កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Chelsea បាន​លេង UCL ឯ Leicester បាន​ត្រឹម​កៅអី Europa League
27, Jul 2020 , 11:10 am        
រូបភាព
​ការប្រកួត​ក្របខណ្ឌ Premier League រដូវ​កាល ២០១៩-២០ បានបញ្ចប់​ទៅហើយ​ដោយ​បន្សល់ទុក​ភាព​រីករាយ និង​សោកសៅ​សម្រាប់​ក្រុម​និ​មួយៗ ក្រោយ​ជំនួប​បិទ​រដូវ​កាល​នៅ​យប់​ថ្ងៃទី​២៦ ខែកក្កដា​។ Manchester United និង Chelsea ជោគជ័យ​ក្នុងការ​ប្រជែង​យក​កៅអី Champions League រដូវ​កាល​ក្រោយ ខណៈ Leicester បាន​ត្រឹម​លេង​នៅ Europa League​។ Aston Villa គេចផុត​ការ​កាត់ចោល ឯ AFC Bournemouth និង Watford ធ្លាក់​ទៅ​លី​គ​ទី​២ ជាមួយ Norwich City ។​

 
​ជ័យជម្នះ ២-០ លើ​ក្រុម Leicester City នា​ជំនួប​បិទ​បញ្ចប់​លី​គ​សប្តាហ៍​ទី​៣៨ ជា​លទ្ធផល​គាប់ប្រសើរ​បំផុត​សម្រាប់ Man Utd ក្នុងការ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស និង​ជា​ចំណាត់ថ្នាក់​ដែល​នាំ​ពួកគេ​បាន​សិទ្ធិ​លេង​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ទៀតផង​។ ពីរ​គ្រាប់​របស់​ក្រុម​បិសាច​ក្រហម​ដែល​សម្រេចបាន​ដោយ​ខ្សែបម្រើ Bruno Fernandes និង Jesse Lingard បានធ្វើ​ឲ្យ Leicester ខកខាន​បង្ហាញខ្លួន​នៅ Champions League ដោយ​សល់​កៅអី​ត្រឹម Europa League ប៉ុណ្ណោះ ដ្បិត​ពួកគេ បញ្ចប់​រដូវ​កាល​នៅ​លេខ​រៀង​ទី​៥​។​


 
Chelsea ក៏​ទទួលបាន​លទ្ធផល​សម​ប្រកប​ផងដែរ​ក្នុងនាម​ក្រុម​ដែល​ត្រូវ​ប្រជែង​កៅអី Champions League ជាមួយ Man Utd និង Leicester​។ ក្រុម​រហស្សនាម​តោ​ខៀវ​អាច​សម្រេចបាន​ជោគជ័យ បន្ទាប់​យកឈ្នះ Wolverhampton Wanderers ២-០ ហើយ​ឈរ​នៅ​លេខ​ទី​បួន ឬ​ក្រុម​ក្នុង​តំបន់ Top 4​។​
 
​លទ្ធផល​នេះ​បាន​រាំងស្ទះ Wolves ពី​ការដណ្តើម​ចំណាត់ថ្នាក់​ទី​៦ ជាមួយ Spurs ដើម្បី​បាន​កៅអី Europa League​។ Wolves និង Spurs មាន​៥៩​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ក្រុម​លោក Jose Mourinho ដែល​ប្រកួត​ស្មើ Crystal Palace ១-១ មាន​សំណល់​គ្រាប់​ល្អ​ជាង ដែល​នាំ​ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៦ និង​បាន​កៅអី​ជម្រុះ Europa League រដូវ​កាល​បន្ទាប់​តែម្ដង​។​
 


​ការប្រកួត​ចុងក្រោយ​កាត់សេចក្តី​នេះ បានធ្វើ​ឲ្យ Bournemouth និង Watford ទទួលរង​ភាព​សោកសៅ តែ​Aston Villa រីករាយ​បំផុត​។ Bournemouth បើ​ទោះ​បាន​យកឈ្នះ Everton ដល់​ទៅ ៣-១ ក្តី ក៏​មិនមាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​បន្ត​ស្នាក់នៅ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ក្រោយ​ឡើយ ព្រោះ​ចាញ់ Aston Villa ចំនួន​១​ពិន្ទុ​។ Aston Villa ដែល​ប្រកួត​ស្មើ West Ham ១-១ រកបាន​ពិន្ទុសរុប​៣៥​ពិន្ទុ ដោយ​នាំមុខ Bournemouth និង Watford តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។ ដើមឡើយ​ក្នុងចំណោម​៣​ក្រុម​នេះ Watford មានឱកាស​ខ្ពស់​ជាងគេ​ដើម្បី​បន្ត​នៅ Premier League ដោយ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​សម្រាប់​ជំនួប​បិទ​រដូវ​កាល​នេះ​។ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការរំពឹងទុក​ឡើយ Watford នៅតែ​ត្រូវ​ធ្លាក់​ទៅ Championship វិញ បន្ទាប់ពី​ចាញ់ Arsenal ៣-២​។
​ដូច្នេះ​ក្រុម​៣​ដែល​ត្រូវ​ទៅលេង​នៅ Championship រដូវ​កាល​ក្រោយ​មាន Norwich City, Bournemouth និង Watford​។ ឯ​ក្រុម​ដែល​ឡើង​ពី​លី​គ​ទី​២ ទៅ Premier League រដូវ​កាល​ក្រោយ​រកឃើញ​ពីរ​ក្រុម​ហើយ​ក្នុងនោះ​មាន​ក្រុម​ជើងឯក Leeds United និង​ជើងឯក​រង West Bromwich Albion ខណៈ​១​ក្រុម​ទៀត​ត្រូវ​ឆ្លងកាត់​ការប្រកួត play-off រវាង  Brentford, Fulham, Cardiff City និង Swansea City៕
 
 

Tag:
 Premier League
  Champions League
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com