ជាតិ
សង្គមជាតិ
ព្យួរការងារ​ស្នងការរង​ព្រៃវែង និង​នគរបាល​៦​នាក់​ដែល​ទារលុយ​ពី​ឪពុកម្តាយ​របស់​អ្នក​សេព​គ្រឿងញៀន​
28, Jul 2020 , 2:29 pm        
រូបភាព
លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង (អង្គុយនៅក្បាលតុ) ពេលដឹកនាំមន្រ្តី ចុះទៅជួបឪពុកម្តាយរបស់អ្នកសេពគ្រឿងញៀន នៅសាលាឃុំមេសរប្រចាន់ ដើម្បីសុំទោសឪពុកម្តាយទាំងនោះ ចំពោះទង្វើរបស់មន្រ្តីនគរបាល ដែលទារលុយពីពួកគាត់ ជាថ្នូរនឹងការដោះលែងកូនៗរបស់ពួកគាត់
លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង (អង្គុយនៅក្បាលតុ) ពេលដឹកនាំមន្រ្តី ចុះទៅជួបឪពុកម្តាយរបស់អ្នកសេពគ្រឿងញៀន នៅសាលាឃុំមេសរប្រចាន់ ដើម្បីសុំទោសឪពុកម្តាយទាំងនោះ ចំពោះទង្វើរបស់មន្រ្តីនគរបាល ដែលទារលុយពីពួកគាត់ ជាថ្នូរនឹងការដោះលែងកូនៗរបស់ពួកគាត់
​ស្នងការរង​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រួមទាំង​ប្រធាន អនុប្រធាន និង នគរបាល​៤​នាក់​ទៀត ក្នុង​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ត្រូវ​ព្យួរការងារ​បណ្តោះអាសន្ន ក្រោយ​ពួកគេ សហការគ្នា​ទារលុយ​ពី​បណ្តា​អាណាព្យាបាល​របស់​អ្នក​សេព​គ្រឿងញៀន​៦​នាក់ ជា​ខ្មែរ​-​អ៊ិ​ស្លាម ហើយក៏​ដោះលែង​អ្នក​សេព​គ្រឿងញៀន​ទាំង​៦​នាក់​នោះ​វិញ​។



​លោក ព្រុំ សន្ធរ ស្នងការ​ខេត្តព្រៃវែង ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ថា ក្រៅពី​ព្យួរការងារ នគរបាល​ទាំង​៧​នាក់​នោះ នឹងត្រូវ​រង​ពិន័យ​ផ្សេងទៀត​។ លោក មានប្រសាសន៍ថា​៖«​អ្នក​សេព​គ្រឿងញៀន យើង​ចាត់ទុកជា​ជនរងគ្រោះ ដែល​ត្រូវ​យកទៅ​អប់រំ ហើយ​ដោះលែង​វិញ [​ពេល​បន្សាប​គ្រឿងញៀន​រួច​]​។ យើង មិនត្រូវ​ទារលុយ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ទេ​»​។​
 
​យ៉ាងណាក៏ដោយ លោកស្នងការ មិន​បញ្ចេញ​ឈ្មោះ​របស់​ស្នងការរង និង​នគរបាល​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន​ទាំង​៦​នាក់​ទៀត​នោះទេ​។ ចំណែក ចំនួន​ថវិកា ដែល​នគរបាល​ទាំង​៧​នាក់ ទារ​ពី​ឪពុកម្តាយ​របស់​អ្នក​សេព​គ្រឿងញៀន លោកស្នងការ អះអាងថា មិនបាន​ចាំ​ឡើយ ទាល់តែ​មើល​របាយការណ៍​។ 
 
​មន្ត្រីនគរបាល​ទាំង​៧​នាក់ បាន​ចុះទៅ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ហើយក៏​ចាប់បាន​មនុស្ស​៦​នាក់​ជា​ខ្មែរ​-​អ៊ិ​ស្លាម ដែលជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។ គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ សរសេរថា ក្រោយ​ចាប់បាន មន្ត្រីនគរបាល​ទាំង​៧​នាក់ បាន​ដោះលែង​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំង​៦​នាក់​នោះ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ជា​ថ្នូរ​នឹង​ការទទួលប្រាក់​ពី​ឪពុកម្តាយ​របស់​ពួកគេ​។​
 
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អ្នកបញ្ជា​ផ្ទាល់ ឲ្យ​ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ទាំង​៧​នាក់​នោះ​។ លើសពីនេះ លោក​អគ្គស្នងការ បញ្ជា​ស្នងការ​ខេត្តព្រៃវែង ឲ្យ​ធ្វើជា​តំណាង​របស់លោក ចុះទៅ​សុំទោស​អាណាព្យាបាល​ឬ​ឪពុកម្តាយ​ទាំង​៦​គ្រួសារ​នោះ ចំពោះ​ទង្វើ​ខុស​វិជ្ជាជីវៈ​របស់​មន្ត្រីនគរបាល​ទាំង​៧​នាក់​។ 
 
​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ផ្សាយ​ថា ពេល​ចុះទៅ​សុំទោស លោកស្នងការ ក៏​នាំយក​ថវិកា​ខ្លះ ប្រគល់ជូន​ក្រុមគ្រួសារ​ទាំង​៦​នោះដែរ ដែល​ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ជាមួយគ្នានេះ លោកស្នងការ ស្នើ​ឲ្យ​មេឃុំ មេភូមិ និង​តំណាង​ក្រុមគ្រួសារ បន្ត​អប់រំ​ដល់​ប្រជាពលរដ្ឋ និង សមាជិកគ្រួសារ​ទាំងអស់ ឲ្យ​បញ្ឈប់​ការសេព​គ្រឿងញៀន​។ 
 
​លោកស្នងការ​ខេត្តព្រៃវែង ថ្លែង​ក្នុងឱកាស​នោះ​ថា នគរបាល​ទាំង​៧​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ នឹងត្រូវ​ក្រសួងមហាផ្ទៃ មាន​វិធានការ​និង​ដាក់វិន័យ តាម​វិន័យ​កងកម្លាំង​យ៉ាង​តឹងរឹង​បំផុត​៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com