ជាតិ
រដ្ឋបាលខេត្ត​កំពង់ធំ បូមទឹក​សង្គ្រោះ​ស្រូវ​ជាង ៣​ពាន់​ហិកតា​ដោយសារ​រាំង​ស្ងួ​ត
29, Jul 2020 , 7:59 am        
រូបភាព
ស្រូវកំពង់ធំ
ស្រូវកំពង់ធំ
ដោយ:
​កសិករ​នៅក្នុង​ខេត្តកំពង់ធំ កំពុង​ជួប​ផលប៉ះពាល់​ដោយ​ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ចំនួន ៣ ៣០០​ហិកតា​។ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា បាន​បើក​យុទ្ធនា​ការបូមទឹក​សង្គ្រោះ​ស្រូវ​របស់​ពលរដ្ឋ​ក្នុងស្រុក បារាយណ៍ និង​ស្រុក​តាំងគោក ឲ្យ​បាន​ទាន់ពេលវេលា​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​



 រូបភាពពីរដ្ឋបាលខេត្តកំពង់ធំ

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បានលើកឡើង​នាឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​របស់​កសិករ​ដូច្នេះ​៖   «​យើង​ខិតខំ​រួមគ្នា​ស្វែងរក​ប្រភពទឹក ដើម្បី​រិះរក​មធ្យោបាយ​គ្រប់បែបយ៉ាង​ឲ្យ​អស់​លទ្ធភាព​ដោះស្រាយ​ជូន​ប្រជាកសិករ​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងករណី​គ្មាន​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​»​។ 
 
​ស្របពេល​កូន​រដូវប្រាំង​កើតមាន​នៅក្នុង​រដូវវស្សា បានធ្វើអោយ​ប្រភពទឹក និង​ប្រឡាយទឹក​មេ​មួយចំនួន​ត្រូវបាន​គោក ហួតហែង ដែលជា​ឧបសគ្គ​ក្នុង​ការធ្វើអន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ដែល​នៅជាប់​តំបន់​នោះ​។​
 
​ដោយឡែក នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០២០ ក្នុងឱកាស​ចូលរួម​ក​ម្ម​វិធី «​បិទ​យុទ្ធនា​ការបូមទឹក​ជួយសង្គ្រោះ​ស្រូវ ប្រជាពលរដ្ឋ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​» លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ចុះជួយ​ខេត្តកំពង់ធំ បានស្នើ​ឱ្យ​ក្រុមការងារ​ទាំងអស់​បន្ត​តាមដាន និង​អន្តរាគមន៍​ដោះស្រាយ​ទឹក បូមទឹក ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ពិសេស​នៅតាម​តំបន់​ណា​ដែល​ខ្វះខាត​ទឹក​ខ្លាំង និង​ជួយ​សម្រួល​ស្តារ​ប្រឡាយ​ចាស់​តូចៗ ដើម្បី​នាំ​ទឹក​បញ្ចូល​ស្រែ​របស់​ប្រជាពលរដ្ឋ ជាការ​រួមចំណែក​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ តាមរយៈ​វិស័យ​កសិកម្ម​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕
 


​សកម្មភាពបូបទឹកសង្គ្រោះស្រូវក្នុងខេត្តកំពង់ធំ

© រក្សាសិទ្ធិដោយ thmeythmey.com