ជាតិ
រថយន្ត
នាយ យ៉ាន សូមណែនាំទោចក្រយានយន្តបុរាណ៣គ្រឿង
× នៅខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរ ឃុំស្វាយជ្រុំ មានអ្នកស្នេហាយានយន្ដបុរាណម្នាក់ បានប្រមូលរថយន្ត៥គ្រឿង ត្រីចក្រយានយន្ដ១គ្រឿង និងទោចក្រយានយន្ដ៣គ្រឿង ដែលផលិតនៅចន្លោះទស្សវត្សរ៍៦០ និង៧០។ យានយន្តបុរាណទាំងនេះ មិនអាចកើតនោះទេ ហើយវាត្រូវបានគេសម្រាប់តាំងក្នុងអាហារដ្ឋាន និងស្ថានីយប្រេងឥន្ធនៈប៉ុណ្ណោះ។ ទោចក្រយានទាំង៣នោះ មានដូចជា ម៉ូតូ HONDA Sport 90 ផលិតនៅទស្សវត្សរ៍១៩៦០។ ម៉ូតូអូតូ PIAGGIO ប្រភេទ Vespa ម៉ូឌែល125 និងកង់ម៉ាស៊ីន MOTOBECANE ប្រភេទ AV65 ផលិតក្នុងទស្សវត្ស១៩៦០។
សូមស្តាប់ការអត្ថាធិប្បាយរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ម៉ូតូ ហុងដា Sport 90 (ហៅកាត់ថា S90) ពណ៌ក្រហមឈាមជ្រូក ពីទស្សវត្សរ៍១៩៦០។ ដ្បិតនៅមានគ្រឿងទាំងអស់ ក៏ប៉ុន្តែដែកវាពុកខ្លាំង។ ម៉ុតូ ហុងដា ប្រភេទS90 ត្រូវបានផលិតពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៩។ លេខ 90 មានន័យថា ម៉ាស៊ីនមានកម្លាំងជិត ៩០CC។ អាចជិះល្បឿនអតិបរិមាលើសពី ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ម៉ូតូអូតូ PIAGGIO ប្រភេទ Vespa ម៉ូឌែល125 ដែលមានរាងមូល និងពណ៌ខៀវស្រស់ ហើយក៏ស្អាតខ្លាំងដែរ។ អ្វីដែលចម្លែក បើប្រៀបធៀបនឹងម៉ូតូអូតូសម័យឥឡូវនេះ គឺមានកង់សឺកួរនៅក្រោយ។ ពាក្យអ៊ីតាលី vespa មានន័យថា ឱម៉ាល់។ PIAGGIO បានដាក់ឈ្មោះនេះ ដោយសារសំឡេងម៉ាស៊ីនស្រដៀងសំឡេងសត្វឪម៉ាល់កំពុងហោះហើរ។ ម៉ូឌែល 125 មានកម្លាំង១២៥ CC ហើយត្រូវបានផលិតពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៨១។ ក្រុមហ៊ុនអ៊ីតាលី PIAGGIO ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៤ ហើយគឺក្រុមហ៊ុននេះហើយ ដែលបានបង្កើតម៉ូតូអូតូមុនគេ។
កង់ម៉ាស៊ីន MOBYLETTE ប្រភេទ AV65 ពីទស្សវត្ត១៩៦០ ពណ៌នៅចន្លោះប្រផេះ និងខៀវ។ ទោះបីជាដែកពុកខ្លះ ម្ចាស់វាបានចាក់សោរកាប ដើម្បីចៀសវាងចោរកម្ម ព្រោះគាត់ដឹងអំពីគុណតម្លៃកង់ដ៏កម្រនេះ។ មុនសង្គ្រាមម៉ាក MOBYLETTE និយមណាស់នៅប្រទេសកម្ពុជា។ មកដល់បច្ចុប្បន្ន ក៏តែមានខ្លះដែរ។ លើសពីនេះទៅទៀត មួយចំនួនអាចជិះបាន។ Mobylette ប្រភេទ AV65 ត្រូវបានផលិតពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧០។ វាស៊ីសាំងតិចមែនទែន ព្រោះវាមានទម្ងន់ ៥០គីឡូក្រាមប៉ុណ្ណោះ។ ទោះបីជាអ្នកបើកមិនធាក់ក៏ដោយ កង់ម៉ាស៊ីនកម្លាំង ៥០CC នេះ អាចជិះដល់ល្បឿនអតិបរមា ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ក្រុមហ៊ុន MOTOBECANE បានចាប់ផ្ដើមដំណើរការឆ្នាំ១៩២៤ នៅប្រទេសបារាំង ហើយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានបង្កើតកង់ម៉ាស៊ីន៕
Tag:
យានយន្ត
កង់
ម៉ូតូ
ទោចក្រយានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com