COVID-19
ជាតិ
ទោះ​រៀន​បាន​តិច និង​ចោះៗ តែ​ការបង្រៀន​តាម​ផ្ទះ ជួយ​រំឭក​សិស្ស​កុំ​ឲ្យ​ភ្លេច​ការរៀនសូត្រ​
26, Jul 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ អស់​រយៈកាល​ប្រមាណ​៥​ខែ​មកហើយ ដែល​ជំងឺ​កូ​វីដ​១៩​បាន​រាលដាល​ខ្លាំង​នៅ​កម្ពុជា និង​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​បិទទ្វារ​សាលា​។ មកដល់ពេលនេះ សាលារៀន​រដ្ឋ​និង​ឯកជន បន្ត​បិទទ្វារ និង​ហាក់​មាន​ពន្លឺ​តិចតួច​ក្នុងការ​បើកទ្វារ​ដូចដើម​ឡើងវិញ ខណៈដែល​តាម​សាលារៀន​នីមួយៗ​កំពុង​អនុវត្តន៍​កម្មវិធី​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។ ចំណែក​សាលា​រដ្ឋ​វិញ ក្រៅពី​ដាក់​កម្មវិធី​បង្រៀន​តាម​កញ្ចប់​ទូរទស្សន៍ និង​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ហើយ​នោះ ក៏មាន​គ្រូបង្រៀន​ចុះ​បង្រៀន​តាម​ផ្ទះ​កូនសិស្ស​ផងដែរ​។ ទោះ​ជាមួយ​សប្តាហ៍​បង្រៀន​តែ​២​ដង និង​បង្រៀន​ចោះៗ​ក្តី តែ​បាន​ជួយ​រំឭក​សិស្ស​កុំ​ឲ្យ​ភ្លេច​មេរៀន ឬ​មិន​រៀន​សោះ​ក្នុងអំឡុង​កូ​វីដ​-១៩ ដែរ​។ គ្រូបង្រៀន​នៅតាម​ជនបទ ក្នុង​ខេត្តសៀមរាប បានបង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការចុះ​បង្រៀន​តាម​ផ្ទះ​នេះ និង​ព្យាយាម​យ៉ាងណា​ឱ្យ​កូនសិស្ស​បាន​រៀន ដោយ​មិនត្រូវ​បោះបង់​សៀវភៅ អំឡុងពេល​រដ្ឋ​បិទ​សាលា​នេះ​ទេ​។

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​នៅក្រោម​រោង​លក់ដូរ​មុខផ្ទះ​មួយ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក កូនសិស្ស​តូចៗ​ចំនួន​៧​នាក់ កំពុង​អង្គុយ​អាន​មេរៀន ដែលមាន​អ្នកគ្រូ​កំពុង​ផ្ទៀង​ស្ដាប់ ដោយ​យកចិត្តទុកដាក់​។ កូនសិស្ស​ទាំងនោះ រៀន​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិ​ស្សា​ពាម ហើយ​ពេលនោះ​ចំ​វេន ថ្ងៃ​ដែល​អ្នកគ្រូ​ពួកគេ​ចុះមក​បង្រៀន​។ 
 
​ទើប​ចេញ​បង្រៀន​ឆ្នាំ​ដំបូង អ្នកគ្រូ ប៊ុន ស្រី​អ៊ី​ន ក៏បាន​ស្គាល់​រសជាតិ​ចុះ​បង្រៀន​តាម​ផ្ទះ ដោយ​ក្នុង​មួយថ្ងៃៗ អ្នកគ្រូ​ត្រូវ​ជិះ​ម៉ូតូ​ពី​ផ្ទះ​សិស្ស​មួយ ទៅផ្ទះ​សិស្ស​មួយ នៅតាម​បណ្ដុំ​ដែល​បានរៀបចំ​។ អ្នកគ្រូ​ត្រូវ​ចុះ​បង្រៀន​តាម​ភូមិ​ចំនួន​៣ នៃ​ឃុំ​ដូន​កែវ មាន​ភូមិ​ពាម ភូមិ​គោក​ពណ៌ និង​ភូមិ​គោក​ត្នោត​។ ជា​អ្នកភូមិ​សំរោង​យា នៃ​ស្រុក​ពួក អ្នកគ្រូ ប៊ុន ស្រី​អ៊ី​ន រៀបរាប់ថា ការចុះ​បង្រៀន​តាម​ផ្ទះ​មាន​ភាពលំបាក​ខ្លះ ពិសេស​គឺ​ការ​កៀង​កូនសិស្ស​ឱ្យមក​រៀន​បាន​ទាំងអស់គ្នា​។ អ្នកគ្រូ​រៀបរាប់​ទៀតថា កូនសិស្ស​ខ្លះ ក្រោយពី​បិទ​សាលា​ពួកគេ​ហាក់​ណាយ​នឹង​ការរៀន ខ្លះ​បានចេញ​ទៅធ្វើ​ការ​ស្រុក​ឆ្ងាយ​តាម​ឪពុកម្ដាយ ហើយ​ខ្លះទៀត មិន​ចង់​មក​រៀន​តាម​បណ្ដុំ​នោះទេ​។ យ៉ាងណា អ្នកគ្រូ​រូបនេះ​បញ្ជាក់ថា កូនសិស្ស​ដែល​ចង់​រៀនមាន​ច្រើន ជាង​សិស្ស​មិន​ចង់​រៀន​។​
 
​ជា​គ្រូបង្រៀន​ថ្នាក់​ទី​២ នៃ​សាលាបឋមសិក្សា​ពាម អ្នកគ្រូ ប៊ុន ស្រី​អ៊ី​ន សង្កេតឃើញថា កូនសិស្ស​រៀន​នៅតាម​ផ្ទះ ពួកគេ​មិនសូវ​ចាប់បាន ដូច​រៀន​នៅ​សាលា​ទេ​។ អ្នកគ្រូ​ពន្យល់ថា ការបង្រៀន​តាម​ផ្ទះ គឺមាន​ពេល​តិច គឺ​ចន្លោះ​ពី​២០​ទៅ​៣០​នាទី ខុសពី​សាលា​ដែលមាន​ពេល​ច្រើន គ្រូ​អាច​ពន្យល់​គ្រប់​សិស្ស​ឱ្យ​យល់ រាល់​មេរៀន​ដែល​បាន​បង្រៀន និង​លម្អិត​ចំណុច​ដែល​សិស្ស​តាម​មិនទាន់​។ 
 
​កំពុង​អង្គុយ​បង្រៀន​សិស្ស​មួយ​បណ្ដុំ​ទៀត នៅក្រោម​ផ្ទះ​អ្នកលក់​អីវ៉ាន់​មួយ​ក្នុងភូមិ​ពាម អ្នកគ្រូ ស្ងឿ​យ កង ក៏​បង្ហាញ​ពី​បញ្ហា​មួយចំនួន ចំពោះ​ការបង្រៀន​ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះដែរ​។ អ្នកគ្រូ​រូបនេះ មើលឃើញថា កូនសិស្ស​ខ្លះ ហាក់​តាម​ទាន់​ការបង្រៀន​តាម​ផ្ទះ​នេះ តែ​ខ្លះទៀត ក៏​ពិបាក​ចាប់បាន​។ អ្នកគ្រូ ស្ងឿ​យ កង យល់​ខ្លួនឯង​ថា ប្រហែល​ការបង្រៀន​មិន​រាល់ថ្ងៃ និង​ពេល​ខ្លី រៀន​ចោះៗ ធ្វើឱ្យ​សិស្ស​ពិបាក​ចាប់បាន ខុសពី​ការបង្រៀន​តាម​សាលា ដែល​គ្រូបង្ហាត់​គ្រប់​ជំហាន​។ ក្នុង​មួយ​សប្ដាហ៍ ការបង្រៀន​តាម​ផ្ទះ គឺមាន​តែ​២​ដង​ប៉ុណ្ណោះ ដោយ​អ្នកគ្រូ​លោកគ្រូ ត្រូវ​ទៅ​បង្រៀន​នៅ​ភូមិ​ដទៃ​ទៅតាម​កាលវិភាគ​បង្រៀន​។​


អ្នកគ្រូ ប៊ុន ស្រីអ៊ីន ពេលកំពុងបង្រៀនកូនសិស្សនៅភូមិពាម នាថ្ងៃទី២២ កក្កដា ឆ្នាំ២០២០។
 
​យ៉ាងណាក្ដី អ្នកគ្រូ ប៊ុន ស្រី​អ៊ី​ន ចាប់អារម្មណ៍​ឃើញថា ក្នុង​កាលៈទេសៈ​ដ៏​លំបាក រៀន​តាម​ផ្ទះ​នេះ ក្មេង​ខ្លះ ដែល​ធ្លា​ប់រៀន​នៅ​សាលា​ខ្សោយ បែរជា​ចាប់បាន​ច្រើន និង​ហាក់​ពូកែ​ជាង​។ អ្នកគ្រូ​វ័យ​២៣​ឆ្នាំ​រូបនេះ ស្មានថា​ពួកគេ​អាចមាន​ការជំរុញ​ខ្លាំង ពី​ឪពុកម្ដាយ​។ អ្នកគ្រូ​បន្ត​៖« ខ្ញុំ​សង្ស័យថា ប្រហែល​ឪពុកម្ដាយ​បង្ខំ ជំរុញ ហើយ​ការអាន​ដូច​ខ្លាំង ដូច​កូនសិស្ស​នៅ​សាលា​គោក​ត្នោត ប្លែក អភិវឌ្ឍន៍​ដោយ​ក្មេង​ខ្លះ​...»​។​
 
​អាណាព្យាបាល​សិស្ស​នៅ​ភូមិ​ពាម អ្នកស្រី វ៉ាន់ លាង វ័យ​៤០​ឆ្នាំ យល់ឃើញ​ចំពោះ​កម្មវិធី​បង្រៀន​តាម​ផ្ទះ​នេះ ថា​ជា​ចំណែក​មួយ ជួយ​ឱ្យ​កូន​អ្នកស្រី​មិន​ភ្លេច​ការរៀនសូត្រ​។ អ្នកស្រី​ទទួលស្គាល់ថា ការបិទទ្វារ​សាលា ធ្វើឱ្យ​កូនៗ​អ្នកស្រី ហាក់​ណាយ​នឹង​ការរៀន ដូចជា​គេង​យូរ​ជាង​មុន និង​ចូលចិត្ត​លេង​ច្រើន​។ យ៉ាងណា​អ្នកស្រី វ៉ាន់ លាង បាន​ជួយ​ជំរុញ​កូនៗ​ឱ្យ​ឧស្សាហ៍​អាន និង​ដាស់តឿន ម៉ោង​ដែល​ត្រូវ​រៀន​តាម​ទូរទស្សន៍​ជាដើម​។ អ្នកស្រី​បន្តថា​៖«​កូន​ខ្ញុំ​វា​រៀង​ឆ្លាត​ដែរ នៅ​សាលារៀន​បាន​លេខ​១​ដែរ​។ រៀន​តាម​ផ្ទះ​នេះ​វា​ចេះ​គ្រាន់ តែ​បង្ខំ​តិច​។ រាល់ថ្ងៃ​ជំរុញ​ហៅ​ឱ្យមក​រៀន ទាំង​រៀន​តាម​ទូរទស្សន៍ និង​ពេល​គ្រូ​មក​បង្រៀន​ចឹ​ង​«​។​
 
​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ គ្រូបង្រៀន​នៅតាម​ជនបទ បានបង្ហាញ​ការ​អាណិត​កូនសិស្ស និង​ព្យាយាម​ឱ្យ​ពួកគេ​បាន​រៀន ទោះ​ក្នុង​កម្រិត​ណាក៏ដោយ​។ អ្នកគ្រូ ប៊ុន ស្រី​អ៊ី​ន បានបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន យ៉ាង​ដូច្នេះ​ថា​៖« ចង់ឱ្យ​ពួកគាត់​ចេះ ស្រណោះ​ពួកគាត់ ចឹ​ង​ត្រូវ​តស៊ូ​មក​បង្រៀន អីចឹង​ហើយ ម៉េច​ក៏​ត្រូវតែ​កៀង​គាត់ ឱ្យមក​រៀន​។ ខ្លះទៅ​ដក​ដំឡូង​ដល់​ប៉ោយប៉ែត ហើយ​យើង​ទៅផ្ទះ​ប្រាប់​យាយ យាយ​ឱ្យ​មកវិញ​ភ្លាម យើង​អរ​ដែរ​»​។​


អ្នកគ្រូ ស្ងឿយ កង ពេលកំពុងបង្រៀនកូនសិស្សនៅភូមិពាម នាថ្ងៃទី២២ កក្កដា ឆ្នាំ២០២០។
 
​ចំណែក​អ្នកគ្រូ ស្ងឿ​យ កង ក៏​បង្ហាញ​ការ​អាណិត និង​ចង់​ជួយ​កូនសិស្ស ក្នុង​កាលៈទេសៈ​នេះដែរ​។ «​ចិត្ត​ខ្ញុំ ចង់ឱ្យ​សិស្ស​ចេះ ដូច​រៀន​នៅ​សាលា​ដែរ ទើប​ខំ​ចុះ​បង្រៀន ខំ​ជិះ​ច្រក​ល្អក​តាមរក​សិស្ស​។ ខ្លះ​អត់​មក​ជិះ​ទៅ​ឌុប​។ ចង់ឱ្យ​សិស្ស​រៀន​បាន​ខ្លះ ទោះ​មិនសូវ​ចាប់បាន​ច្រើន​»​។​
 
​ជា​រៀងរាល់ឆ្នាំ នា​រដូវ​កាល​នេះ ការប្រឡង​សម្រាប់​ថ្នាក់​ធំៗ​មាន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នឹងត្រូវ​រៀបចំ​ជា​បន្តបន្ទាប់ និង​ត្រៀម​វ៉ា​កង​ធំ​។ តែ​នៅ​ឆ្នាំនេះ ក្រសួង​សម្រេច​អនុញ្ញាត​ឱ្យតែ​សាលា​ឯកជន​ប៉ុណ្ណោះ រៀបចំ​ការប្រឡង​ទាំងនេះ​។ រីឯ​ការ​សម្រាក​វ៉ា​កង មិនទាន់​កំណត់​នៅឡើយ​។ អ្នកគ្រូ ស្ងឿ​យ កង បាន​ត្រៀមខ្លួន​ជាស្រេច ប្រសិនបើ​ក្រសួង​ឱ្យ​បន្ត​បង្រៀន​កូនសិស្ស ទៅតាម​មេរៀន​ក្នុង​កាលវិភាគ​។ អ្នកគ្រូ​ថា ការបង្រៀន​បច្ចុប្បន្ន មិនទាន់​ចប់​កម្មវិធីសិក្សា​ទេ ដូច្នេះ​អ្នកគ្រូ​ស្ម័គ្រចិត្ត បន្ត​បង្រៀន​សិស្ស រហូតដល់​ចប់ ព្រោះ​បារម្ភ​ថា​សិស្ស រៀន​មិន​ទាន់ពេល​ឡើងទៅ​ថ្នាក់ខ្ពស់​។​
 
​ចំណែក​អ្នកគ្រូ ប៊ុន ស្រី​អ៊ី​ន ក៏​បង្ហាញ​ជំហរ​នៅ​បន្ត​បង្រៀន រហូត​ចប់​កម្មវិធីសិក្សា​ផងដែរ​។ «​បើ​ក្រសួង​ឱ្យ​បង្រៀន ពួក​ខ្ញុំ​បង្រៀន ដោយសារ​សិស្ស​រៀន​អត់​ទាន់​ចប់​។ គាត់​អត់​ទាន់​បាន​ស្ដាប់​មេរៀន​ដែល​ត្រូវ​រៀន​។ បើ​ទៅ​ថ្នាក់​ទី​៣ វា​មាន​មេរៀន​ជ្រៅ ជាងនេះទៀត​»៕















Tag:
 កូ​វីដ​១៩
  បង្រៀន​តាម​ផ្ទះ​
  ឃុំ​កែវ​ពណ៌​
© រក្សាសិទ្ធិដោយ thmeythmey.com