COVID-19
ជាតិ
បារាំង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​១.៥​លាន​អឺរ៉ូ ដើម្បី​ចូលរួម​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា​
28, Jul 2020 , 9:29 am        
រូបភាព
រូបភាពជំនួបរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
រូបភាពជំនួបរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បារាំង តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បាន​រាំង (AFD) បានផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១.៥​លាន​អឺរ៉ូ (​ប្រមាណ​១.៧​លាន​ដុល្លារ​) ដើម្បី​ចូលរួម​ស្ដារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួងទេសចរណ៍​។​

 
​ក្នុងជំនួប​រវាង​ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) នៅ​ថ្ងៃទី​២៣ ខែកក្កដា​កន្លងទៅ លោក ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ បានបញ្ជាក់​ហិរញ្ញប្បទាន ១.៥​លាន​អឺរ៉ូ នឹង​ប្រើប្រាស់​លើ​គម្រោង​សកម្មភាព​ចំនួន​២៤​សម្រាប់​ចូលរួម​ផែនការ​ស្ដារឡើងវិញ​វិស័យ​ទេសចរណ៍ កម្ពុជា​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុងពេល និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ 


 លោក ណេប សាមុត ក្នុងជំនួបរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ 
​ក្នុងអំឡុងពេល​ការរីក​រាលដាល និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា បានទទួល​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​បាត់បង់​ភ្ញៀវទេសចរ​អន្តជាតិ បណ្តាលមកពី​ការបិទ​ជើងហោះហើរ ពី​បណ្តា​ប្រទេស​មួយចំនួន​។ 
 
​ក្នុងជំនួប​នេះ ភាគី​ទាំងពី ក៏បាន​ផ្លាស់ប្ដូ​យោបល់​គ្នា​ជុំវិញ ការដាក់ចេញ​វិធាន​គាំទ្រ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩ និង​ចាប់ផ្ដើម​អនុវត្តន៍ វិធាន​សុ​វត្តិភាព​ទេសចរណ៍ ការជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ធានាថា​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​គុណភាព និង​ផ្តល់​ភាពកក់ក្ដៅ​ដល់​ភ្ញៀវទេសចរ ព្រមទាំង​បាន​ពិភាក្សា​បន្ថែម​អំពី​ធាតុ​ចូល (Inputs)​សម្រាប់​ការរៀបចំ​ផែនទី​ចង្អុល​ផ្លូវ សម្រាប់​ត្រៀម​ស្ដារឡើងវិញ នៃ​កំណើន​ទេសចរណ៍ ឆ្នាំ​២០២០-២០២៣​។​
 
​សូមបញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ទាំង​២៤​នេះ មាន​ធាតុ​ចូល​សំខាន់ៗ​ចំនួន​៣ ដែលមាន​ដូចជា​ការជួយ​ពង្រឹង​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​ការជួយ​ពង្រឹងសមត្ថភាព ពង្រឹង​រចនាសម្ព័ន្ធ​វិស័យ​ឯកជន នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ ការជួយ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ភាពជា​ដៃគូ​រដ្ឋ​និង​ឯកជន​។ ការជួយ​រៀបចំ​គម្រោង​ចាំបាច់ ដើម្បី​ជួយ​រៀបចំ​វិស័យ​ទេសចរណ៍​គម្រោង​ជួយ​គាំទ្រ​ផ្នែក​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​គម្រោង ជួយ​អេកូ​ទេសចរណ៍ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​ទីក្រុង​៕


 លោកស្រី Ophelie BOURHIS ក្នុងជំនួបរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ 

© រក្សាសិទ្ធិដោយ thmeythmey.com