COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស សន្យាចាយលុយ២,៦ពាន់លានដុល្លារជំរុញការជិះកង់និងថ្មើរជើង លោក បូរីស ចនសុន កំពុងជិះកង់ ពេលលោកធ្វើជាអភិបាលក្រុងឡុងដ៍នៅឡើយ។ រូបភាព AFP
× នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានសន្យាចំណាយលុយ២,៦ពាន់លានដុល្លារ លើគម្រោងជិះកង់និងការដើរថ្មើរជើង ដើម្បីពង្រឹងសុខភាពសាធារណៈ និងលើកទឹកចិត្តប្រជាជនឲ្យផ្លាស់ប្តូរពីការបើកឡាន អំឡុងវិបត្តិ COVID-19 ។
«ការជិះកង់ និងដើរថ្មើរជើង ដើរតួនាទីយ៉ាងធំធេងក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងសុខភាពធំខ្លះ ដែលយើងជួបប្រទះ»។ លោក បូរីស ចនសុន លើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែកក្កដា ដោយបន្តលើកឡើងពីផលប្រយោជន៍ដូចជា ការជួយប្រជាជនមានសុខភាពល្អ និងមាំមួន កាត់បន្ថយហានិភ័យនៃជំងឺ ហើយការធ្វើឲ្យគុណភាពខ្យល់ល្អប្រសើរ ព្រមទាំងការកាត់បន្ថយការកកស្ទះផងដែរ។
បើតាមលោកនាយករដ្ឋមន្ត្រី គម្រោងដែលមានទឹកប្រាក់ទំហំ២,៦ពាន់លានដុល្លារនេះ គឺរាប់បញ្ចូល ការកសាងផ្លូវសម្រាប់អ្នកជិះកង់រាប់ពាន់គីឡូម៉ែត្រ ការកំណត់ស្ដង់ដារខ្ពស់ជាងមុនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃការជិះកង់ ការបង្កើតមជ្ឈមណ្ឌលទីក្រុងដឹកជញ្ជូនដែលគ្មានការបញ្ចេញផ្សែងពុលយ៉ាងតិចមួយ និងការលើកស្ទួយផលិតកម្មកង់អគ្គិសនី។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលអង់គ្លេស ក៏នឹងផ្ដល់បណ្ណជួសជុលគិតជាទឹកប្រាក់ ៦៤ ដុល្លារនៅជុំទីមួយ នាពេលឆាប់ៗខាងមុខ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋជួសជុលកង់ចាស់ៗរបស់ពួកគេយកមកប្រើប្រាស់។
ទាក់ទិននឹងរឿងសុខភាពដដែលនេះ លោក ចនសុន កាលពីខែមុន បាននិយាយថា ប្រជាជនអង់គ្លេសកាន់តែធាត់ទៅៗ ពោលគឺធាត់ជាងពលរដ្ឋនៅបណ្ដាប្រទេសអឺរ៉ុប ហើយរដ្ឋាភិបាលមានបំណងដោះស្រាយបញ្ហានេះ។
ត្រង់បញ្ហានេះ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេស បានប្រកាសផែនការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មអាហារមានជាតិស្ករច្រើនតាមអនឡាញនិងទូរទស្សន៍មុនម៉ោង៩យប់៕
Tag:
ចក្រភពអង់គ្លេស
បូរីស ចនសុន
ការជិះកង់
ដើរថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com