ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងផ្ដល់ប្រយោជន៍បន្ថែមទៀតដល់កម្ពុជា លើពីអ្វីដែលចិន ផ្ដល់ដល់អាស៊ានកន្លងមក។ នេះបើតាមលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម។
ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA ) នាព្រឹកថ្ងៃទី២៨ កក្កដានេះ លោក សុខ សុភ័ក្រ បានបញ្ជាក់ថា ចិនបានផ្ដល់ឱ្យកម្ពុជា នូវទំនិញ៣៤០មុខ ដែលអនុគ្រោះពន្ធ៩៥ភាគរយ ឬមិនគិតពន្ធតែម្ដង។ បានន័យថា ទំនិញទាំងនោះ ភាគច្រើនបង់ពន្ធនាំចូលទីផ្សារចិនតែ៥ភាគរយ។
ត្រង់ចំណុចនេះលោក សុខ សុភ័ក្រ បានលើកជាឧទាហរណ៍ថា ម្រេចកម្ពុជា ដែលត្រូវបង់ពន្ធ២០ភាគរយ កាលពីមុននោះ គឺមិនត្រូវបង់ពន្ធទៀតនោះទេ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាធរមាន។ ក្រៅពីម្រេច ក៏មានផ្លែឈើ ត្រី សាច់ និងប្រភេទសត្វសមុទ្រផ្សេងទៀត ក៏រួចពន្ធផងដែរ។
ចំណែកមុខទំនិញ ដែលចិនគិតពន្ធពីកកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។ មូលហេតុដែលចិន គិតពន្ធលើមុខទំនិញទាំងនេះ ដោយសារចិន មិនចង់ឱ្យការនាំចូលទីផ្សារខ្លួន ប៉ះពាល់ផលិតផលក្នុងស្រុក។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលអះអាងថា ការគិតពន្ធលើមុខទំនិញទាំងនេះ មិនមែនជាបញ្ហាដល់កម្ពុជាទេ ព្រោះកម្ពុជាមិនមែនជាប្រទេសផលិតសម្ភារទាំងនោះ។
តាមរយៈកិច្ចព្រមព្រៀងនេះ វាក៏មិនបានប៉ះពាល់ដល់សហគ្រិនធុនតូច និងមធ្យម (SME) នោះដែរ ប៉ុន្តែវាជាការពង្រឹងសមត្ថភាព SME ក្នុងការប្រកួតប្រជែងទៅវិញ។ ជាពិសេសការធ្វើពិពិធកម្មពាណិជ្ជកម្ម សម្រាប់ការនាំចេញ។ បើតាមលោក សុខ សុភ័ក្រ ក្រុមការងារក្រសួង នឹងចុះទៅជួយ SME ពីរបៀបផលិតនាំចេញទៅប្រទេសចិន។
រីឯកម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជាបានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និងគ្រឿងចក្រធំជាដើម។
កន្លងមក ចិនក៏បានអនុគ្រោះដល់ ទីផ្សារដល់ប្រទេសក្នុងតំបន់អាស៊ានដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន-ចិន។
កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញទៅចិន មានទំហំទឹកប្រាក់ជាង ១០០០លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាវិញ ជាង៦០០០លានដុល្លារ។ ទំនិញដែលកម្ពុជា នាំទៅទីផ្សារចិន ភាគច្រើន ជាប្រភេទផលិតផលកសិកម្ម ឯចិននាំមកកម្ពុជា ភាគច្រើនជាសម្ភារបច្ចេកទេស គ្រឿងបន្លាស់ និងគ្រឿងចក្រធំ។ នេះបើតាមការបញ្ជាក់របស់លោក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម៕