ជាតិ
សង្គមជាតិ
ស្ថាប័ន​ពាក់ព័ន្ធ រួមគ្នា​លុប​បំបាត់​សំឡេង​ចេញពី​វិទ្យុ ឆ្លង​ចូលទៅ​រំខាន​ដល់​អ្នកបើក​យន្តហោះ
27, Jul 2020 , 5:45 pm        
រូបភាព
រូបពី Cambodia Angkor Air
រូបពី Cambodia Angkor Air
​​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួមគ្នា​ស្តីពី « វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល​ហ្វ្រេ​កង់​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវ អាកាស​នៅក្នុង​ដែនអាកាស​កម្ពុជា​»​។



​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា សំឡេង ដែល​រំខាន​ដល់​ហ្វ្រេ​កង់​យន្តហោះ គឺ​ចេញពី​វិទ្យុ FM នានា​ក្នុងប្រទេស​កម្ពុជា ហើយ​សំឡេង ដែល​ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត ដូចជា ទូរទស្សន៍ ជាដើម មិនបាន​រំខាន​ទៅដល់​ហ្វ្រេ​កង់​យន្តហោះ​ឡើយ​។​
 
​លោក លើកឡើងថា យន្តហោះ ទទួលបាន​ហ្វ្រេ​កង់​ពី​១១៨ MHz ទៅ ១៣៦.៩៧៥ MHz រីឯ វិទ្យុ​វិញ ទទួលបាន​ហ្វ្រេ​កង់​តែ​៨៥ MHz ទៅ ១០៨ MHz ប៉ុណ្ណោះ​។ លោក បន្តថា បើ​ប្រៀបធៀប គឺមាន​គម្លាត​ពីគ្នា​ឆ្ងាយ​ណាស់ ដូច្នេះ ហ្វ្រេ​កង់​វិទ្យុ មិនគួរ​ឆ្លងទៅ​ប៉ះ​ហ្វ្រេ​កង់​យន្តហោះ​នោះទេ​។ 
 
​លោក បកស្រាយ មូល​ហេតុ ដែល​នាំ​ឲ្យ​ហ្វ្រេ​កង់​វិទ្យុ ឆ្លង​ប៉ះ​ទៅដល់​ហ្វ្រេ​កង់​យន្តហោះ គឺ​ដោយសារតែ​ស្ថានីយ​វិទ្យុ​ខ្លះ រៀបចំ​និង​ដាក់​ឧបករណ៍ មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​និង​តាម​បច្ចេកទេស​។ លោក បន្ថែមថា នៅពេល​សំឡេង​ចេញពី​ហ្វ្រេ​កង់​វិទ្យុ ឆ្លង​ចូលទៅក្នុង​ហ្វ្រេ​កង់​យន្តហោះ គឺ​វា រំខាន់​ដល់​អ្នកបើក​យន្តហោះ (Pilot) ហើយ​ធ្វើ​ឲ្យ​អ្នកបើក​យន្តហោះ ស្តាប់​សំឡេង​ឆ្លើយឆ្លង​គ្នា​មិនបាន​ច្បាស់​។  
 
​ប្រសាសន៍​របស់​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​៖«​វា បង្ក​ឲ្យ​មាន​បញ្ហា​ដល់​គ្រោះថ្នាក់ បើ​អ្នកបើក​យន្តហោះ ស្តាប់​អត់​ច្បាស់​....​។ អ៊ីចឹង ដល់​យើង​បញ្ជាការ​ហោះហើរ​ទៅ វា ចេះតែមាន​សំឡេង​រំខាន​ពី​វិទ្យុ​... វា មាន​ហានិភ័យ​ដល់​ការបញ្ជា​ការហោះហើរ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា កន្លងមក ធ្លាប់មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ម្តង​រួចមកហើយ ក្នុងការ​ទប់ស្កាត់​និង​ការលុបបំបាត់​សំឡេង​វិទ្យុ ដែល​ឆ្លងទៅ​រំខាន​ដល់​ហ្វ្រេ​កង់​យន្តហោះ​។ លោក បញ្ជាក់ថា ដោយសារតែ​សំឡេង​រំខាន នៅតែ​បន្ត​កើតមាន ទើប​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ចុះហត្ថលេខា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ជាថ្មី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​សំឡេង​ចេញពី​វិទ្យុ ទៅ​រំខាន​ដល់​ហ្វ្រេ​កង់​យន្តហោះ​តទៅទៀត​៕ 
 

Tag:
 ​ហ្វ្រេ​កង់​យន្តហោះ​
  ហ្វ្រេ​កង់​វិទ្យុ​
  ផ្លូវអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com