COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង មិន​ជឿ​ការអះអាង​របស់​កូរ៉េខាងជើង​ដែលថា អ្នក​ភៀសខ្លួន​ម្នាក់​អាចមាន COVID-19
27, Jul 2020 , 11:59 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ ក្រោយមានសេចក្ដីរាយការណ៍ករណីសង្ស័យជំងឺ COVID-19 ក្នុងប្រទេស។ រូបភាព KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ ក្រោយមានសេចក្ដីរាយការណ៍ករណីសង្ស័យជំងឺ COVID-19 ក្នុងប្រទេស។ រូបភាព KCNA
​កូរ៉េខាងត្បូង បានបង្ហាញ​ការសង្ស័យ​ចំពោះ​ការអះអាង​របស់​ទីក្រុង​ព្យុងយ៉ាង​ពាក់ព័ន្ធ​ករណី​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ដែល​រត់គេច​ទៅ​កូរ៉េខាងជើង​វិញ ហើយ​កំពុង​ត្រូវ​សង្ស័យថា មាន​ផ្ទុក​ជំងឺ COVID-19 ។ មន្ត្រី​ទីក្រុង​សេ​អ៊ូ​ល និយាយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា បុរស​កូរ៉េខាងជើង​នោះ មិនមាន​លទ្ធផល​វិជ្ជមាន​ជំងឺ​នេះឡើយ ហើយក៏​មិន​ប៉ះពាល់​អ្នកមាន​ជំងឺ​នេះដែរ​។ អ្នកវិភាគ​ខ្លះ​ជឿថា កូរ៉េខាងជើង​កំពុង​រុញ​កំហុស​ឲ្យ​កូរ៉េខាងត្បូង​ពីអ្វី​ដែល​កើតឡើង​ក្នុងប្រទេស​ខ្លួន​។​

 
​ករណី​បុរស​កូរ៉េខាងជើង​ម្នាក់​ដែល​រត់​ពី​កូរ៉េខាងត្បូង​ទៅ​ស្រុកទេស​វិញ​ហើយ​ជាប់​សង្ស័យថា មាន​ផ្ទុក​ជំងឺ COVID-19 ក្លាយជា​ប្រធាន​ក្ដៅ​ទាំង​នៅ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​។ ទីក្រុង​ព្យុងយ៉ាង បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់ និង​បិទ​ទីក្រុង Kaesong ទី​ដែល​បុរស​កូរ៉េខាងជើង​មានត្រកូល គីម បាន​ទៅដល់​ក្រោយ​លួច​ឆ្លង​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃទី​១៩ ខែកក្កដា​កន្លងទៅ​។ រូបគេ​មាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ផងដែរ​។​
 
 
​យ៉ាងណាមិញ ទីក្រុង​សេ​អ៊ូ​ល បានបង្ហាញ​ការសង្ស័យ​ចំពោះ​របាយការណ៍​របស់​កូរ៉េខាងជើង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រី​សុខាភិបាល​កូរ៉េខាងជើង​លើកឡើងថា បុរស​ដែលមាន​វ័យ​២៤​ឆ្នាំ​រូបនេះ ទំនងជា​មិនអាច​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង​ឡើយ​។ លោក Yoon Tae-ho មន្ត្រី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង និយាយថា ជនភៀសខ្លួន​កូរ៉េខាងជើង​ម្នាក់នេះ មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នកជំងឺ ឬក៏​ស្ថិតក្នុង​ក្រុម​អ្នក​ប៉ះពាល់​អ្នកជំងឺ​ដែរ​។ 
 
​មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង​រូបនេះ​បន្តថា មជ្ឈមណ្ឌល​របស់លោក​បានធ្វើ​តេស្ត​រក COVID-19 លើ​មនុស្ស​ពីរ​នាក់​ដែលមាន​ទំនាក់ទំនង​ជិត​សិ្ន​ទ្ធ​នឹង​ជនជាតិ​កូរ៉េខាងជើង​ខាងលើ​។ ប៉ុន្តែ​លទ្ធផល​ចេញមក​អវិជ្ជមាន​។​
 
​ទាក់ទង​ការរត់​គេច​រប​ស់បុរ​ស​ខាងលើ មន្ត្រី​យោធា​កូរ៉េខាងត្បូង បញ្ជាក់ថា រូបគេ​ទំនងជា​ហែល​ទឹក​ឆ្លង​ព្រំដែន​ភាគ​ខាងលិច​នៃ​កោះ Gwanghwa ចូល​ទឹកដី​កូរ៉េខាងជើង​វិញ បន្ទាប់ពី​លូន​តាម​លូ​ក្រោម​របងលួស​ព្រំដែន ដើម្បី​គេច​ពី​ភ្នែក​យោធា​កូរ៉េខាងត្បូង​។ យោធា​កូរ៉េខាងត្បូង រង​ការរិះគន់​ខ្លាំង​ចំពោះ​ការធ្វេសប្រហែស​នេះ​។ បី​ឆ្នាំមុន ពេល​រត់​ភៀសខ្លួន​ចូល​កូរ៉េខាងត្បូង បុរស​កូរ៉េខាងជើង​រូបនេះ ក៏​ហែល​ទឹក​ដូចគ្នា​ដែរ​។​
 
​ជាមួយនឹង​ការប្រកាស​របស់​ទីក្រុង​ព្យុងយ៉ាង អ្នកវិភាគ​ខ្លះ​យល់ថា រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ចង់​ទម្លាក់កំហុស​ឲ្យ​កូរ៉េខាងត្បូង​ក្នុងករណី​មានការ​ឆ្លង COVID-19 មែន​នោះ ជាជាង​ចង្អុលមុខ​ចិន​។ អ្នកស្រី Rachel Lee អតីត​អ្នកវិភាគ​បញ្ហា​កូរ៉េខាងជើង​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា កូរ៉េខាងជើង​យក​ករណីនេះ ដើម្បី​រុញ​ការទទួលខុសត្រូវ​ឲ្យ​សេ​អ៊ូ​ល​ចំពោះ​ការ​រាលដាល COVID-19 ដែល​ទំនង​ជាមាន​រួចហើយ ឬក៏​ការផ្ទុះ​ជំងឺ​នេះ​នៅ​ថ្ងៃ​ខាងមុខ​។​
 
​លើសពីនោះ កូរ៉េខាងជើង ក៏​ទំនងជា​ចង់បាន​ជំនួយ​ពី​កូរ៉េខាងត្បូង ជាមួយនឹង​ការប្រកាស​ករណី​នាំចូល​ពី​អ្នកជិតខាង​មួយ​នេះ​។ នេះ​ជាការ​យល់ឃើញ​របស់ Kim Yong-hyun សាស្ត្រាចារ្យ​នៅ​សាក​វិទ្យាល័យ Dongguk របស់​កូរ៉េខាងត្បូង​៕ 
 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com