ជាតិ
សេដ្ឋកិច្ច
ម៉ាសសរសៃឈូកនៅសៀមរាប ត្រូវបាននាំចេញទៅទីផ្សារអាមេរិក បារាំង និងកាណាដា
× ម៉ាស មានតម្រូវការខ្ពស់ នៅក្នុងវិបត្តិកូវីដ-១៩នេះ។ សហគ្រាសសង្គមឈ្មោះ Samatoa Lotus Textiles ដែលមានទីតាំងនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តខេត្តសៀមរាប ដែលមានពិសោធន៍យូរឆ្នាំ ក្នុងការផលិតកំណាត់ និងសម្លៀកបំពាក់ច្នៃចេញពីសរសៃឈូក ក៏បានផ្តើមផលិតជា ម៉ាសកំណាត់សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ផងដែរ។
លោក Awen Delaval ជាជនជាតិបារាំង និងជានាយកប្រតិបត្តិរបស់ Samatoa Lotus Textiles បានប្រាប់ ThmeyThmey25 តាមអ៊ីម៉ែលថា ម៉ាសសរសៃឈូកនេះ អាចការពារធូលីដី និងសមាសធាតុល្អិត បានយ៉ាងល្អ និងអាចប្រើប្រាស់ បោកទឹកបាន ១០០ដងឯណោះ។ មិនត្រឹមតែសមស្របក្នុងបរិបទកូវីដ-១៩នោះទេ ម៉ាសសរសៃឈូកនេះ ក៏មិនបង្កផលប៉ះពាល់ដល់បរិស្ថានដែរ នៅពេលដែលឈប់ប្រើប្រាស់។
ក្នុងមួយថ្ងៃ សហគមន៍អាចផលិតម៉ាសកំណាត់ច្នៃពិសរសៃឈូក បាន១,០០០ ម៉ាស និងកំពុងផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកមួយភាគ និងបាននាំចេញទៅទីផ្សារអន្តរជាតិដូចជាសហរដ្ឋអាមេរិក បារាំង និងកាណាដា។ នេះបើតាមលោក Awen Delaval ។
ម៉ាសធ្វើពីសរសៃឈូក
សូមជម្រាបថា Samatoa Lotus Textiles បង្កើតឡើងនៅឆ្នាំ២០០៣ នៅផ្ដោតសំខាន់ក្នុងការផលិត សម្ភារប្រើប្រាស់នៅក្នុងវិស័យដើរម៉ូត ដែលផលិតចេញពីធម្មជាតិ។ បច្ចុប្បន្ន សហគ្រាសនេះ កំពុងផ្តល់ការងារដល់ប្រជាសហគមន៍ ដែលភាគច្រើនបំផុតជាស្ត្រី សរុប ១៤០ នាក់ ហើយពួកគាត់អាចទទួលបានប្រាក់ចំណូលពី ១៥ ដុល្លារទៅ ៣០ ដុល្លារក្នុងមួយថ្ងៃ។ សហគ្រាសសង្គមមួយនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់ UNESCO PRIZE ក្នុងឆ្នាំ២០១២ ផងដែរ។ លោក Awen Delavalបញ្ជាក់ប្រាប់ thmeythmey25 ដូច្នេះ៕
ម៉ាសសរសៃឈូក ផ្ដល់ដោយសិប្ប
សកម្មភាពស្រ្តីខ្មែរកំពុងយកសរសៃឈូកពីដើមឈូក រូបភាពផ្ដល់ដោយសិប្ប
© រក្សាសិទ្ធិដោយ thmeythmey.com