ជាតិ
រតនគិរី​៖ ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​នៅ​ភូមិ​លែ និយម​ប្រើ​ស្លឹកចេក​វេច​ខ្ចប់
27, Jul 2020 , 8:29 am        
រូបភាព
រូបភាពភូមិលែ
រូបភាពភូមិលែ
ដោយ:
​រតនគិរី​៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ ដែល​ស្ថិតនៅ​ក្នុងភូមិ​លែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និយម​ប្រើប្រាស់​នូវ​ស្លឹកចេក និង​សម្ពាយ​សម្រាប់​ដាក់​ឥ​វ៉ាន់​ដែល​ផលិត​ដោយ​ខ្លួនឯង សម្រាប់​វេច​ខ្ចប់ ជំនួស​ឱ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។ នេះ​បើតាម​លោក រ​ចំ សំបូរ ប្រធានភូមិ​លែ​។​

 
​លោក រ​ចំ សំបូរ បាន​អះអាង​ប្រាប់ ThmeyThmey25 ថា​៖ «​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ​ភាគច្រើន​មានការ​យល់ដឹង លើ​បញ្ហា​ទុកដាក់​សម្រាម និង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ព្រោះ​កន្លងមក​មាន​ខាង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​បាន​ចុះមក​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ​»​។​
 
​លោក​បាន​បន្តទៀតថា ស្ទើរ​គ្រប់​ផ្ទះ​ក្នុងភូមិ​នេះ​មាន​ធុងសម្រាម ការ​ទុកដាក់​មាន​របៀបរៀបរយ ហើយ​ពលរដ្ឋ​កម្រ​នឹង​ប្រើប្រាស់​ប្លា​ស្ទិ​ក​ណាស់ ដោយ​ពួកគាត់​និយម​ប្រើ​ស្លឹកចេក ឬ សម្ពាយ​សម្រាប់​ផ្ទុក​ឥ​វ៉ាន់​ដែល​ផលិត​ដោយ​ខ្លួនឯង​ជំនួស​វិញ​។ 
 
​ចំណែកឯ លោក សៀវ បៃ ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​នេះ​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​បរិវេណ​ភូមិ​ទាំងមូល​ស្ទើរតែ​គ្មាន​សម្រាម​នៅលើ​ដី ហើយ​ទេសភាព​ជារួម​មាន​ពណ៌​ខៀវស្រងាត់​គួរ​ជាទី​រស់នៅ​»​។​
 
​ពលរដ្ឋ​នៅទីនេះ មានការ​ស្រលាញ់​បរិស្ថាន មិន​ចោល​សម្រាម​ផ្ដេសផ្ដាស និង​ធ្វើការ​ទុកដាក់​សម្រាម​បាន​ត្រឹមត្រូវ​។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឬ បណ្ដា​ខេត្ត​ដទៃទៀត​ចូលរួម​ក្នុងការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន ជាពិសេស​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្ដង​។ លោក សៀវ បៃ បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​
 
​បើតាម​លោក សំបូរ ប្រធានភូមិ​លែ នៅក្នុង​ភូមិ​នេះ​មាន​ប្រជាជន​សរុប​៥៩០​នាក់ ដោយ​ពួកគាត់​ភាគច្រើន​ប្រកប​របរ​កសិកម្ម សម្រាប់​ការចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​៕ 


រូបភាពភូមិលែ


Tag:
 ភូមិ​លែ
© រក្សាសិទ្ធិដោយ thmeythmey.com