងដែរ​។​
 
​តាម​លោក​អគ្គរាជទូត​អង់គ្លេស​ប្រចាំ​ឥណ្ឌា ក្នុង​ជំហរ​របស់ខ្លួន អង់គ្លេស​ទទួលស្គាល់ថា បញ្ហា​ទាំងនេះ​មិនមែនជា​រឿង​របស់ខ្លួន ឬក៏​ជា​រឿង ដែល​អង់គ្លេស​ចង់​ពាក់​ព័ន្ធ​ដែរ​។ ក៏ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​របស់​ពិភពលោក ដែល​អង់គ្លេស​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់​។​
 
​គួរ​ជម្រាប​បន្តិច​ថា ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ចិន និង​អង់គ្លេស ហាក់ដូចជា​មានរឿង​ប្រទាំង​ប្រទើស​គ្នាច្រើន ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​អន្តរជាតិ​។ អង់គ្លេស បន្ត​រិះគន់​ចិន​ទាំង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​សន្តិសុខ​ជាតិ​របស់​ចិន​។ តែ​យ៉ាងណា ចិន ក៏បាន​ព្រមាន​អង់គ្លេស ដែល​ចិន មើលឃើញថា កំពុងតែ​ចូល​ដៃ​ជាមួយនឹង​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​ខ្លួន​នោះ​៕  

Tag:
 ចិន​
  ឥណ្ឌា​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com