COVID-19
អន្តរជាតិ
ចិន បន្ថែមកន្លែងការងាររដ្ឋសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្មីថ្មោង អំឡុងវិបត្តិ COVID-19 ប្រភពរូប៖ CGTN
× ស្ថាប័នសាធារណៈ រដ្ឋាភិបាលមូលដ្ឋាន និងសហគ្រាសរដ្ឋរបស់ចិនរាប់ពាន់កន្លែង កំពុងពង្រីកការជ្រើសរើសមន្ត្រីវ័យក្មេងចូលបម្រើការងារ ខណៈវិស័យឯកជនដែលជាទីផ្សារការងារដ៏ធំសម្រាប់និស្សិតបញ្ចប់ការងារថ្មីថ្មោង រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19 ។ ការពង្រីកនេះ ធ្វើឡើងតាមការអំពាវនាវរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។
និស្សិតចិនប្រមាណ ៨,៧លាននាក់ នឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២០នេះ ហើយតួលេខនេះគឺលើសឆ្នាំមុន ប្រមាណជិត៥០ម៉ឺននាក់។ អនាគតរបស់និស្សិតទាំងនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រុមហ៊ុនឯកជន ដែលរងគ្រោះដោយសារ COVID-19 កាត់បន្ថយការជ្រើសរើសបុគ្គលិកចូលធ្វើការថ្មី។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីចិន អះអាងថា និស្សិតទើបរៀនចប់ ដែលជាទូទៅចូលបម្រើការងារក្នុងខែមិថុនា ឬខែកក្កដា ប្រឈមស្ថានភាពដ៏ធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ BOSS Zhipin កៅអីការងារទំនេរសម្រាប់និស្សិតទាំងនោះ អំឡុងរដូវកាលជ្រើសរើសមុនពេលរៀនចប់ ធ្លាក់ចុះ២២ភាគរយ បើធៀបនឹងឆ្នាំមុន។
ទោះជាកំណើនសេដ្ឋកិច្ចចិន ស្ទុះឡើងវិញក្នុងត្រីមាសទី២ ភាពអត់ការងារក្នុងចំណោមនិស្សិតរៀនចប់អាយុចន្លោះ ២០ ទៅ ២៤ ឆ្នាំ គឺមានជាង៣ដង បើធៀបនឹងអត្រាប្រជាជនអត់ការងារទាំងមូល ដែលស្មើនឹង ១៩,៣ ភាគរយក្នុងខែមិថុនា ។
ស្ថិរភាពទីផ្សារការងារសម្រាប់យុវជន គឺជាកង្វល់នយោបាយដែលកើតឡើងយូរមកហើយក្នុងប្រទេសចិន។ ខណៈជំងឺរាតត្បាត COVID-19 ធ្វើឲ្យទីផ្សារការងារឯកជនកាន់តែចង្អៀត ប្រធានាធិបតីចិន ទទូចឲ្យមានការជ្រើសរើសបន្ថែម។ យ៉ាងណាមិញ កន្លងទៅ លោក ស៊ី ជិនភីង ធ្លាប់ព្រមានថា និស្សិតអត់ការងារ អាចធ្វើឲ្យមានបញ្ហាដល់ប្រទេសជាតិ។
ទាក់ទិនបញ្ហានេះ សហគ្រាសរដ្ឋ (SOEs) រដ្ឋាភិបាលមូលដ្ឋាន និងស្ថាប័នសាធារណៈ កំពុងឆ្លើយតបនឹងការអំពាវនាវរបស់លោកប្រធានាធិបតី ស៊ី ។ ក្រុមហ៊ុនប្រេងរដ្ឋដ៏ធំ Sinopec បង្កើនការជ្រើសរើសបុគ្គលិកជាង២ដងក្នុងឆ្នាំ២០២០ ជាមួយការងារ៣៥០០កន្លែងបន្ថែមសម្រាប់និស្សិតទើបរៀបចប់ថ្មីថ្មោង។ ដូចគ្នានេះដែរ សហគ្រាសរដ្ឋក្នុងខេត្តចិនដទៃទៀត ក៏ត្រូវបានណែនាំឲ្យពង្រីកការជ្រើសរើសបុគ្គលិកថ្មី ហើយទុកកន្លែងខ្លះសម្រាប់ក្រុមនិស្សិតទើបរៀនចប់ផងដែរ។
ផែនការរដ្ឋាភិបាលបញ្ជូនយុវជនទៅធ្វើការនៅតំបន់មិនសូវអភិវឌ្ឍក្នុងប្រទេសចិន ក៏ត្រូវបានបង្កើនចំនួនផងដែរ ពោលគឺបន្ថែមជាង៥០០០កន្លែង បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះ ខេត្ដហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន ក៏បានដំឡើងកូតាជ្រើសរើសមន្ត្រីបន្ថែមជាង៤០ភាគរយផងដែរ ខណៈបណ្ដាខេត្តភាគខាងជើង បានដំឡើងកូតា៤ដង៕
Tag:
ចិន
COVID-19
ស្ថាប័នរដ្ឋ
ស្ថាប័នឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com