អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុងអ៊ុន ថា ឧបទ្វីបកូរ៉េគ្មានសង្គ្រាមទៀតឡើយ ព្រោះកូរ៉េខាងជើងមាននុយក្លេអ៊ែរ
28, Jul 2020 , 1:30 pm        
រូបភាព
ដោយ:
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា អាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត ហើយបញ្ចៀសសង្រ្គាមមិនឲ្យកើតឡើងផងដែរ។ លោកនិយាយបែបនេះក្នុងពិធីរំលឹកខួបទី៦៧ឆ្នាំនៃការបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០-១៩៥៣។



«យើងបានក្លាយទៅជាប្រទេសដែលអាចការពារខ្លួនឯងប្រឈមទៅនឹងសម្ពាធគ្រប់បែបយ៉ាង និងការគំរាមដោយយោធាពីប្រទេសចក្រពត្តិនិយម និងកម្លាំងអមិត្ត»។  នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ក្នុងពិធីថ្នាក់ជាតិរំឭកដល់ការចុះហត្ថលេខាបទឈប់បាញ់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបញ្ចប់ការប្រយុទ្ធគ្នានៅឧបទ្វីបកូរ៉េ ដែលឆាបឆេះតាំងពីឆ្នាំ១៩៥០។

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះបានបន្ថែមទៀតថា ក្នុងកាលៈទេសៈបច្ចុប្បន្ន គ្មានប្រទេសណាហ៊ានមើលស្រាលកូរ៉េខាងជើងទៀតឡើយ ហើយបើសិនជាមាន ប្រទេសនោះនឹងត្រូវខាតបង់យ៉ាងសម្បើម។ លោក គីម បានអះអាងថា សម្ពាធពីប្រទេសដទៃ ជាហេតុផលដែលកូរ៉េខាងជើងស្វះស្វែងបង្កើតកម្មវិធីនុយក្លេអ៊ែរ ហើយដែលលោកជឿថា ពេលនេះវាបានជួយកូរ៉េខាងជើងពីការប្រឈមមុខការឈ្លានពានពីខាងក្រៅ។

«ដោយសារសមត្ថភាពអាវុធនុយក្លេអ៊ែរដែលអាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាព គ្មានទៀតឡើយសង្រ្គាមនៅលើទឹកដីនេះ ហើយអនាគត និងសន្តិសុខជាតិរបស់យើង ត្រូវបានធានាអចិន្ត្រៃយ៍។» នេះជាការបញ្ជាក់របស់លោក គីម ដែលផ្សាយដោយ KCNA ។

សុន្ទរកថារបស់លោក គីម នៅថ្ងៃបញ្ចប់ជម្លោះដែលមានទាំងការអួតអាងអាវុធនុយក្លេអ៊ែរនេះ ធ្វើឡើងក្នុងបរិបទមួយដែលដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅនឹងថ្កល់។ ជំនួបបីដងរវាងលោក គីម  និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មិនបានដោះស្រាយបញ្ហារ៉ាំរ៉ៃមួយនេះឡើយ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងបានបន្តធ្វើតេស្តមីស៊ីលរយៈចំងាយមធ្យម និងមីស៊ីលបាញ់ចេញពីនាវាមុជទឹកជាច្រើនលើកច្រើនសារផងដែរ។

បន្ថែមពីនេះ ទំនាក់ទំនងរវាងកូរ៉េប្រទេសកូរ៉េទាំងពីរ ក៏កំពុងត្រដាប់ត្រដួសដោយសារតែបញ្ហាបាចខិត្តបណ្ណដែលឈានដល់ការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ។

សូមបញ្ជាក់ផងដែរថា បទឈប់បាញ់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ត្រូវបានចុះហត្ថលេខាដោយមានអាមេរិកដែលតំណាងកងទ័ពអង្គការសហប្រជាជាតិ កូរ៉េខាងជើង និងចិន។ បន្ថែមពីលើការផ្អាកការប្រយុទ្ធ បទឈប់បាញ់នេះ ក៏រាប់បញ្ចូលការដោះដូរអ្នកទោស និងការប្ដេជ្ញាចិត្តចរចាដើម្បីសម្រេចឲ្យបានសន្ធិសញ្ញាបញ្ចប់សង្រ្គាម។ មកទល់ពេលនេះ គ្មានសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការឡើយ។បានន័យថា កូរ៉េទាំង២កំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយគ្នាដដែល៕

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com