សមុទ្រ​ចិន​ខាងត្បូង​៖ លោក ឌូ​ទើ​តេ នៅតែ​ប្រកាន់​ជំហរ​« ពងមាន់​មិនអាច​ជល់​នឹង​ថ្ម​»
អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ លោក ឌូ​ទើ​តេ នៅតែ​ប្រកាន់​ជំហរ​« ពងមាន់​មិនអាច​ជល់​នឹង​ថ្ម​»
28, Jul 2020 , 9:48 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ កំពុងថ្លែងសុន្ទរកថាក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ កំពុងថ្លែងសុន្ទរកថាក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព Xinhua
ដោយ: ថ្មីៗ
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​ថ្នាក់ថ្នម​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ទី​ដែល​ហ្វីលីពីន និង​ប្រទេស​មួយចំនួនទៀត​ទាមទារ​ដែន​អធិបតេយ្យ​ជាមួយ​មហាអំណាច​ចិន​។ លោក ឌូ​ទើ​តេ និយាយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ថា ហ្វីលីពីន មិនអាច​ប្រើ​កម្លាំង​ទៅ​ដណ្ដើម​ដែន​កោះ​របស់ខ្លួន​ដែល​ចិន​កំពុង​គ្រប់គ្រង​បានឡើយ ព្រោះ​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​។ ជំហរ​បែបនេះ ធ្វើ​ឲ្យ​លោក​រង​ការរិះគន់​ខ្លាំង​ពី​អ្នកនយោបាយ​ក្នុងស្រុក​។​

 
​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ប្រើប្រាស់​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅកាន់​ប្រជាជាតិ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែកក្កដា ដើម្បី​ប្រកាស​ជាថ្មី​ជំហរ​របស់​ហ្វីលីពីន​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ តាំងពី​ឡើងកាន់តំណែង​២០១៦ មក លោក ឌូ​ទើ​តេ មាន​ជំហរ​ទន់ភ្លន់​ខ្លាំង​លើ​បញ្ហា​មួយ​នេះ ដោយ​លោក​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា ហ្វីលីពីន គ្មាន​សមត្ថភាព​អ្វី​ទាំងអស់​ដើម្បី​ទៅ​តទល់​នឹង​ចិន​ដែលជា​មហាអំណាច​ពិភពលោក​នោះឡើយ​។ 
 
​ខណៈ​ហ្វីលីពីន​មាន​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​កម្មសិទ្ធិ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន​ហៅថា សមុទ្រ​ខាងលិច​ក្ដី លោក ឌូ​ទើ​តេ នៅតែ​គ្មាន​ផែនការ​ដើម្បី​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ប្រជុំ​កោះ​ដែល​ចិន​កំពុង​ត្រួតត្រា​ដែរ​។ បើតាម​លោក ឌូ​ទើ​តេ មិន​ថា​ប្រើ​កម្លាំងបាយ ឬ​កម្លាំង​អ្វី​ផ្សេង​ឡើយ ហ្វីលីពីន មិនអាច​ចូល​គ្រប់គ្រង​ទឹកដី​ទាំងនោះ​បានឡើយ ដ្បិត​វា​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​រវាង​ហ្វីលីពីន និង​ចិន ហើយ​ហ្វីលីពីន​នឹងត្រូវ​ចិន​បំបាក់​មិន​ខាន​។​
 
«​ឥឡូវ​មាន​អ្នក​រិះគន់​ជាច្រើន​អះអាងថា រដ្ឋាភិបាល​មិនបាន​ធ្វើ​ដើម្បី​យក​សមុទ្រ​ចិន​ខាងត្បូង​មកវិញ​ឡើយ​។ អ្នកដឹង​ទេ ប្រសិនយើង​មិនទាន់​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ទេ យើ​ងគួរ​ផ្អាក​សិន​ទៅ​។ ចិន​ក៏​ទាមទារ​។ យើង​ក៏​ទាមទារ​។ ចិន​មាន​អាវុធ​។ យើង​អត់​មាន​ផង​។​» នេះ​ជាការ​លើកឡើង​របស់លោក ឌូ​ទើ​តេ ដែល​បន្តថា លោក​មិនអាច​អូស​ហ្វីលីពីន​ទៅធ្វើ​សង្គ្រាម​ជាមួយ​ចិន​បានឡើយ ហើយ​ទុក​ឲ្យ​ប្រធានាធិបតី​ផ្សេង​ធ្វើ​ចុះ​។ 
 
​បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​និយាយ​ត្រង់ៗ​ទៀតថា និយាយ​ដល់​រឿង​សមុទ្រ​ចិន​ខាងត្បូង​នេះ លោក​សារភាពថា លោក​មិនបានការ​ឡើយ​។​
 
​តាមពិតទៅ លោក ឌូ​ទើ​តេ រង​ការរិះគន់​ខ្លាំង​រឿង​ជំហរ​មិន​ទាមទារ​ទឹកដី​ព្រោះ​ខ្លាច​សង្គ្រាម​នេះ​។ មន្ត្រី និង​អតីតមន្ត្រី​ហ្វីលីពីន​ជាច្រើន មិន​ពេញ​ចិត្តនឹង​ហេតុផល​បែបនេះ​ឡើយ ព្រោះ​ហ្វីលីពីន​មាន​សិទ្ធិ​ដើម្បី​ទាមទារ​អ្វី​ដែលជា​របស់ខ្លួន​។ លោក Antonio Carpio អតីត​ចៅក្រម​តុលាការ​កំពូល​ហ្វីលីពីន ជា​អ្នក​ចេញមុខ​រិះគន់​លោក ឌូ​ទើ​តេ ខ្លាំងជាងគេ​។ លោក​ចាត់ទុក​មូលហេតុ​ខាងលើ ជាការ​បន្លាច​ប្រជាជន​ហ្វីលីពីន​តែប៉ុណ្ណោះ​។​
 
​ប្រាំ​ឆ្នាំ​មកនេះ ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់លោក ឌូ​ទើ​តេ ងាក​ទៅរក​ចិន​ខ្លាំង ហើយ​បែរខ្នង​ដាក់​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ​។ ដោយសារ​ចង់បាន​ទំនាក់ទំនង​ជិតស្និទ្ធ​នេះ រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ក៏​មិនសូវ​ធ្វើ​សកម្ម​ភាពខ្លាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ ដោយបាន​ត្រឹម​ចេញ​សេចក្ដីថ្លែងការណ៍​ម្ដងម្កាល​ប៉ុណ្ណោះ​៕
 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com