សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប្រា​យុទ្ធ បញ្ជា​ឲ្យ​ស៊ើប​រឿង​ទម្លាក់​បទ​ចោទ​លើ​ចៅប្រុស​ថៅកែ Red Bull
27, Jul 2020 , 10:59 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ការសម្រេចចិត្ត​របស់​រា​ជ​អាជ្ញា​ថៃ​ដែល​ទម្លាក់​បទ​ចោទ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ូលិស​ស្លាប់​របស់​ចៅប្រុស​ថៅកែ​ភេសជ្ជៈ Red Bull ថៃ​។ បញ្ជា​នេះ​ធ្វើឡើង​ក្រោយ​សាធារណជន​ថៃ​ក្តៅក្រហាយ​ចំពោះ​ការទម្លាក់​បទ​ចោទ ដែល​បង្ហាញ​ពី​និ​ទណ្ឌ​ភាព​ក្នុងសង្គម​ថៃ ខណៈ​ក៏មាន​ចលនា​ធ្វើពហិការ​ផលិតផល​គោ​ជល់​ផង​។ បើតាម​ឯកសារ​បែកធ្លាយ ហេតុផល​នៅក្រោយ​ការសម្រេច​នេះ គឺ​ផ្អែកលើ​ការឆ្លើយបំភ្លឺ​របស់​សាក្សី​ថ្មី​។

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Narumon Pinyosinwat គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា កំពុង​តាមដាន​រឿងនេះ​យ៉ាង​ដិតដល់ ហើយ​លោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ប្រមែប្រមូល​អង្គហេតុ​ជុំវិញ​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​របស់​រាជអាជ្ញា​ដែល​ទទួលបន្ទុក​រឿង​គ្រោះថ្នាក់​ដែល​បង្កដោយ Vorayuth Yoovidhya ចៅប្រុស​ថៅកែ Red Bull ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៧ ខែកក្កដា​។​
 
​បើតាម​អ្នកស្រី Narumon លោក ប្រា​យុទ្ធ ក៏បាន​សុំ​ចិត្ត​អ្នក​រិះគន់​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កុំ​កេងចំណេញ​ពី​រឿងចម្រូងចម្រាស ហើយ​និយាយ​ពង្វាង​ការពិត ឬ​បង្ក​ការយល់ច្រឡំ​ក្នុងចំណោម​មតិសាធារណៈ​ជាដើម​។ ម្យ៉ាងវិញទៀត លោកនាយក​រដ្ឋមន្ត្រី អះអាងថា លោក​មិនបាន​លូកដៃ​ក្នុង​ដំណើរការ​គ្រប់គ្រង​យុត្តិធម៌ ហើយ​រាជអាជ្ញា​ថៃ​បំពេញការងារ​ពួកគេ​ដោយ​គ្មាន​សម្ពាធ​នយោបាយ​ណាមួយ​ឡើយ​។​
 
​លោក Vorayuth ដែលជា​ចៅប្រុស​មហាសេដ្ឋី Chaleo Yoovidhya ដែល​បាន​បង្កើត​ប្រេន ( Brand) ភេសជ្ជ​ប៉ូវ​កម្លាំង Red Bull ត្រូវបាន​ចោទប្រកាន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​រថ​យាន្ត Ferrari ពណ៌​ខ្មៅ​បុក​ប៉ូលិស​ម្នាក់​រហូតដល់​ស្លា​ប់​កាលពី​ឆ្នាំ​២០១២ ហើយ​អូស​សព​ជាច្រើន​ម៉ែត្រ មុនពេល​បើក​រត់គេច​ពី​កន្លែងកើតហេតុ​។ 
 
​យ៉ាងណា នៅ​ថ្ងៃទី​២៤ ខែកក្កដា បទ​ចោទ​ប្រឆាំង​លោក Vorayuth ចំនួន​៣ រួមមាន បើកបរ​លើស​ល្បឿន​កំណត់ បុក​ហើយ​រត់ និង​បើកបរ​ខ្វះ​ធ្វេសប្រហែស​រហូតដល់​មាន​ករណី​ស្លាប់ ត្រូវបាន​រាជអាជ្ញា​ថៃ​ទម្លាក់ចោល​។ ចំណែក​ប៉ូលិស​ថៃ ក៏បាន​ទទួល​ការសម្រេចចិត្ត​នេះ ដោយ​មិន​តវ៉ា​។ ប្រជាជន​ថៃ​ក៏​នាំគ្នា​រិះគន់​ស្ថាប័ន​ប៉ូលិស​ថៃ​មួយ​ជាន់​ទៀត ព្រោះ​មិន​អើពើ​រក​យុត្តិធម៌​ឲ្យ​សមាជិក​របស់ខ្លួន​។​
 
​ការសម្រេចចិត្ត​នេះ រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាជន​ថៃ​ទូទៅ ដែល​ចាត់ទុក​រឿងនេះ​ជា​ឧទាហរណ៍​មួយ​នៃ​វប្បធម៌​អភ័យឯកសិទ្ធិ​របស់​ពួក​អ្នកមាន ហើយ​ពួកគេ​ក៏​ទាមទារ​ឲ្យ​ការិយាល័យ​អគ្គរាជអាជ្ញា​ថៃ​ចេញ​បកស្រាយ​ហេតុផល​ពីក្រោយ​ការសម្រេចចិត្ត​នេះ​ផងដែរ​។ បើតាម​បាងកក​ប៉ុស្តិ៍ អ្នកលេង​បណ្ដាញ​សង្គម​ថៃ ភ្លាមៗ នាំគ្នា​និយាយ​ដល់​រឿង​ដែល​ត្រកូល​សេដ្ឋី​ថៃ Yoovidhya បាន​បរិច្ចាគ​លុយ ៣០០​លាន​បាត (៩,៥​លាន​ដុល្លារ​) ឲ្យ​រដ្ឋាភិបាល​ទប់ទល់ COVID-19 កាលពី​ខែមេសា​។​
 
​ភស្តុតាង​ថ្មី ជា​ហេតុផល​ពីក្រោយ​ការសម្រេច​ទម្លាក់​បទ​ចោល​ប្រឆាំង Vorayuth
 
​បើតាម​កាសែត បាងកក​ប៉ុស្តិ៍ មេធាវី​ថៃ​ម្នាក់​ដែល​អះអាងថា​បានឃើញ​ឯកសារ​លម្អិត​ពី​មូលហេតុ​រាជអាជ្ញា​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំង​លោក Vorayuth និយាយថា ការសម្រេចចិត្ត​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការឆ្លើយបំភ្លឺ​របស់​សាក្សី​ថ្មី រួមមាន អ្នកដំណើរ​តាម​ដងផ្លូវ និង​មន្ត្រី​បច្ចេកទេស​។​   
​ក្នុង​ឯកសារ​មួយ​ដែល​បាន​ចែករំលែក​យ៉ាង​សុសសាយ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ជាច្រើន​បាន​ចុះផ្សាយ​បន្ត ភស្តុតាង​ថ្មី បាន​បង្ហាញថា ប៉ូលិស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​ជិះ​ប្ដូរ​គន្លង​ផ្លូវ​ភ្លាម​កាត់​កណ្ដាល​មុខ​រថយន្ត​លោក Vorayuth ដែល​កំពុង​បើកបរ​លើគន្លងត្រឹមត្រូវ​ហើយ​ក្នុង​កម្រិត​ល្បឿន​កំណត់ (៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) ។ 
 
​កន្លងទៅ បើតាម​ការសន្និដ្ឋានរ​បស់​ប៉ូលិស​ចរាចរណ៍​ថៃ លោក Vorayuth បាន​បើកបរ​ក្នុង​ល្បឿន ១៧៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅពេល​រថយន្ត​ស៊េរី​ទំនើប Ferrari លោក​បាន​បុក និង​សម្លាប់​ប៉ូលិស​ថៃ លោក Wichian Klanprasert ដែល​កំពុង​ជិះ​លើផ្លូវ​មួយ​ក្នុង​ទីក្រុង បាងកក កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២​។ 
 
​ចលនា​ធ្វើពហិការ​ផលិតផល Red Bull 
 
​ខណៈ​មាន​ចលនា​ធ្វើពហិការ​ផលិតផលរ​បស់ Red Bull កើនឡើង​ក្នុងប្រទេស​ថៃ ក្រុមហ៊ុន TCP Group ដែលជា​ម្ចាស់​ប្រេន​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull ថៃ បាន​ព្យាយាម​ទាញ​ខ្លួនឯង​ចេញពី​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​អះអាងថា ករណីនេះ គឺជា​រឿង​ឯកជន​របស់លោក Vorayuth​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី ២៦ ខែកក្កដា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ឈានមុខ​មួយ​នេះ អះអាងថា ក្រុមហ៊ុន គ្មាន​ទំនាក់ទំនង​ផ្ទាល់​អ្វី​ជាមួយ​លោក Vorayuth ឡើយ​។ ទោះជា​ម្ចាស់​ភាគហ៊ុន​៧​នាក់​នៃ​ក្រុមហ៊ុន TCP Group គឺជា​សមាជិកគ្រួសារ ត្រកូល Yoovidhya លោក Vorayuth គ្មាន​កាន់តំណែង​អ្វី​ក្នុង​ក្រុមហ៊ុន​ដែល​ដឹកនាំ​ដោយ​ពូ​របស់លោក​ឡើយ​។ 
 
​ជីតា​របស់លោក Vorayuth គឺ​លោក​មហាសេដ្ឋី Chaleo Yoovidhya ត្រូវបាន​ជាប់​ឈ្មោះ​ជា​មនុស្ស​មានទ្រព្យ​បំផុត​លំដាប់​ទី​៣ ក្នុងប្រទេស​ថៃ នៅពេល​លោក​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១២ នៅ​អាយុ ៨៨​ឆ្នាំ​។ បើតាម​ការប៉ាន់ស្មានរ​ប​ស់ទស្ស​នាវ​ដ្តី Forbes លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​៕
 

Tag:
 ថៃ​
  Vorayuth Yoovidhya
  Red Bull
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com