សម្ដេច ស ខេង​៖ មន្ត្រីនគរបាល​ខ្លះ សុំ​ឡើង​ស័ក្តិ មួយឆ្នាំ​ឡើង​២​ដង តែ​ពេល​ឱ្យទៅ​ធ្វើ​ការងារ ធ្វើ​អត់​កើត​
ជាតិ
សង្គមជាតិ
សម្ដេច ស ខេង​៖ មន្ត្រីនគរបាល​ខ្លះ សុំ​ឡើង​ស័ក្តិ មួយឆ្នាំ​ឡើង​២​ដង តែ​ពេល​ឱ្យទៅ​ធ្វើ​ការងារ ធ្វើ​អត់​កើត​
27, Jul 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង ជំ​រុញឱ្យ​មន្ត្រីនគរបាល​ទាំងអស់ បំពេញការងារ​ឱ្យ​បានល្អ​ស្របតាម​ចំណេះដឹង និង​បទពិសោធន៍ ប៉ុន្តែ​មិនត្រូវ​មាន​អំនួត និង​ធ្វើ​អ្វីដែល​ហួស​ពី​សមត្ថភាព​ខ្លួន​នោះទេ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​៥​ឆ្នាំ (២០១៥-២០១៩) និង​លើក​ទិសដៅ​ការងារ សម្រាប់​រយៈពេល ៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។​


​សម្ដេច ស ខេង បាន​ផ្ដាំ​ឱ្យ​មន្ត្រីនគរបាល​ទាំងអស់​ថា បំពេញការងារ​ឱ្យមាន​ប្រសិទ្ធភាព​ជាមុនសិន សឹម​សម្លឹងមើល​មុខតំណែង​តាម​ក្រោយ ពោលគឺ​មិន​ត្រូវមាន​អំនួត ឬ​ចង់បាន​ឋានៈ​អ្វីមួយ ទាំង​ខ្លួន​គ្មាន​សមត្ថភាព​បំពេញការងារ​នោះឡើយ​។ បើតាម​សម្ដេច ស ខេង ដើម្បី​បំពេញការងារ​ឱ្យមាន​ប្រសិទ្ធភាព លុះត្រាតែ​បុគ្គល​នោះ មាន​ទាំង​បទពិសោធន៍ និង​ចំណេះដឹង​។​
​ថ្លែង​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​គ្រប់រូប រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​អ្នកខ្លះ​រៀន​(​ជំនាញ​)​ចប់​ហើយ មកសុំ​ស័​ក្កិ ហើយ​សុំ​ល្មមៗ​មិន​អី​ទេ អ្នកខ្លះ​សុំ​ហួសពេក មួយឆ្នាំ​ឡើង​ពីរដង​ក៏មាន តែ​ឱ្យទៅ​ធ្វើការ ធ្វើ​អត់​កើត​»​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ស ខេង ក៏​ផ្ដាំ​ឱ្យ​នាយកដ្ឋាន​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ប៉ុ​សិ៍​រដ្ឋបាល​ទាំងអស់ ត្រូវ​ជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព ហើយ​រស់នៅក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់ ពីព្រោះ​ពួកគេ​ទាំងនោះ ស្គាល់​មូលដ្ឋាន​ខ្លួនឯង​ច្បាស់ និង​ងាយស្រួល​ធ្វើការ​ងារ​ជូន​ប្រជាពលរដ្ឋ និង​គ្រប់គ្រង​មូលដ្ឋាន​មាន​ប្រសិទ្ធភាព​ផងដែរ​។​
 
​សម្ដេច ក៏​ហាម​មិនឱ្យ​ជ្រើសរើស​សាច់ញាតិ ទៅ​បំពេញការងារ​នៅតាម​ប៉ុស្តិ៍​មូលដ្ឋាន​នោះទេ ដែលនាំឱ្យ​ពិបាក​នៅ​ថ្ងៃក្រោយ​។​«​ពីព្រោះ​មានបទពិសោធន៍​បែបនេះ មាន​អ្នក​ខាងលើ​(​អ្នក​ថ្នាក់​ធំ​) ទៅ​ផ្ញើ​(​កូន ក្មួយ សាច់ញាតិ​) ឧបមា ក្របខណ្ឌ​កន្លែង​នោះ ត្រូវបាន​៥​នាក់ ហើយ​ផ្ញើ​(​សាច់ញាតិ​) ១ ផ្ញើ​២​នាក់ ហើយ​បើ​គ្រប់កន្លែង​ផ្ញើ​១ ផ្ញើ​២ ទៅធ្វើ​ការ​នៅ​កន្លែង​ហ្នឹង ដល់ពេល​ប្រឡង​ជាប់​ហើយ ចូល​ក្របខណ្ឌ​ប៉ូលិស ស្រាប់តែ​សុំ​ផ្ទេរ​តែម្ដង ដើម្បី​ដក​ពិសោធន៍​នៅ​អង្គភាព​នេះ នោះ អ៊ីចឹង​ប៉ូលិស​យើង អត់​មាន​ប៉ូលិស​ធ្វើការ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ស្នើឱ្យ​មានការ​សិក្សា ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​លើ​ការជ្រើសរើស​សមត្ថភាព​មន្ត្រីនគរបាល​៕
 
 

Tag:
 ស ខេង​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com