COVID-19
អន្តរជាតិ
ចិន រាយការណ៍​ករណី​ឆ្លង COVID-19 ចំនួន​៦១ ដែលជា​តួលេខ​ខ្ពស់បំផុត​តាំងពី​ខែមេសា​
27, Jul 2020 , 2:04 pm        
រូបភាព
ក្រុមពេទ្យចិន ធ្វើតេស្តរកកូរ៉ូណាវីរុសលើប្រជាជនក្នុងក្រុង Urumqi ខេត្តស៊ីនជាំង នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Xinhua
ក្រុមពេទ្យចិន ធ្វើតេស្តរកកូរ៉ូណាវីរុសលើប្រជាជនក្នុងក្រុង Urumqi ខេត្តស៊ីនជាំង នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Xinhua
​ចិន នៅ​ថ្ងៃទី​២៧ ខែកក្កដា បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៦១​ករណី​។ ចំនួន​នេះ គឺជា​អត្រា​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ បើ​គិត​ចាប់ពី​ពាក់កណ្តាល​ខែមេសា​កន្លង​មក​។ ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​នេះ គឺ​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​។


​ករណី​ឆ្លង COVID-19 ក្នុងប្រទេស​ចិន បាន​កម្រើក​ឡើងជា​ថ្មី​។ នៅ​ថ្ងៃទី​២៦ ខែកក្កដា ចិន​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 ចំនួន ៤៦​ករណី​។ នៅ​ថ្ងៃទី​២៧ ខែកក្កដា ករណី​COVID-19 នៅ​ចិន បាន​កើន​ដល់ ៦១​ករណី​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន ខេត្ត​ស៊ីន​ជាំ​ង​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ចំនួន ៤១​ករណី ខេត្ត​លាវ​នី​ង​មាន​ចំនួន ១៤​ករណី ខេត្ត​ជី​លីន​មាន​ពីរ​ករណី ហើយ​ករណី​នាំចូល​មាន​៤​។ 
 
​តួលេខ ៦១​ករណីនេះ គឺជា​ចំនួន​ខ្ពស់បំផុត បើ​គិត​ចាប់ពី​ថ្ងៃទី​១៤ ខែមេសា​កន្លងមក ដែលមាន​ករណី​ឆ្លង​ក្នុង​ថ្ងៃនោះ​រហូតដល់ ៨៩​ករណី​។ កាលនោះ ករណី​ភាគច្រើន គឺ​នាំចូល​មកពី​បរទេស​។ ទន្ទឹមនេះ ចិន​ក៏មាន​អ្នកជំងឺ ដែល​មិន​ចេញ​រោគសញ្ញា​ចំនួន ៤៤​នាក់​ថ្មី​ផងដែរ​។ 
 
​ដើម្បី​បង្ការ​ការ​រាតត្បាត​នៃ​COVID-19 ចិន​បាន​បង្កើន​ការធ្វើ​តេស្ត​លើ​ប្រជាជន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ចិន​បានធ្វើ​តេស្តរ​កកូ​រ៉ូ​ណាវី​រុស​លើ​ប្រជាជន​ក្នុង​ក្រុង​តា​លៀន ខេត្ត​លាវ​នី​ង​ជាច្រើន​ម៉ឺន​នាក់​។ ចំណែក​នៅក្នុង​ក្រុង Urumqi ខេត្ត​ស៊ីន​ជាំ​ង​វិញ មន្ត្រី​សុខាភិបាល​ចិន បានធ្វើ​តេស្ត​លើ​ប្រជាជន​ប្រមាណ​២,៣​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​ក្នុង​ក្រុង ៣,៥​លាន​។ 
 
​ករណី​ឆ្លង​ថ្មី​នៅ​ខេត្ត​ជី​លីន ត្រូវបាន​ប្រកាស​ប៉ុន្មាន​ថ្ងៃក្រោយ​ប្រធានាធិបតី ស៊ី ជិន​ភីង ចុះ​ត្រួតពិនិត្យ​ក្នុង​ខេត្ត​មួយ​នេះ​។​
 
​សូមបញ្ជាក់ថា នាពេល​កន្លងមក អាជ្ញាធរ​ចិន បានសម្រេច​បិទ​ក្រុង Dalian និង​ក្រុង​Urumqi ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 ។ តួលេខ​សរុប​COVID-19 របស់​ចិន​មាន​ចំនួន ៨៣៨៩១​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨៩១៨​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com