កីឡាអន្តរជាតិ
អន្តរជាតិ
Sir Alex៖ សក្តិសមបំផុត ដែល Klopp ជាប់ជាអ្នកចាត់ការឆ្នើមប្រចាំឆ្នាំ
× លោក Jurgen Klopp ជាប់ជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំឆ្នាំ LMA awards ក្រោយជួយ Liverpool ឈ្នះពាន Premier League ប្រចាំរដូវកាល ២០១៩-២០។ អតីតអ្នកចាត់ការឆ្នើម Manchester United លោក Sir Alex Ferguson អះអាងថា ពាននេះសក្តិសមបំផុតសម្រាប់លោក Klopp។
ក្រោយឡើងទៅដឹកនាំក្រុមចំនួន៥រដូវកាល អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់បានជួយហង្សក្រហមឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន (២០១៨-១៩) និងលើកពានក្របខណ្ឌកំពូលអង់គ្លេសរដូវកាលនេះ ដែលជាការទទួលបានលើកដំបូងរបស់ក្លិបក្នុងរយៈពេល៣០ឆ្នាំ។
Liverpool រកបាន៩៩ពិន្ទុ ដើម្បីក្លាយជាម្ចាស់ពាន Premier League ដោយនាំមុខគូប្រជែង Manchester City ដល់ទៅ១៨ពិន្ទុ។ ដោយសារសមិទ្ធផលទាំងខាងលើ សមាគមអ្នកចាត់ការទូទៅលីគនៅអង់គ្លេស (LMA) បានសម្រេចផ្តល់ពានអ្នកចាត់ការទូទៅល្អបំផុតទៅលោក Klopp តែម្តង។
ក្នុងការប្រកាសជ័យលាភីអ្នកឈ្នះ LMA នៅលើកញ្ចក់ទូរទស្សន៍ Sky Sports អតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Sir Alex Ferguson ដែលជាអ្នកផ្តល់ពាននេះ បាននិយាយថា លោក Klopp សក្តិសមនឹងទទួលបានពាននេះបំផុត។ បុរសវ័យ៧៨ឆ្នាំ ដែលបានជួយ Man Utd ជោគជ័យបំផុតអំឡុងពេលលោកដឹកនាំ ថែមទាំងសរសើរកម្រិតនៃការដឹកនាំរបស់ Klopp ក្នុងការជួយ Liverpool កើនដល់កំពូលមួយ។
«ខ្ញុំនឹងអភ័យទោសឲ្យអ្នកដែលបានហៅខ្ញុំនៅម៉ោង ៣ ព្រឹក ដើម្បីប្រាប់ខ្ញុំថាអ្នកចាត់ការ Liverpool បានឈ្នះពាននេះ សូមអរគុណ!»។ Sir Alex បន្ថែមដូច្នេះ។
សម្រាប់លោក Klopp វិញ ក្រោយទទួលបានការតែងតាំងជាអ្នកចាត់ការល្អបំផុត លោកបានបង្ហាញភាពរីករាយដោយរៀបរាប់ថា៖« ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបាន ជាប់ជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំឆ្នាំរបស់ LMA ដែលជាពានដ៏អស្ចារ្យរបស់លោក Sir Alex Ferguson ដែលលោកជាបុរសម្នាក់ដែលខ្ញុំកោតសរសើរខ្លាំងខ្លាំងបំផុត»។
Sir Alex ទទួលបានពាននេះច្រើនជាងគេដល់ទៅ៥លើក ខណៈកាលពីរដូវកាលមុន លោក Chris Wilder អ្នកចាត់ការទូទៅក្រុម Sheffield United ជាអ្នកទទួលបានពាន LMA នេះ៕
Tag:
Jurgen Klopp
LMA
Premier League
Sir Alex Ferguson
© រក្សាសិទ្ធិដោយ thmeythmey.com