ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ កក្កដានេះ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌលីគនីមួយៗ នៅតំបន់អឺរ៉ុប បានបិទបញ្ចប់រដូវកាល ២០១៩-២០២០ បណ្ដើរៗហើយ ក្រោមរូបភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រោយបញ្ចប់រដូវកាល គេឃើញមានក្លិបធំៗចំនួនពីរ គឺ Juventus និង Bayern Munich នៅបន្តរក្សាគ្រងតំណែងជើងឯកជាប់គ្នាជិត១០ឆ្នាំ។
ដោយមិននិយាយពីក្លិបផ្សេងៗនៅក្នុងលីគតូចៗ ក្រៅពីតំបន់លីគធំនៅតំបន់អឺរ៉ុបនោះ ក្លិបយក្សនៅអ៊ីតាលី Juventus ដែលមានរហស្សនាម សេះបង្កង បានលើកពានក្របខណ្ឌ Lega Serie A ចំនួន៩ឆ្នាំជាប់គ្នាហើយ បើគិតចាប់ពីរដូវកាលឆ្នាំ២០១១ដល់២០២០។ រដូវកាលឆ្នាំ២០១៩-២០២០នេះ Juventus ដែលបានប្រកាសអបអរការលើកពានរបស់ខ្លួន នៅក្នុងរដូវកាលនេះ ក្រោយយកឈ្នះ២ទល់០ លើក្លិប Samdoria នាថ្ងៃទី២៧ កក្កដា។ បច្ចុប្បន្ននេះ គិតត្រឹមសប្ដាហ៍ទី៣៦ Juventus កំពុងមាន៨៣ពិន្ទុក្នុងដៃ ខណៈក្លិប Inter Milan តាមពីក្រោយមាន៧៦ពិន្ទុ។ ក្លិបទាំងពីរនៅសល់២ប្រកួតក្នុងដៃដូចគ្នា។ ដូច្នេះJuventus នៅតែ មានប្រៀបលើគូប្រកួតប្រជែងខ្លួនដដែល។
ត្រង់ចំណុចនេះ មានន័យថា ទោះបីជាក្លិប Juventus ឈ្នះ ឬក៏ចាញ់ទាំងពីរប្រកួតចុងក្រោយក្តី ក៏ក្លិបសេះបង្កងមួយនេះ នៅតែលើកពានដែរ ព្រោះគេនាំមុខគូប្រកួតខ្លួន៧ពិន្ទុ ពោលបើInter ឈ្នះទាំងពីរប្រកួតចុងក្រោយ គឺឡើង៨២ពិន្ទុ ចាញ់ Juventus ១ពិន្ទុ។ ជ័យជម្នះ៩ឆ្នាំជាប់គ្នានៃពាន Serie A នេះ ក៏ជាពានលើកទី៣៦ របស់Juventus ដែរ បើគិតចាប់ពីឆ្នាំ១៩០៥ មក។ គួរបញ្ជាក់ថា ពានក្របខណ្ឌអ៊ីតាលីដំបូងបង្កើតឡើងនៅឆ្នាំ១៨៩៨ ដែលមានឈ្មោះដើមថា Campionato Italiano di Football មុននឹងប្ដូរឈ្មោះជាបន្តបន្ទាប់មក Serie A Football league។
ដោយឡែកក្លិប Bayern Munich វិញ ក៏បានឈ្នះពានរង្វាន់នៃក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ ចំនួន៨ដងជាប់គ្នាដែរ បើគិតពីឆ្នាំ២០១២ ដល់២០២០នេះ។ រដូវកាលឆ្នាំ២០១៩-២០២០នេះ Bayern Munich បានបញ្ចប់ការប្រកួតទាំង៣៤ ដោយឈ្នះ២៦ ប្រកួត ស្មើ៤ និងចាញ់៤ មាន៨២ពិន្ទុ តាមពីក្រោយដោយក្លិប Borussia Dortmund ដែលមាន៦៩ពិន្ទុក្នុងដៃ។ បើគិតពីឆ្នាំ១៩៦៥មក ក្លិបBayern Munich ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់នេះ ចំនួន២៩លើកហើយ ។ ពានក្របខណ្ឌ Bundesliga នេះ ត្រូវបានបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ មក។
ចំណែកក្លិបយក្សនៅបារាំងវិញ គឺ Paris Saint-Germain ក៏បានឈ្នះពានក្របខណ្ឌ League 1 របស់បារាំង៣ឆ្នាំជាប់គ្នាដែរ បើគិតពីរដូវកាលពី២០១៧ដល់២០២០នេះ។ រដូវកាល២០១៩-២០២០ នេះ Paris គ្រងតំណែងជើងឯក ដោយស្វ័យប្រវត្តិ ដែលជាការសម្រេចពីសហព័ន្ធ និងក្រោយពីរដ្ឋាភិបាល បានប្រកាសបិទគ្រប់កីឡាករទាំងអស់នៅប្រទេសបារាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
រីឯក្លិបអធិរាជយក្ស«ស» ប្រចាំប្រទេសអេស្បាញ គឺ Real Madrid ក៏បានលើកពានក្របខណ្ឌ La Liga Santander ដោយពិន្ទុ៨៧ នាំមុខគេនៅកំពូលតារាង ក្នុងការប្រកួតចំនួន៣៨លើក នារដូវកាល២០១៩-២០២០នេះដែរ ពោលគឺនាំមុខម្ចាស់ជើងឯកចាស់ក្លិបអ្នកបុណ្យ Barcelona ចំនួន៥ពិន្ទុ។ ជ័យជម្នះលើកទី៣៤ នៃពានរង្វាន់ La Liga របស់ Real Madrid នេះ ក៏បានរារាំងដំណើររបស់ក្លិប Barcelona មិនឱ្យឈ្នះពាន៣ឆ្នាំជាប់គ្នានោះទេ(២០១៧ដល់២០១៩)។
Liverpool ឯណោះវិញ ក៏បានរារាំង Manchester City មិនឱ្យលើកពាន៣ឆ្នាំជាប់គ្នា (២០១៧ដល់២០១៩)ដែរ។ Liverpool បានលើកពានរង្វាន់ Premier League ជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំនៅលើទឹកដី Anfield កាលពីថ្ងៃទី២២ កក្កដា ។ ជ័យជម្នះ Liverpool នៅរដូវកាលនេះ ក្រោមលទ្ធផល៩៩ពិន្ទុ ខណៈក្រុមមេឃខៀវ Manchester City មានតែ៨១ពិន្ទុ ឈរលេខរៀងទី២។
ក្លិបបាល់ទាត់Liverpool ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩២ ដោយលោក John Houlding អ្នកជំនួញម្នាក់នៅអង់គ្លេស។ គិតចាប់ពីឆ្នាំ១៩០០ដល់ឆ្នាំ១៩៩០ Liverpool បានលើកពានរង្វាន់ Football League First Division ចំនួន១៨លើក មុននឹងគេប្តូរឈ្មោះមកជាពានរង្វាន់ England Premier League នៅឆ្នាំ១៩៩២។ ចាប់តាំងពីការប្ដូរឈ្មោះពាននេះមក Liverpool គ្មានសំណាងបានលើកពាននេះឡើយ ទើបតែរដូវកាលឆ្នាំ២០១៩-២០២០នេះទេ៕