អត្ថបទពាណិជ្ជកម្ម
មូលនិធិ​ព្រូ​ដិ​នស៍ បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​របស់ខ្លួន មកដល់ ខេត្តកំពង់ចាម​
28, Jul 2020 , 3:21 pm        
រូបភាព
​កំពង់ចាម ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០៖ មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក បានប្រកាស​នៅថ្ងៃនេះ​ថា មូលនិធិ នឹង​បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ សម្រាប់​កុមារ ឆា ឈី​ង  (Cha-Ching Money Smart Kids)  របស់ខ្លួន មកដល់​ខេត្តកំពង់ចាម​។
 
​សេចក្ដីប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី មូលនិធិ​ព្រូ​ដិ​នស៍ បាន​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ឆ្នាំមុន​ថា ការអនុវត្ត​កម្មវិធី ឆា​-​ឈី​ង នឹងត្រូវ​ពង្រីក​វិសាលភាព រយៈពេល​៣​ឆ្នាំ​ទៀត នៅ​ប្រទេស​កម្ពុជា​។​
 
​កាលពី​ខែសីហា ឆ្នាំ​២០១៧ មូលនិធិ​ព្រូ​ដិ​នស៍  ក៏បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ  ដើម្បី​អនុវត្ត​សាកល្បង​កម្មវិធី​អប់រំ ឆា ឈី​ង ដោយបាន​ជួយ​រៀបចំ​ផែនការ​មេរៀន និង​វគ្គ​បណ្តុះបណ្តាល​សម្រាប់​លោក​គ្រូ អ្នកគ្រូ  ដើម្បីឱ្យ​ពួកគាត់​ជួយ​បង្រៀន​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សំខាន់ៗ ដល់​សិស្សានុសិស្ស​។ ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ខំ​សាលារៀន​ទាំងអស់​ឱ្យ​បិទទ្វារ អាស្រ័យហេតុនេះ​ការអនុវត្ត​កម្មវិធី ឆា ឈី​ង ឱ្យបាន​ពេញលេញ  រួមទាំង​សកម្មភាព​ក្នុង​ថ្នាក់រៀន នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ចាម នឹង​ត្រូវបាន​ពន្យារពេល រហូតដល់​មាន​សេចក្ដីប្រកាស​ជា​ផ្លូវការ ឱ្យ​បើក​សាលារៀន​វិញ​ពី​រដ្ឋាភិបាល​។ 
 
​ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ នៅតាម​សាលារៀន​គោលដៅ អាច​ស្វែងរក​វគ្គ​បណ្ដុះបណ្ដាល និង​កម្មវិធី​អប់រំ ឆា ឈី​ង ដោយ​ខ្លួនឯង តាមរយៈ​វីដេអូ ដែល​ធ្វើឡើង​ដោយ​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ​។ 
 
​កម្មវិធី ឆា​-​ឈី​ង «Cha-Ching Money Smart Kids» គឺជា​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​សម្រាប់​កុមារ អាយុ​ចាប់ពី​៧​ឆ្នាំ ដល់​១២​ឆ្នាំ ដែល​ទទួលបាន​ពានរង្វាន់ និង​ជា​កម្មវិធី​បង្រៀន​ក្មេងៗ អំពី​ជំនាញ​ជា​មូលដ្ឋាន នៃ​ការគ្រប់គ្រង​សាច់ប្រាក់ និង​ដើម្បី​ក្លាយ​អ្នកមាន​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​។ កម្មវិធី​នេះ មាន​តួ​អង្គជា​គំនូ​ជី​វច​ល​ចំនួន​៦​នាក់ ក្នុង​ក្រុម​តន្ត្រី​មួយ ដែល​ផ្សព្វផ្សាយ​ពី​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ចំនួន​៤  រួមមាន​ការរក​លុយ ការ​សន្សំ ការចំណាយ និង​ការបរិច្ចាគ តាមរយៈ​បទ​ចម្រៀង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​បទ​។​


 
​លោកស្រី ស៊ា​ង លក្ខិណា ប្រធាន​ត្រួតពិនិត្យ​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​សាធារណៈ របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា លោកស្រី ពិត​ជាមាន​មោទកភាព ចំពោះ​សមិទ្ធផល​ដែល​កម្មវិធី ឆា ឈី​ង សម្រេចបាន​កន្លងមក  រួមទាំង​ការពង្រីក​វិសាលភាព​នៃ​កម្មវិធី មកដល់​កុមារ​រាប់ពាន់នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។ 
 
​លោកស្រី បាន​មានប្រសាសន៍ថា​៖ «​ក្រោយពី​ទទួលបាន​ជោគជ័យ ក្នុងការ​អនុវត្ត​កម្មវិធី ឆា ឈី​ង (Cha-Ching Money Smart Kids) ក្នុង​រាជធានី​ភ្នំពេញ  និង​ខេត្តកណ្ដាល​រួចមក យើង​ពិត​ជាមាន​សេចក្តី​សោម​ន្ស នឹង​ពង្រីក​វិសាលភាព​កម្មវិធី​នេះ​បន្ថែមទៀត មកដល់​ខេត្តកំពង់ចាម​។ យើង​មាន​ទំនុកចិត្ត​ថា ក្មេងៗ​នៅក្នុង​ខេត្តកំពង់ចាម នឹង​ត្រូវបាន​បំផុសគំនិត​ដោយ​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​នេះ និង​ក្លាយជា​អ្នកមាន​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​។  ដោយមាន​ការគាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ និង​ក្រសួង​អប់រំ យុវជន និង​កីឡា យើង​នឹង​បន្ត​ពង្រីក​កម្មវិធី​នេះ ដើម្បី​ជម្រុញ​ឥរិយាបថ​ក្មេងៗ និង​បង្កើន​ការយល់ដឹង​របស់​ពួកគេ​បន្ថែមទៀត លើ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​មូលដ្ឋាន​»​។​
 
​នាយក​ប្រតិបត្តិ អង្គការ​មូលនិធិ​សិទ្ធិ​កុមារ លោកស្រី គង់ ម៉ា​រ៉ា​ឌី និយាយ​អំពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ និង​របៀប​ដែល​កម្មវិធី​នេះ ជំរុញឱ្យមាន​ការចូល​រួម​ពី​ឪពុកម្តាយ និង​កូនៗ​របស់​ពួកគេ​។​


 
​លោកស្រី បាន​មានប្រសាសន៍ថា​៖ «​តាមរយៈ​កម្មវិធី ឆា ឈី​ង នាង​ខ្ញុំ​ពិតជា​ជឿជាក់ថា កុមារ​កម្ពុជា នឹង​ទទួលបាន​នូវ​ជំនាញ​បំ​ណិ​ន​ជីវិត​ដ៏​ប្រសើរ​មួយ ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​កុមារ និង​គ្រួសារ​ក្នុងការ​ប្រើប្រាស់ និង​គ្រប់គ្រង​ថវិកា​របស់​ពួកគេ ប្រកបដោយ​ភាព​ឆ្លាត​វៃ​…​ហើយ​នាង​ខ្ញុំ​សង្ឃឹមថា ក្រុមការងារ និង​សាលា​គោលដៅ​ទាំងអស់ នឹង​បន្ត​ការចូលរួម​យ៉ាងសកម្ម​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​គម្រោង​កម្មវិធី​នេះ ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន ដូច​ការរំពឹងទុក​ក្នុង​គម្រោង​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មូលនិធិ​ព្រូ​ដិ​នស៍  និង ក្រុមហ៊ុន ព្រូ​ដិ​នស​ស​កម្ពុជា ដែល​បាន​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​នៅ​កម្ពុជា​»​។​
​សម្រាប់​ព័ត៌មាន​បន្ថែម  សូម​ចូលទៅ​កាន់  www.prudencefoundation.com ៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com