ជាតិ
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមី​ល មុនី​ពង្ស អតីត​អាកាសយាន​និក​ខ្មែរ ចូល​ទិវង្គត​ក្នុង​ជន្មាយុ​៧៩​ព្រះវស្សា​
28, Jul 2020 , 4:12 pm        
រូបភាព
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​ជូន​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវី​វ​ឌ្ឍ​នា មុនី​ពង្ស ចំពោះ​មរណភាព​នៃ​បិតា​ព្រះអង្គ គឺ​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមី​ល មុនី​ពង្ស កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ Pasteur ក្រុង Colmar រដ្ឋ​អាល់​សាស់ ប្រទេស​បារាំង ក្នុង​ព្រះ​ជន្មាយុ​៧៩​ព្រះវស្សា​។​

 
​ប្រសូត​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៤១ អ្នក​អង្គ​ធ្លាប់បាន​ទៅ​សិក្សា នៅ​សាលា​រាជបណ្ឌិតសភា​អាកាសចរណ៍ ( Royal Air academy ) ឯ​ប្រទេស​បារាំង ហើយ​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ទ្រង់​បាន​ចូល​បម្រើកងទ័ព​ភូមិន្ទ​អាកាសចរណ៍​ខ្មែរ (AVRK) ក្នុង​ឆ្នាំ​១៩៦០ បន្ទាប់មក​នៅ​ឆ្នាំ​១៩៦២ ជា​អ្នករុករក​នាវាមុជទឹក​រង និង​នៅក្នុង​ឆ្នាំ​១៩៧១ ទ្រង់​បានទទួល​តំណែង​ជា​វរសេនីយ៍ទោ កងវរសេនាធំ ក្នុង​ទ័ពអាកាស​ខ្មែរ (KAF) ។ 
 
​នៅ​ឆ្នាំ​១៩៧៣ ជា​អនុព័ន្ធ​ការពារជាតិ​នៅ​ទីក្រុង​ប៉ារីស ក្រោយមក​ចន្លោះ​ឆ្នាំ​១៩៧៤-១៩៧៥ ទ្រង់​ជា​ទីប្រឹក្សាបច្ចេកទេស​នៃ​គណៈប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ ហើយ​ឆ្នាំ ១៩៧៥ ជា​ប្រធាន​បេសកកម្ម​អង្គការ យូណេស្កូ​នៅ​ទីក្រុង ហ្សឺ​ណែវ ។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៣ ទ្រង់​ត្រូវបាន ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ត្រាស់បង្គាប់​ជាទី​ប្រឹក្សា​អម​ព្រះមហាក្សត្រ ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។​


អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ចូល​ថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីឆ្នាំ​២០១៤។ រូបថត Norodomsihanouk.info

​យោងតាម​ឯកសារ​ដែល​ចុះផ្សាយ​នៅលើ http://www.khmerairforce.com/  អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមី​ល មុនី​ពង្ស បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការបាញ់ប្រហារ​ទៅលើ​យន្តហោះ C-47 នៅពេល​ព្រះអង្គ​ទម្លាក់ម្ហូបអាហារ និង​សម្ភារ​សឹក​ជូន​ដល់​កងទ័ព​ដែល​នៅលើ​កោះ ខាងមុខ​ខេត្តក្រចេះ កាលពី​អំឡុង​ឆ្នាំ​១៩៧១​។ 
 
​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមី​ល មុនី​ពង្ស (Sisowath Samyl Monipong) ជា​បុត្រា​នៃ​សម្តេច​ក្រុមហ្លួង ស៊ីសុវត្ថិ មុនី​ពង្ស និង​អ្នក​ម្នាង Andree Lambert ដែលជា​ជនជាតិ​បារាំង​។ ព្រះ​អង្គជា​ព្រះ​នត្តា (​ចៅ​) បង្កើត​នៃ​អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ ស៊ី សុវត្ថិ មុនី​វង្ស​។​
 
​សម្តេច​ក្រុមហ្លួង ស៊ីសុវត្ថិ មុនី​ពង្ស បាន​រៀប​អភិសេក​ចំនួន​៥​លើក ដោយ​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សា​មីល មុនី​ពង្ស ជា​បុត្រ​ច្បង​ក្នុងចំណោម​បុត្រាបុត្រី​សរុប​១៣​នាក់​របស់​ព្រះអង្គ​។​


សម្តេចព្រះមហាក្សត្រី ព្រះកុសុមៈ យាងក្នុងព្រះពិធីអភិសេក​របស់អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស និងព្រះនាង នរោត្តម តារាវត្តី កាលពីថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៦៧។ រូបថត ឯកសារ
 
​អ្នកអង្គម្ចាស់ សាមី​ល បាន​រៀប​អភិសេក​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៦៧ ជាមួយ​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម តា​រាវ​ត្តី ហើយ​បុត្រ​ពីរ​ព្រះអង្គ គឺ​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវី​វ​ឌ្ឍ​នា មុនី​ពង្ស (​ប្រសូត​ឆ្នាំ​១៩៧០) និង​ព្រះ​នាង ស៊ីសុវត្ថិ ឧ​បុល​វ​ត្តី នី​ល​ឡា (​ប្រសូត​នៅ​ឆ្នាំ​១៩៧៣)​។​
 
​ព្រះអង្គ ស៊ីសុវត្ថិ សាមី​ល មុនី​ពង្ស ក៏​ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ជា​ភាសា​បារាំង « Le Royaume de la Panthère Longibande» និង «La Renaissance du Cambodge» ផងដែរ​។​
 
​សកម្មជន ទាំង​ក្នុង​អាជីព ទាំង​ក្នុង​ជីវិត​ឯកជន​របស់​ព្រះអង្គ មាន​ផ្សាយ​ភាគច្រើន​ជា​ភាសា​បារាំង​នៅលើ​គេហទំព័រ http://www.khmerairforce.com/ ក៏ដូចជា​ក្នុង​ប្លក់  Samylmonipong និង Ravisisowath ជាដើម​៕


អ្នកអង្គ​ម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ជាមួយឧត្តមសេនីយ៍បារាំង Maurin ។ រូបថត ឯកសារ


អ្នកអង្គ​ម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស ជាមួយ​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវី​វ​ឌ្ឍ​នា មុនី​ពង្ស ដែល​បុត្រា ហើយបច្ចុប្បន្ន​គង់នៅក្រុងរ៉ូម​ ប្រទេសអ៊ីតាលី។ រូបថត ហ្វេសប៊ុក Ravivaddhana Monipong Sisowath

Tag:
 ស៊ីសុវត្ថិ សាមី​ល មុនី​ពង្ស
© រក្សាសិទ្ធិដោយ thmeythmey.com