COVID-19
ជាតិ
អាមេរិក​កំពុង​កៀរគរ​ធនធាន​ចាំបាច់ ដើម្បី​ជួយ​កម្ពុជា ក្រោយ​បានផ្ដល់​ជំនួយ​១១​លាន​ដុល្លារ លើ​ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩
27, Jul 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​អំឡុងពេល​កូ​វីដ​-១៩ អាមេរិក​បានផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​១១​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩​នៅ​កម្ពុជា​។ នេះ​បើតាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចេញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៧ កក្កដា​។



​ស្ថានទូត​អាមេរិក បានបញ្ជាក់​ទៀតថា​៖«​យើង​កំពុងតែ​កៀរគរ​ធនធាន​ចាំបាច់ ហើយ​ធ្វើការ​ជាមួយ​ដៃគូ​កម្ពុជា​របស់​យើង ដើម្បី​ប្រឈម​ដោះស្រាយ​វិបត្តិ​ផ្នែក​សុខភាព​សាកល​នេះ​»​។  
​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃទី​១៣ ឧសភា ក្នុងជំនួប​រវាង​រដ្ឋ​ម​ន្រី្ត​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅ​ទីស្ដីការក្រសួង​ថា ជំនួយ​ដែល​បានផ្ដល់​កម្ពុជា​នេះ គឺ​សម្រាប់​ជួយ​ផ្នែក​សុខាភិបាល​និង​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​។ 
 
​លោក​ឯកអគ្គរដ្ឋទូត Murphy ថ្លែងថា​៖ «​ធនធាន​ទាំងនេះ គឺជា​ផ្នែក​មួយ នៃ​ភាពជា​ដៃគូ​ដែលមាន​រយៈពេល​យូរ​របស់​យើង​ជាមួយ​ប្រទេស​កម្ពុជា​។​...​យើង​បន្ត​កិច្ចសហការ​គ្នា​នេះ ជាមួយ​ប្រជាជន​កម្ពុជា ជាមួយនឹង​ការប្តេជ្ញា​ដ៏​ចិត្តច្រើន​ថែមទៀត ហើយ​បន្ត​មានការ​ប្រុងប្រយ័ត្ន នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាតត្បាត​ជា​សាកល កូ​វីដ ១៩ ដែល​មិន​ធ្លាប់មាន​ពីមុនមក​»​។​
 
​មិនមែន​មានតែ​កម្ពុជា​ទេ ដែល​អាមេរិក​ផ្ដល់ជំនួយ​សម្រាប់​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​នេះ នៅ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត អាមេរិក​ក៏បាន​ផ្ដល់ជំនួយ​ប្រមាណ​៧០​លាន​ដុល្លារ​ដែរ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។ ប្រទេស​ទាំងនោះ រួមមាន​ឥណ្ឌូនេស៊ី​១១​លាន​ដុល្លារ​, ឡាវ​៤.៥ លាន​ដុល្លារ​, ម៉ាឡេស៊ី​១.២​លាន​ដុល្លារ​, មី​យ៉ាន​ម៉ា​១៦.៥​លាន​ដុល្លារ​, ហ្វីលីពីន​១៩.១​លាន​ដុល្លារ​, ថៃ​ចំនួន​៨.៥​លាន​ដុល្លារ និង​វៀតណាម​៩.៥​លាន​ដុល្លារ​។ ក្រៅពីនេះ ក៏មាន​ប្រទេស​ទី​ម័​រ​ខាងកើត ដែល​អាមេរិក​បាន​ផ្តល់ជំនួយ​ប្រមាណ​១.១​លាន​ដុល្លារ​ផងដែរ​។​
 
​កន្លងមក​កម្ពុជា​បានទទួល​ទាំង​ថិ​វ​កា បច្ចេកទេស និង​សម្ភារៈ​ជាច្រើន ដើម្បី​ជួយ​កម្ពុជា​ក្នុង​វិបត្តិ​កូ​វី​-១៩​នេះ ពី​អន្តរជាតិ​ផ្សេងទៀត រួមមាន​ប្រទេស​អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចិន​ជាដើម​៕ 

Tag:
 កូ​វីដ​-១៩
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com