ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​មួយ​នៃ​ខេត្តសៀមរាប​យក​ដូង​ធ្វើ​រូប​មេអំបៅ ចាប ទា ឃ្មុំ ដើម្បី​រក​ចំណូល​បន្ថែម​
28, Jul 2020 , 7:59 pm        
រូបភាព
រូប​សត្វ​ឃ្មុំ មេអំបៅ​ និង​សត្វផ្សេង​ៗ ដែល​អ្នកស្រី​ ឆន​ ចំរើន ធ្វើឡើង​​ពី​ដូងស្តរ​ បាញ់ថ្នាំ​រួច​ ដាក់​តាំង​នៅ​មុខ​ផ្ទះ​ដើម្បី​លក់​​​ ​​នៅ​ភូមិ​​គោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)
រូប​សត្វ​ឃ្មុំ មេអំបៅ​ និង​សត្វផ្សេង​ៗ ដែល​អ្នកស្រី​ ឆន​ ចំរើន ធ្វើឡើង​​ពី​ដូងស្តរ​ បាញ់ថ្នាំ​រួច​ ដាក់​តាំង​នៅ​មុខ​ផ្ទះ​ដើម្បី​លក់​​​ ​​នៅ​ភូមិ​​គោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)
ដោយ: VOA
​សៀមរាប ៖ នៅ​ភាគ​ខាងជើង​ក្រុង​សៀមរាប ប្រមាណ​២៥​គីឡូម៉ែត្រ​អ្នកស្រី ឆន ចំរើន ដែលជា​អ្នកភូមិ​គោក​គ្រើល ឃុំ​លាងដៃ ស្រុក​អង្គរធំ ដើរចូល​ក្នុង​តូប​ផាត់មុខ និង​ធ្វើ​សក់​របស់​អ្នកស្រី​។ អ្នកស្រី​លាបម្សៅ​នៅលើ​ផ្ទៃមុខ​រួច​លាប​ក្រែ​ម​ពណ៌​ក្រហមព្រឿងៗ​។​

 
​ក្រោយមក​នៅមុខ​តូប​ដដែល​នេះ​អ្នកស្រី​ក្រាល​បាវ​ពណ៌​លឿង និង​ពណ៌​ក្រហម​។ នៅលើ​បាវ​នោះ អ្នកស្រី​ដាក់​ស្បោង​ស​មួយ ដែល​នៅ​ក្នុងនោះ​មានកូន​កាំបិត​ដង​ពណ៌​ទឹកក្រូច​ចំនួន​បី  ខ្សែ​ពណ៌​លឿង​សម្រាប់​ចង និង​ខ្សែ​ជ័រ​រិត​ខ្សែភ្លើង​មួយកញ្ចប់​។ ក្រោយមក​អ្នកស្រី​រើស​ដូងស្តរ​មួយចំនួន ពី​គំនរ​ដូង​។ បន្ទាប់ពី​រើស​បាន​ដូង​ដែលមាន​រាង និង​ទំហំ​ដែល​អ្នកស្រី​ចង់បាន​ហើយ  អ្នកស្រី​អង្គុយ​ចុះ​នៅលើ​កៅអី​ទាប​មួយ​។​
 
​ដោយមាន​ដូង​មួយចំនួន​នៅ​ពីមុខ​ដៃ​ខាងឆ្វេង​របស់​អ្នកស្រី​កាន់​កូនកាំបិត  ហើយ​ដៃ​ខាងស្តាំ​ក៏​កាន់​កូនកាំបិត​ដែរ​។ អ្នកស្រី​ប្រើ​ជើង​ទាំងពីរ​របស់​អ្នកស្រី​ទប់​ដូង​ឲ្យ​នៅ​ហ្នឹង​។ អ្នកស្រី​ចាប់ផ្តើម​ចោះ​ប្រហោង​មួយ​លើ​សំបក​ដូងស្តរ ដែលជា​ដូង​គ្មាន​ទឹក​។​


អ្នកស្រី​ ឆន ចំរើន​ អង្គុយធ្វើរូបសត្វ​ពី​ផ្លែដូង​ស្តរ​។ រូប​សត្វ​មួយ​ អ្នកស្រី​អាច​លក់បាន​ក្នុងតម្លៃ​ប្រមាណ​ ១ម៉ឺន​រៀល​ ទៅ​១ម៉ឺន៥ពាន់​រៀល នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)
 
​ដូង​ទី​១ ដែល​អ្នកស្រី​ចោះ​ចំ​កណ្តាល​គឺជា​ក្បាល​។  ដូង​ទី​ពីរ​ដែល អ្នកស្រី​ចោះ​ខាងលើ និង​ខាងក្រោម គឺជា​ដងខ្លួន​។​ដូង​ទី​៣ អ្នកស្រី​ចោះ​ផ្នែក​ខាងលើ​ជា​កន្ទុយ​។  នៅពេល​អ្នកស្រី​ដាក់​ផ្គុំ​ដូង​ទាំងបី​តាម​លេខ​រៀង  ដូង​ទាំងនោះ លេចចេញ​ជា​រូប​សត្វ​ឃ្មុំ​។​នេះ​មិនទាន់​ចប់​នៅឡើយ​ទេ​។​សម្រាប់​ដូង​ទី​១  អ្នកស្រី​ចោះ​ប្រហោង​ផ្នែក​ក្បាល​ចំនួន​ពីរ​បន្ថែមទៀត ដើម្បី​ដោត​ខ្សែ​ជ័រ​សម្រាប់​រឹតខ្សែ​ភ្លើង​។ ខ្សែ​ទាំងនោះ​ចេញ​ជា​ប្រមោយ​។  នៅលើ​ផ្នែក​កណ្តាល ឬ​ផ្នែក​ដងខ្លួន  អ្នកស្រី​ចោះ​ប្រហោង​នៅ​ចំហៀង​ទាំងសងខាង​។  ប្រហោង​នោះ បន្ទាប់មក​ត្រូវបាន​បំពេញ​ដោយ​ស្ព​រ​ដូង ដែលមាន​រាង​ជា​ស្រទាប់​ស្តើង​វែង​។  ផ្នែក​នេះ​ជា​ស្លាប​។​
 
​នៅ​ផ្នែក​ខ្លួន​ដដែល ប៉ុន្តែ​នៅ​ផ្នែក​ខាងក្រោម  អ្នកស្រី​ចោះ​ប្រហោង​បួន​ផ្សេងទៀត ដើម្បី​ដោត​ខ្សែ​ជ័រ​សម្រាប់​រឹតខ្សែ​ភ្លើង​។ ប្រហោង​មួយ​មាន​ខ្សែ​មួយ​។ ខ្សែ​ទាំង​បួន​នេះ​ក្លាយជា​ជើង​។ អ្នកស្រី​ញញឹម​រួច​និយាយថា​៖ «​នេះហើយ​ហើយ​»​។​
 
​បង្គំ​នៃ​ដូង និង​ខ្សែ​ជ័រ​ទាំងនេះ​បានក្លាយ​ទៅជា​រូប​សត្វ​ឃ្មុំ​។ រូប​សត្វ​ដែល​ធ្វើឡើង​ពី​ផ្លែ​ដូង​ទាំងនេះ​អាច​ផ្តល់​កម្រៃ​ដល់​អ្នកស្រី​បាន ពី​១​ម៉ឺន​ទៅ​១​ម៉ឺន​៥០០០​រៀល​។​
 
​ពលរដ្ឋ​ជាង​១៥០ គ្រួសារ​នៅក្នុង​ភូមិ​នេះ​ភាគច្រើន​ធ្វើការ​សំណង់​និង​វិស័យ​ទេស​រណ៍​។​ពួកគេ​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​ជំងឺ​កូ​វីដ​។ ឥឡូវ​គ្រួសារ​មួយចំនួន​ក្នុងភូមិ​នេះ​បាន​រកឃើញ​វិធី​ថ្មី​ក្នុងការ​រកប្រាក់​ចំណូល​បន្តិចបន្តួច ដោយ​យក​ដូង​លក់​តាម​ផ្ទះ​មក​ធ្វើ​រូប​សត្វ​។​
 
​ដូច​អ្នកភូមិ​រាប់រយ​នាក់​ទៀត​ដែរ អ្នកស្រី ចំរើន​ធ្លាប់​ធ្វើការ​ពីរ​បី​មុខ ដើម្បី​ជួយ​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ និង​សម្រាល​បន្ទុក​ប្តី​របស់​អ្នកស្រី​ដែលមានរ​បរជា​អ្នក​នាំ​ភ្ញៀវទេសចរ​។  ការងារ​មួយ​ក្នុងចំណោម​នោះ​គឺជា​ការងារ​សំណង់​។​
 
​អ្នកស្រី ចំរើន​និយាយថា បន្ទាប់ពី​អ្នកស្រី​ចាប់ផ្តើម​ធ្វើ​រូប​សត្វ​ទាំងនេះ​ដាក់លក់ អ្នកស្រី​រកបាន​ប្រាក់កម្រៃ​ខ្លះ​។​
 
«​ទើប​ហ្នឹង​បាន​ជិត ១០​ម៉ឺន​[​រៀល​]​។​យើង​ទើប​ហ្នឹង​ចាប់ផ្តើម​លក់​ដែរ​តែ​មិន​សល់​[​លុយ​]​ទេ​។​ទិញ​តែ​ថ្នាំ (​បាញ់​) ទៅវិញ និង​បាន​ចាយ​ទិញ​ម្ហូប​ទិញ​អី​តិចតួច​ប៉ុណ្ណោះឯង​»​។​
 
​អ្នកស្រី​យកប្រាក់​នេះ​ចាយ​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​គ្រួសារ​ខណៈដែល​អាជីព​មួយទៀត​របស់​អ្នកស្រី​ជា​អ្នកធ្វើ​សក់ និង​ផាត់មុខ​ត្រូវបាន​ផ្អាក​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​អ្នកស្រី ឆន ចំរើន​ទើបតែ​មាន​អាជីព​ថ្មី ដែល​កែ ច្នៃ​ផ្លែ​ដូងស្តរ​ធ្វើ​រូប​សត្វ​ផ្សេងៗ​បាន​បួន​ថ្ងៃ​ប៉ុណ្ណោះ​។  អ្នកស្រី​និយាយថា រូប​សត្វ​ទាំងនេះ​អាច​ផ្តល់​កម្រៃ​ពី​១​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​។  ប្រាក់​នេះ ជួយ​អ្នកស្រី​ក្នុងការ​សងលុយ​ធនារ​គារ​ដែល​គ្រួសារ​អ្នកស្រី​ខ្ចី​ពី​ធនាគារ​អេស៊ីលីដា​ចំនួន​១​ម៉ឺន​ដុល្លារ​កាលពី​ខែមករា​កន្លងទៅ​។​
 
​អ្នកស្រី​យកលុយ​នោះ​ទៅ​ទិញ​ឧបករណ៍​ធុងបាស​ដើម្បី​ប្រកប​របរ​ជួល​ចាក់​ភ្លេង​នៅក្នុង​ពិធីមង្គលការ​ដោយ​សង្ឃឹមថា   អ្នកស្រី​និង​ប្តី​អាច​រកបាន​យ៉ាងហោចណាស់​១៥០​ដុល្លារ​ក្នុង​មួយខែ​ពីមុខ​របរ​ជួល​ធុងបាស​នេះ​។​
 
​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ចង់​សម្រាក​ពី​អង្គការ​មួយរយៈ ប៉ុន្តែ​ដោយសារតែ​ប្តី​របស់ខ្ញុំ​ស្រឡាញ់​ពេក​កាត់​ថា​ទាន់​មានឱកាស​យើង​យកទៅ​!  ហើយ​យើង​ដាច់​អង្គការ​ហើយ​។ ក៏​ចាប់ផ្តើម​សារជាថ្មី​ជាមួយ​អង្គការ​ក៏​វ័ណ្ឌក​ទៅ​!»
 
​អ្នកស្រី​បន្ថែមថា​៖«​និយាយ​ទៅ​គឺ​ចំណាយ​មិនមែន​តែ​អង្គការ​ទេ​គឺ​ចំណាយ​ច្រើន គឺ​អ្នក​ជុំវិញ​ដែល​យើង​ដោះ​គេ​រហូត​គឺ​យើង​ចំណាយ​ច្រើន​ដែរ​»​។​
 
 
​ដូងស្តរ​រាប់សិប ដែល​ត្រូវ​បានដាក់​គរ​នៅក្នុង​តូប​ផាត់មុខ និង​ធ្វើ​សក់​របស់​អ្នកស្រី​កំពុង​រង់ចាំ​វេន​អាច​ប្រែខ្លួន​ជា​រូប​សត្វ​ឃ្មុំ សត្វ​មេអំបៅ ទា ចាប ទន្សាយ និង​សត្វ​ផ្សេងៗ​ទៀត​។​
 
​ប៉ុន្តែ​មិនមែន​ដូង​ទាំងអស់ សុទ្ធតែ​មានសំណាង​នោះទេ​។​
 
​ដូងស្តរ​ដែល​មិនត្រូវ​បានជ្រើសរើស ត្រូវបាន​អ្នកស្រី​យកទៅ​ដុត​ជា​ភ្នក់ភ្លើង​ដេញ​សត្វល្អិត​នានា​។​
 
​អ្នកស្រី​និយាយថា​៖ «​អា​របៀប​ថា​កណ្តៀរ​ស៊ី​ហើយ​អាណា​ធំ​ពេក​ក៏​អត់​យក​កើត​ដែរ​។ វា​លើស​មាឌ​អត់​មាន​អាណា​ផ្គុំ​ជាមួយ​វា​បាន​»​។​
 
​ការងារ​នេះ​ក៏​ផ្តល់​ពេល​ឲ្យ​អ្នកស្រី​បាន​មើល​កូនតូចៗ ប្រុស និង​ស្រី​ទាំងពីរ​នាក់​ផងដែរ​។​


រូប​សត្វ​ឃ្មុំ ដែលធ្វើ​ពី​ដូងស្តរ​ បាញ់ថ្នាំ​រួច​ ដែល​អ្នកស្រី​ សំ​ សម្ផស្ស​ បាន​ធ្វើ​ដោយ​ប្រើពេល​ប្រហែល​ ១៥នាទី​ នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)
 
​បន្ទាប់ពី​ធ្វើ​រូប​ឃ្មុំ​រួច​អ្នកស្រី​ចាប់​ផ្តើមធ្វើ​រូប​មេអំបៅ​។​


សត្វ​មេអំ​បៅ ដែលធ្វើ​ពី​ដូងស្តរ​ មិន​ទាន់​បាញ់ថ្នាំ ដែល​អ្នកស្រី​ សំ​ សម្ផស្ស​ បាន​ធ្វើ​ដោយ​ប្រើពេល​ប្រហែល​ ១៥នាទី​ នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ខាន់​ សុគុំមនោ​/វីអូអេ)
 
​ខណៈដែល​អ្នកស្រី​កំពុង​ធ្វើ​រូប​មេអំបៅ​នោះ កូនស្រី​តូច​របស់​អ្នកស្រី​រត់​មក​អង្គុយ​ក្បែរ ដោយ​កាន់​តុក្កតា​ពណ៌​ប្រផេះ​មួយ​។​អ្នកស្រី​ប្រាប់​កូនស្រី​ដែលមាន​អាយុ​បី​ឆ្នាំ​ថា​៖«​កូន​ឯង​ទៅលេង​ឯនោះ​ទៅ ថ្លង់​អ៊ុំ​»​។​
 
​ក្រោយពី​បញ្ចប់​ដំណើរការ​ធ្វើ​សត្វ​ទាំងពីរ​អ្នកស្រី​យក​ថង់​ប្លា​ស្ទិ​កមួយ​ដែល​ព្យួរ​នៅ​នឹង​ជើង​សរសរ​ហាង រួច​ដាក់​ថង់​នោះ​ចុះ​។ នៅក្នុង​ថង់​នោះ​មាន​កំប៉ុង​ប្រមាណ​ប្រាំ​ទៅ​ប្រាំពីរ​។​អ្នកស្រី​យក​កំប៉ុង​ថ្នាំ​ពណ៌​ខ្មៅ​បាញ់​ទៅលើ​ដូង​បី ដែល​ព្យួរ​ជាមួយនឹង​ខ្សែ​ពណ៌​លឿង​។  ដូង​ដែលមាន​ពណ៌​ត្នោត​ទាំងបី​បានក្លាយ​ទៅជា​ដូង​ពណ៌​ខ្មៅ​។  ហើយ​អ្នកស្រី​ទុក​ដូង​ទាំងនោះ​ឲ្យ​ស្ងួត​បន្តិច​។​
 
​ក្រោយមក​អ្នកស្រី​យក​កំប៉ុង​ថ្នាំ​ពណ៌​លឿង​បាញ់​ជា​រាង​ឆ្នូត​ធំៗ​បន្ថែម​ទៅលើ​ដូង​ទាំងបី​ផងដែរ​។​ចុងក្រោយ​អ្នកស្រី​យក​កំប៉ុង​ពណ៌​សមក​បាញ់​លើ​ចុង​ម្រាម​ចង្អុលដៃ​ខាងឆ្វេង​របស់​អ្នកស្រី​។  ភ្លាមៗ​នោះ អ្នកស្រី​យក​ម្រាមដៃ​នោះ​ទៅ​ផ្តិត​លើ​ដូង​ទីមួយ​ចំនួន​ពីរ​កន្លែង​។ ចំនុច​ពណ៌​ស​នោះបាន​ក្លាយជា​ភ្នែក​របស់​រូប​សត្វ​ឃ្មុំ​។​
 
​ឥឡូវនេះ​អ្នកស្រី​មាន​ដូង​ដែល​ត្រូវបាន​ផ្គុំ​ជា​រូប​សត្វ​ឃ្មុំ និង​មាន​ពណ៌​ដូច​សត្វ​ឃ្មុំ​។​
 
​រូប​សត្វ​ដែល​អ្នកស្រី​បង្កើត​ពី​ដូងស្តរ​ទាំងនេះ​ត្រូវបាន​អ្នកភូមិ និង​អ្នកដំណើរ​ជាវ​ដើម្បី​ធ្វើជា​គ្រឿង​លម្អ​។​
 
​អ្នកស្រី​និយាយថា​៖ «​អ្នកខ្លះ​គេ​មាន​ភោជនីយដ្ឋាន​អី​ទៅ  [​គេ​ដាក់​]​អន្តេ​ក​អន្តោ​ង​អី​ទៅ ព្រោះ​វា​ប្លែក​ភ្នែក​ដែរ​។ គេ​ឃើញ​យើង​ចេះ​ច្នៃ ចេះ​អី​ទៅ គេ ក៏​ចាប់អារម្មណ៍​ដែរ​»​។​
 
​អ្នកស្រី​ចេះ​ធ្វើ​រូប​សត្វ​ទាំងនេះ​តាម​មិត្តភក្តិ​របស់​អ្នកស្រី ដែល​នៅក្នុង​ភូមិ​ជាមួយគ្នា​។​
 
​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ ពី​ផ្ទះ​របស់​អ្នកស្រី គឺជា​ផ្ទះ​របស់​អ្នកស្រី​សំ សម្ផស្ស ដែលមាន​វ័យ​២៩​ឆ្នាំ​។​អ្នកស្រី​សម្ផស្ស​គឺជា​មេផ្ទះ​។ អ្នកស្រី​គឺជា​អ្នក​បង្ហាញ​អ្នកស្រី​ឆន ចំរើន​ឲ្យ​ចេះ​ធ្វើ​រូប​សត្វ​ដោយ​ប្រើ​ផ្លែ​ដូងស្តរ​។​


អ្នកស្រី​ សំ សម្ផស្ស​ អង្គុយធ្វើរូបសត្វ​ពី​ផ្លែដូង​ស្តរ​។ រូប​សត្វ​មួយ​ អ្នកស្រី​អាច​លក់បាន​ក្នុងតម្លៃ​ប្រមាណ​ ១ម៉ឺន​រៀល​ ទៅ​១ម៉ឺន៥ពាន់​រៀល នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ផន​ បុប្ផា/វីអូអេ)
 
​ប៉ុន្តែ​ខុសពី​មិត្ត​របស់​អ្នកស្រី  អ្នកស្រី​ស​ម្ជ​ស្ស​ប្រើពេល​ប្រហែល ១៥​នាទី​ប៉ុណ្ណោះ​ក្នុងការ​បង្កើត​រូប​សត្វ​នីមួយៗ  ខណៈ អ្នកស្រី​ឆន ចំរើន​ប្រើពេល​ពីរដង​ច្រើនជាង​អ្នកស្រី​។​
 
​ភាពខុសគ្នា​នេះ​គឺ​ដោយសារតែ​អ្នកស្រី​សំ សម្ផស្ស​ចាប់ផ្តើម​ធ្វើ​រូប​ទាំងនេះ បី​ខែ​មុន​អ្នកស្រី​ចំរើន​។​
 
«​ពីរ​បី​ខែ​នេះឯង​! [​កូន​]​ក៏​ទារ ក៏​ធ្វើ​ឲ្យ​កូន​លេង ធ្វើ​ឲ្យ​កូន​លេង ហើយ​គេ​សុំ​រៀន​ត ទៅ [​ខ្ញុំ​]​ក៏​បង្គាប់​គេ​ផង​»​។​


លោក​ នួន​ សង​ ស្វាមី​របស់​អ្នកស្រី​ សំ​ សម្ផស្ស​ ដែល​ចេះ​ធ្វើ​រូបសត្វ​ពី​ដូងស្តរ​ ដោយ​ការចង​ចាំ​របស់​លោក​ កាលពី​ឃើញ​ទំរង់​រូបសត្វ​ដែល​គេធ្វើដាក់តាំងលេង​នៅ​ប្រទេសថៃនៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ​២០២០។ (ខាន់​ សុគុំមនោ​/វីអូអេ)
 
​លោក នួន សង វ័យ ២៨​ឆ្នាំ​ដែល​ធ្លាប់ធ្វើ​ជាជាង​សំណង់​នៅ​ប្រទេស​ថៃ​រយៈពេល ៦​ខែ​កាលពី​ឆ្នាំ ២០១៣ គឺជា​ប្តី​របស់ អ្នកស្រី សំ សម្ផស្ស​។ លោក​គឺជា​អ្នក​បង្រៀន​អ្នកស្រី​ឲ្យ​ចេះ​ធ្វើ​រូប​សត្វ​ទាំងនេះ​។​
 
​លោក​យក​ដូង​ច្នៃ​ធ្វើជា​រូប​សត្វ បន្ទាប់ពី​កូនប្រុស​របស់លោក​ទារ​របស់​លេង​ជា​លើកទីមួយ​កាលពី​ជាង​ប្រាំមួយ​ឆ្នាំមុន​។  ដោយ​ចងចាំ​ពី​ទំរង់​សត្វ​ដែល​លោក​បានឃើញ​លោក​ក៏បាន​ធ្វើ​សត្វ​នេះ​ឲ្យ​កូនលោក​។​
 
«​ទៅ​ថៃ​ទៅ​ឃើញ​ថៃ​គេ​...​ទៅធ្វើ​ការ​ទៅ​មាន​ឃើញ​។ ខ្ញុំ​មក​ផ្ទះ​វិញ​ឃើញ​មាន​ដូងស្ត​រដែរ ខ្ញុំ​ធ្វើ​សាកមើល​។ ធ្វើ​សាកមើល​ខ្ញុំ​ផ្គុំ​ទៅ​កើត​[​រូប​ជាស​ត្វ​]​។ លើក​មុន​ខ្ញុំ​អត់​មាន​ដាក់​ជើង​កៅស៊ូ​ហ្នឹង​ទេ​»​។​
 
​កាលពី​បី​ខែ​មុន​ប្រពន្ធ​របស់លោក​ចាប់ផ្តើម​ធ្វើ​រូប​សត្វ ដោយ​យក​ផ្លែ​ដូង​ទាំងនេះ​មក​ច្នៃ​ម្តងទៀត បន្ទាប់ពី​កូនប្រុស​របស់លោក​ទារ​ចង់​ឲ្យ​ធ្វើ​រូប​សត្វ​ដដែល​។​
 
«​ប្រពន្ធ​របស់ខ្ញុំ​នឹកឃើញ​ធ្វើ​ម្តងទៀត​…. ធ្វើ​ម្តងទៀត​ទៅ [...]​ធ្វើ​ច្រើន​ទៅ​គេ​សុំ​ទិញ​»​។ 
 
​ចាប់ពីពេលនោះ​មក ប្រពន្ធ​របស់លោក​គឺ​អ្នកស្រី​សំ សម្ផស្ស​ក៏​ចាប់ផ្តើម​ធ្វើ​រូប​សត្វ​ទាំងនោះ​ដាក់​ព្យួរ​លក់​មុខផ្ទះ​។​
 
​បើទោះបីជា​ប្តី​របស់​អ្នកស្រី​គឺជា​អ្នក​ចាប់ផ្តើម​យក​ផ្លែ​ដូង​ច្នៃ​ធ្វើជា​រូប​សត្វ​ទាំងនេះ​ក៏ដោយ អ្នកស្រី សម្ផស្ស គឺជា​អ្នក​បន្ថែម​សម្រស់​ទៅ​រូប​សត្វ​ទាំងនោះ​ដោយ​បាញ់ថ្នាំ​ពណ៌​។​
 
​អ្នកស្រី​និយាយថា​៖ «​មុនដំបូង​អត់​បាញ់​ទេ​។​ដល់​នឹក​ឃើញថា អ៊ឹម​... ដោយសារ​គេ​រក  យើង​លក់​ទៅ ហើយក៏​បាញ់​សាកមើល​ទៅណា៎​។ ដល់​បាញ់​ទៅ លក់ដាច់​ដែរ​។  ដល់​នេះ​រួច ក៏​បាញ់​បាញ់ [​ថ្នាំ​]​ទាំងអស់គ្នា ស្អាតៗ​ទៅ​….​បែកគំនិត​នាំគ្នា​ដាក់លក់​»​។​
 
​អ្នកស្រី​ក៏​ផ្ទុះសំណើច​។ 
 
​អ្នកស្រី​និយាយទៀតថា​អ្នកស្រី​ត្រេកអរ ដែល​ការយក​ដូងស្តរ​ធ្វើជា​រូប​សត្វ​នេះ​អាច​ឲ្យ​ក្រុមគ្រួសារ​របស់​អ្នកស្រី​បាន​ប្រាក់កម្រៃ​មួយចំនួន​ពី​ការលក់​រូប​សត្វ​ទាំងនេះ​។​
 
«​ធ្វើ​ឲ្យ​កូន​លេង ប៉ុន្តែ​គេ​មក​ឃើញ​វា​ស្អាត គេ​ធ្វើ​តទៅ ធ្វើ​ដាក់លក់​ទាំងអស់គ្នា​ទៅ​»​។​


អ្នកស្រី​ សំ​ សម្ផស្ស​ (កណ្តាល) អ្នកស្រី ឆន​ ចំរើន​ (ស្តាំ​) និង​បងស្រី​របស់​អ្នកស្រី​ សំ សម្ផស្ស​ កំពុង​អង្គុយ​មើល​អ្នកស្រី​ សម្ផស្ស​ ធ្វើ​រូប​សត្វ​ពី​ដូង​ស្តរ​ នៅ​ភូមិគោក​គ្រើល​ ឃុំ​លាង​ដៃ​ ស្រុកអង្គរ​ធំ​ ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២២ ខែ​កក្កដា​ ឆ្នាំ២០២០។ (ខាន់​ សុគុំមនោ​/វីអូអេ)
 
​អ្នកស្រី សំ សម្ផស្ស​ក៏បាន​បង្រៀន បងស្រី​របស់​អ្នកស្រី មិត្ត​របស់​អ្នកស្រី និង​អ្នកភូមិ​ផ្សេងៗ​ទៀត​ដែល​ចង់​ចេះ​ធ្វើ​សត្វ​ទាំងនេះ​។​
 
​អ្នកស្រី​ងាក​ទៅរក​អ្នកស្រី​ចំរើន​ជា​មិត្តភក្តិ រួច​និយាយថា​៖
 
«​ដូច​ថា គេ​ចង់​រៀន​។ គេ​ឯ​ហ្នេះ​ចង់​រៀន​ទៅ ក៏​បង្គាប់​គេ​ផង​ទៅ​… ក៏​ធ្វើ​ផង លក់​ផង​ទៅ​។ សំខាន់​ឲ្យ​តែ​គេ​រកបាន​លក់ដាច់ ក៏​បង្រៀន ព្រោះ​[​អ្នក​]​ស្រុក​គ្នាឯង​»​។​
 
​បច្ចុប្បន្ន​ការធ្វើ​រូប​សត្វ​នេះ​បាន​ជួយ​ជីវភាព​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ភូមិ​នេះ​។​
 
​អ្នកស្រី​សំ សម្ផស្ស​និយាយថា​៖
 
«​អាច​នឹង​រកចំណូលបាន​ខ្លះៗ​ដែរ​ព្រោះ​ជាប់​កូន យើង​នៅផ្ទះ ទៅរក​អី​មិន​រួច​….​បាន​ចំណូល​ចូល បាន​មួយ​ហូប​ដែរ​»​។​
 
​លោក ឃៀ​ម ឈៀង ជា​មេភូមិ​គោក​គ្រើល​នេះ​។ មេភូមិ​ដែលមាន​វ័យ ៥៦​រូបនេះ​បាន​ប្រាប់​វី​អូ​អេ​ថា​អ្នកភូមិ​លោក​ជា ច្រើន​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ និង​សំណង់ នៅ​ក្រុង​សៀមរាប​បាន​បាត់បង់​ការងារ​ធ្វើ​។​
 
​លោក​និយាយថា​៖
 
«​ក្នុងភូមិ​នេះ​ខ្លះ​ការងារ​សំណង់ ខ្លះ​ការងារ​អូ​តែ​ល  ប៉ុន្តែ​ការងារ​អូ​តែ​ល​គេ​បិទ​ទៅ សម័យ​កូ​វីដ​អ៊ីចឹងទៅ មិនដឹង​ធ្វើ​អី​»​។​
 
​លោក​បន្តថា​អ្នកភូមិ​ប្រឹងរក​របរ​ផ្សេងៗ​ដើម្បី​ចិញ្ចឹមជីវិត និង​សងបំណុល​គេ​។​ឥឡូវ​នៅ​ភូមិ​នេះ​មាន​ប្រជាជន ៦ គ្រួសារ​ដែល​យក​ដូងស្តរ​ធ្វើ​រូប​សត្វ​លក់​។​
 
«​មុនដំបូង​តែមួយ​គ្រួសារ​ទេ​ដល់​ទៅ​ឃើញ​គ្នា​លក់ដាច់ ចេះតែធ្វើៗ​បន្ត​។ ….​ខ្ញុំ​អត់​ចេះ​ធ្វើ​ទេ​។ ខ្ញុំ​អត់​លទ្ធភាព​ធ្វើកើត​។ អ្នកភូមិ​នេះ​គេ​ចេះតែ​ច្នៃ​ធ្វើ​។​ខ្ញុំ​ឆ្ងល់​គេ​ដែរ​!​ហើយ​កូនស្រី​ទៀត​ណា៎  មិនមែន​កូនប្រុស​ឯណា​!»
 
​គ្រួសារ​ដទៃទៀត​ទៅរក​អង្ក្រង​ធ្វើជា​ម្ហូប​លក់​ជា​ក្រឡៗ​។​
 
«​សប្បាយ​នោះឯង ឃើញ​គេ​ធ្វើ​អ៊ីចឹង​។ វា​ដើររក​អី​មិនបាន​ផង​! ហ្នឹង​គ្រាន់​បាន​ទិញ​ម្ហូប​។ សប្បាយចិត្ត​ដែរ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com