ជាតិ
កសិករ សូ យក់សេង កាក់កបនឹងរបរចិញ្ចឹមទា យកស៊ុត លោករដ្ឋមន្រ្តកសិកម្មចុះពិនិត្យការចិញ្ចឹមទារបស់កសិករខេត្តឧត្ដរមានជ័យ
× លោក សូ យក់សេង ជាកសិករមួយរូប រស់នៅភូមិកណ្តែក សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កសិករ កំពុងតែកាក់កបនឹងរបរចិញ្ចឹមយកស៊ុត ទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ នេះបើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក រដ្ឋមន្ត្រី ពិនិត្យទីតាំងកសិដ្ឋានរបស់លោក យក់សេង កាលពីថ្ងៃទី២៥ កក្កដា។ នាឱកាសនោះ កសិករ សូ យក់សេង បានរៀបរាប់ប្រាប់ លោក វេង សាខុន ថា សព្វថ្ងៃគាត់មានមេទា២ ៤០០ក្បាល ដែលកំពុងផ្តល់ពងរៀងរាល់ថ្ងៃ។ កសិកររូបនេះ ក៏ត្រៀមដាក់កូនទា ៥ ០០០ក្បាលបន្ថែមទៀតដែរ។
បើតាមលោក វេង សាខុន កសិកររូបនេះ ចិញ្ចឹមទាលើផ្ទៃដីប្រមាណ ១ ៦០០ម៉ែត្រក្រឡា ដោយដែលចំណាយប្រាក់ចំនួន ១ ៣០០ដុល្លារ ដើម្បីសាងសង់លើទ្រុង និងជិត៦០ម៉ឺនក្នុងមួយថ្ងៃ ទៅលើចំណី និងកម្មករ។ ចំណាយច្រើន ចំណូលមកវិញក៏ច្រើន។ កសិករ សូ យក់សេង អះអាងថា ក្នុងមួយថ្ងៃ លោកអាចទទួលបានប្រាក់ចំណេញប្រហែល៣០ម៉ឺនរៀល និងចំណូលពីការលក់លាមកទា បានប្រមាណ៥០ម៉ឺនរៀលក្នុងមួយខែ។ សរុបប្រាក់ចំណេញ លោក យក់សេង អាចចំណេញបានជិត ១០លាន ក្នុងមួយខែៗ។
ការចិញ្ចឹមទា ជាអាជីវកម្មខ្នាតតូច តែចំណូលក៏គួរសម និងសមសម្រាប់កសិករដែលមានដើមទុនតិច ពិសេសនៅក្នុងបរិបទកូវីដ-១៩ ដែលរដ្ឋាភិបាលកំពុងតែជំរុញផលិតកម្មកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងឈានដល់ការនាំចេញផងនោះ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
រូបភាពពីលោក វេង សាខុន
សត្វទាក្នុងកសិដ្ឋានកសិករ យក់សេង
© រក្សាសិទ្ធិដោយ thmeythmey.com