ជាតិ
ក្រសួង​សាធារណការ បញ្ជ្រាប​ចំណេះដឹង​អំពី​ច្បាប់​ចរាចរណ៍ ដល់​ក្រុមហ៊ុន​ឯកជន​
26, Jul 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ​ក្រុមហ៊ុន​ឯកជន​ជាង​១​ម៉ឺន ដែល​បាន​ចុះបញ្ជី​ក្រសួងពាណិជ្ជកម្ម មក​សិក្សា​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ថ្លែង​ដូច្នេះ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​២៦ កាលពី​ថ្ងៃទី​២៤ ខែ​កក្ត​ដា ឆ្នាំ​២០២០​។


 
​តាម លោក ព្រំ វ​ន្ថា ការបណ្ដុះបណ្ដាល​នេះ ក្នុង​គោលដៅ​ចង់ឱ្យ​ស្ថាប័នឯកជន​បាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ការចួលរួម​ជាមួយ​រាជ​ដ្ឋា​ភិ​បាល​។ ក្រសួង នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន មក​បណ្ដុះបណ្ដាល​ជា​បន្ដបន្ទាប់ រហូតដល់​អស់ទាំង​ជាង​១​ម៉ឺន​ក្រុមហ៊ុន​។ ទន្ទឹមនឹងនេះ​ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​រួចហើយ ជួយ​បណ្តុះបណ្តាល​បន្ដ​ដល់​បុគ្គលិក​របស់ខ្លួន​ផងដែរ​។​
 
​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​អធិបតី​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នោះដែរ គូស​បញ្ជក់​ថា ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ មិនមែនជា​រឿង​របស់​នគរបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ ឬ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវគោក​នោះទេ គឺ​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ​។​
 
​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​៦​ខែ ឆ្នាំ​២០២០ មាន​មនុស្ស​ចំនួន ៨៦១​នាក់​បាន​ស្លាប់ និង ២,៤៤៩​នាក់​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង ចំនួន​១,៦១៩​លើក​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​កំពង់ធំ​មាន​អ្នកស្លាប់​ច្រើនជាងគេ​។  របាយការណ៍​ដដែល​ប​ង្ហា​ញ​ទៀតថា ការបើកបរ​លើស​ល្បឿន​កំណត់ ជា​មូលហេតុ​ចម្បង ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​៕

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com