កំពុងជួបប្រទះបញ្ហារលាកអញ្ចាញធ្មេញមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការទប់ទល់បញ្ហារលាកអញ្ចាញធ្មេញ ៖
១. ខ្ពុរមាត់ជាមួយទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចកូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះនៅពេលព្រឹកនិងល្ងាច។
២. ទឹកក្រូចឆ្មារស្រស់
ច្របាច់យកទឹកក្រូចឆ្មារ ១ ផ្លែ លាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះភ្លាមៗក្រោយពេលដុសសម្អាតធ្មេញរួចនៅពេលព្រឹកនិងយប់។
៣. ជីអង្កាម
លាងស្លឹកជីអង្កាមប៉ុន្មានស្លឹក រួចបុកកំទេច ហើយបង់ចូលក្នុងទឹកធម្មតា ១ កែវ។ ត្រាំទុកប៉ុន្មាននាទីសិន សឹមប្រើប្រាស់ទឹកល្បាយនេះខ្ពុរសម្អាតមាត់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។
៤. ស្លឹកត្របែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងស្លឹកត្របែកមួយចំនួនឱ្យស្អាត រួចទំពារវាក្នុងមាត់សម្រាប់រយៈពេលប៉ុន្មានវិនាទី។ ខ្ជាក់ចេញជាការស្រេច។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
៥. ប្រើប្រាស់កញ្ចប់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។
៦. ម្សៅ Baking soda
លាយម្សៅ Baking soda ១ ចុងស្លាបព្រាកាហ្វេជាមួយទឹកធម្មតាប៉ុន្មានដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើអញ្ចាញនិងទុកចោលសម្រាប់រយៈពេល ២ នាទីសិន សឹមខ្ពុរមាត់សម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៧. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបលើអញ្ចាញ។ ទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទីសិន សឹមខ្ពុរមាត់សម្អាតចេញជាមួយទឹកធម្មតា។
៨. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើអញ្ចាញដែលមានបញ្ហានិងទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមខ្ពុរសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។
៩. ទឹកឃ្មុំ
លាងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗ រួចប្រើប្រាស់ទឹកឃ្មុំលាបម៉ាស្សាលើអញ្ចាញសម្រាប់រយៈពេល ១០ នាទីរាល់ព្រឹក។ ប៉ុន្តែត្រូវប្រាកដថាអ្នកលាបទឹកឃ្មុំលើអញ្ចាញមិនមែនធ្មេញ ពិសេសប្រសិនបើអ្នកមានបញ្ហាដង្កូវស៊ីធ្មេញ៕
ត្រួតពិនិត្យដោយ www.health.com.kh